ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេជោ ៖​ បញ្ហា​ប្រឈម​ធំ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​គឺ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ (​ប្រទេស​កំពុង​ងើប​ឡើង​) ដូចជា​កម្ពុជា​នោះ​គឺ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ។ សម្តេច​បញ្ជាក់ថា​ហេតុ​ដូចនេះហើយ​បានជា​កម្ពុជា​ចូលរួម​នៅ​ក្នុង​“​មូលនិធិ​ហិរញ្ញវត្ថុ​រួម​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចេរីភាព។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ប្រកាស​ពី​ការចូលរួម​រប ស់​កម្ពុជា​នៅ​ក្នុង​“​មូលនិធិ​ហិរញវត្ថុ​រួម​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចេ​រី​ភាព ”​ដែល​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែមករា នៅមុន​ពិធី​បើក​វេទិកា​សេដ្ឋកិច្ចពិភពលោក​ប្រចាំឆ្នាំ​២០១៧ លើក​ទី​៤៧ នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស ។

ប្រទេស​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​ប្រទេស​ដំបូង​គេ​នៅក្នុង​កម្មវិធី​“​មូលនិធិ​ហិរញវត្ថុ​រួម​ដើម្បី​អភិ វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចេ​រី​ភាព ” ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ធនាគារពិភពលោក​(WB) រួមជាមួយ​អង្គការ​ស​ហ​ប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (OECD) ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ “​បញ្ហា​ប្រឈម​បំផុត​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​(​ប្រទេស​កំពុង​ងើបឡើង​)​គឺ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ។ សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​បន្តថា ​៖ ប្រសិនជា​យើង​ពិនិត្យមើល​គម្រោង​ដែល​បាន​លើកឡើង​ដោយ​ប្រទេស​ធំ​អំពី​ការ​ស្ដារ​ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវ​ស្ពាន​នោះ ​គឺ​មាន​មួយ​គំនរ​ធំ និង ពិនិត្យមើល​សុន្ទរកថា​និង​ផែនទី​ដែល​ថ្លែង​ដោយ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​រីកចម្រើន​នោះ​មាន​ប្រមាណ ២ ទៅ ៣ ឃ្លាំង​ឯណោះ ។ សម្ដេច​តេជោ​បន្ត​ថា​ យើង​គ្រាន់តែ​និយាយ​ទាក់ទង​ជាមួយ​គម្រោង​ផ្លូវ​អាស៊ី មាន​គម្រោង​ផ្លូវ ហាយ វ៉េ​អាស៊ី ហាយវ៉េ​អាស៊ាន និង ផ្លូវដែក​អាស៊ាន សាំង​ហ្គាពូរ គុន​មី​ញ។ ក៏ប៉ុន្តែ​វា​ស្ថិត​នៅត្រង់​ហិរញ្ញប្ប​ទាន​ដែល​ផ្ដល់​ឲ្យ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​វា​នៅឯណា។

សម្ដេច​បាន​បន្ត​ថា​ វា​ជា​ភ័ព្វ​សំណាង​របស់​ប្រទេស​មួយ​ចំនួន ដែល​ប្រទេស​ចិន​បាន​ដាក់​ចេញ​នៅ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ និង មូលនិធិ​ផ្លូវ​សូត្រ ដែល​មាន​ថវិកា​ចំនួន ៤០ ពាន់​លាន​ដុល្លារ​អាមេរិក បន្ថែម​ដោយ​ការ​បង្កើត​ឡើង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ។ តែ​បញ្ហា​នេះ​មិន​គ្រប់គ្រាន់​នោះ​ទេ វា​ទាមទារ​ការចូលរួម​ពី​វិស័យ​ឯកជន សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​គ្រប់គ្រាន់​។ សម្ដេច​តេជោ​បាន​បន្ត​ថា​ដោយ​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ការ​ស្គារ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ហើយ​ទើប​យើង​សម្រេចចិត្ត​ចូលរួម​នៅ​ក្នុង “​មូលនិធិ​ហិរញ្ញវត្ថុ​រួម​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចេរីភាព។ សម្ដេច​បាន​ចាត់​ទូ​កថា​នេះ​ជា​គំរូ​ហិរញ្ញប្បទាន​រួម​មួយ​ដែល​បង្កើត​ឡើងលើ សេណារីយ៉ូ​ឈ្នះ​ឈ្នះ​របស់​យើង។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៅកាន់​អ្នកចូលរួម​ផង​ដែរ​ថា កម្ពុជា​បាន​ចាត់ទុក​អាទិភាព​ចំនួន ៤ សម្រាប់​កិច្ច​អភិវឌ្ឍន៍​ប្រទេសជាតិ​តាំងពី​ឆ្នាំ​១៩៨៧ មក​ម្ល៉េះ ​ហើយ​មកដល់ពេលនេះ​វា​មាន​អាយុកាល​ជិត ៣០ ឆ្នាំ​ហើយ​ ដែល​ក្នុង​នោះ​ទី​១.​ធនធានមនុស្ស ជា​អាទិភាព​មួយ​ដ៏​ចាំបាច់​បំផុត ហើយ​វិស័យ​នេះ​ត្រូវ​បាន​វិស័យ​ឯកជន​ចូលរួម​អភិវឌ្ឍន៍​យ៉ាងសកម្ម ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​មហាវិទ្យាល័យ​រហូតដល់​ជាង ១០០។ ទី​២.​ប្រព័ន្ធ​ធារាសាស្ត្រ ដោយសារ​កម្ពុជា​ជា​ប្រទេស​កសិកម្ម ដូចនេះ​ត្រូវការ​អភិវឌ្ឍ​ធនធាន​ទឹក តែ​វិស័យ​នេះ​នៅ​មិនទាន់​មាន​ការចូលរួម​ពី​វិស័យ​ឯកជន​នៅឡើយ​ទេ ។ ទី​៣. វិស័យ​ថាមពល យើង​បានទទួល​ទុនវិនិយោគ​យ៉ាង​ច្រើន​ពី​វិស័យ​ឯកជន តែ​វា​នៅតែ​មាន​តម្រូវការ​ធំធេង​នៅឡើយ ។ ទី​៤.​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​វិស័យ​នេះ​ក៏​នៅ​មិន​ទាន់​មាន​វិស័យ​ឯកជន​ចូលរួម​នៅឡើយ​ដែរ កន្លងមក​យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​៣ មានការ​កសាង​ព្រលាន​យន្តហោះ​ថ្មី។ ការ​កសាង​ផ្លូវ​ហាយវ៉េ (​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ) និង ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ ព្រំដែន​វៀតណាម ។ ជាមួយនេះ​យើង​ត្រូវការ​ទុន​ធំ​ណាស់​សម្រាប់​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​កម្ពុជា​។

លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អញ្ជើញ​ចុះ​ហត្ថ​លេខា​ចូល​ជា​សមាជិក​នៃ​“​មូលនិធិ​ហិរញ្ញវត្ថុ​រួម​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចេ​រី​ភាព​” ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684