ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ហ៊ុន សែន ៖ ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​អាស៊ាន​ ត្រូវ​យកចិត្តទុកដាក់​លើ​ចំណុច​៥

​ភ្នំពេញ​ ៖ ​សម្ដេច​តេ​ជោ​បានលើកឡើង​ពី​ចក្ខុវិស័យ​ប្រកបដោយ​មហិច្ឆតា​ក្នុង​ការកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០២៥​ ដែលជា​សេដ្ឋកិច្ច​មាន​សមាហរណកម្ម និង (Highly Integrated and Cohesive Economy ) ដែល​ចារិក​ដោយ​លក្ខណៈសម្បត្តិ​ចម្បង​៤​យ៉ាង ៖ ទី​១-​ជាទី​ផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​រួម​តែមួយ​, ទី​២-​ជា​តំបន់​ប្រកបដោយ​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​ខ្ពស់​, ទី​៣-​ជា​តំបន់​ដែល​មាន​ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌​, និង​ទី​៤-​ជា​តំបន់​ដែល​ត្រូវបានធ្វើ​សមាហរណកម្ម​ពេញលេញ​ចូលទៅក្នុង​សេដ្ឋកិច្ច​សកល ហើយ​ដែល​ប្រជាជាតិ​ទាំងអស់​មាន​អត្តសញ្ញាណ​ជា​អាស៊ាន​តែមួយ​។​

​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើក​ឡើង​នូវ​ចក្ខុវិស័យ​ទាំងនេះ​ក្នុង​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ចូលរួម​ពិសា​អាហារ​ការងារ នៅ​យប់​ថ្ងៃទី​១៩​ ខែមករា ឆ្នាំ​២០១៧ ធ្វើឡើង​នៅ Central Sporthotel, Saumerstube លើ​ប្រធានបទ «​អាស៊ាន​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ តើ​អាស៊ាន​មានដំណើរ​ទៅមុខទៀត​យ៉ាងដូចម្ដេច​?»​។

កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​ប្រមុខរដ្ឋ​ នៃ​បណ្ដា​ប្រទេស​ជាច្រើន​ ដែល​ក្នុងនោះ​មា​ន​សន្ទរកថា​បើក​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​វៀតណាម កម្មវិធី​សំណួរចម្លើយ​ពី​សំណាក់​តំណាង​សាកល​វិទ្យាល័យ​សិង្ហ​បុរី និង​ក្រុមហ៊ុន​ឯកជន​ចំនួន​៣​ផ្សេងទៀត រួម​ទាំង​មានការ​ចែករំលែក​អំពី​ចំណុច​សំខាន់ៗ ​នៃ​សុន្ទរកថា​របស់​ប្រមុខរដ្ឋ​នីមួយៗ​។​ បន្ទាប់មក​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​បិទ​កម្មវិធី​។​

​សម្ដេច​តេ​ជោ​ បាន​មានប្រសាសន៍​បន្តទៀតថា ​ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​អាស៊ាន​ត្រូវយក​ចិត្ត​ទុក ដាក់​លើ​ចំណុច​មួយ​ចំនួន​រួមមាន ១.​ការ​បន្ត​ពង្រឹង និង​ពង្រីក​សហប្រតិបត្តិការ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​, សុវត្ថិភាព និង​ស្ថិរភាព​យ៉ាង​ពេញលេញ។ ២.​ការ​បន្ត​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​, មាន​តុល្យភាព​, ចីរភាព និង​បរិយាប័ន្ន​។ ៣.​ការបន្ត​ជំរុញ​អនុវត្ត​ឲ្យ​បានសម្រេច​តាម​ការគ្រោងទុក​នូវ «​ផែនការ​មេ​ ស្ដីពី​ការ​ ត.ភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥»។ ៤.​ការខិតខំ​ជំរុញ​ឲ្យ​សម្រេចបាន​ឆាប់រហ័ស​នូវ «​កិច្ច​ព្រមព្រៀង​ស្ដីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ នៃ​តំបន់​»។ ៥.​ការ​បន្ត​ជំរុញ​លើកកម្ពស់​តួនាទី​ស្នូល​របស់​អាស៊ាន​នៅក្នុង​កិច្ចសហប្រតិបត្តិការ​តំបន់ និង​ការ​ពង្រឹង​សមត្ថភាព​រ​បស់​អាស៊ាន​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ទាំង​ក្នុង​កម្រិត​តំបន់ ទាំង​ក្នុង​កម្រិត​សាកល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114