ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​ព័រ​ទុយ​ហ្គា​ល់​ឯកភាព​គ្នា​បង្កើត ឲ្យ​មាន​វេទិកា​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ

ភ្នំពេញ ៖ ការ​ឯកភាព​គ្នា​បង្កើត​ឲ្យ​មាន​វេទិកា​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ឲ្យ​ធុរកិច្ច​ជន និង​វិនិយោគិន​មាន​ពេល​ជួបពិភាក្សា​គ្នា​អំពី​កាលានុវត្តនភាព​លើ​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច​នេះ បានធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក ហ្វ្រ​ង់​ស៊ី​ស្កូ វា​ហ្ស​ប៉ាត​តូ (Francisco Vaz Patto) ឯកអគ្គរដ្ឋទូត​ព័រ​ទុយ​ហ្គា​ល់​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧។

លោក ជុំ សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​ជំនួប​នោះ​ថា នៅ​ក្នុង​ជំនួប​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​ឯកអគ្គ​អគ្គរដ្ឋទូត​ព័រ​ទុយ​ហ្គា​ល់ ក៏បាន​ពិភាក្សា​ផ្លាស់ប្ដូរ​ទាក់ទង​ទៅនឹង​ការពង្រីក​ទំនាក់ទំនង​ចំណងមិត្តភាព ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ហើយ​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​រំលឹក​ឡើងវិញ​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​កើតឡើង​តាំងពី​យូរ​ឡុង​ណាស់​មក​ហើយ គឺ​តាំងពី​ពាណិជ្ជករ សាសនា​គ្រិ​ស្ត សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​ចូល​មក​កម្ពុជា​ក្នុង​អំឡុង​សតវត្សរ៍​ទី​១៥ ហើយ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​បាន​ចាត់ទុក​អ្នកជំនួញ​ព័រ​ទុយ​ហ្គា​ល់​រូបនោះ ថា​ជា​ពាណិជ្ជ​ករទី​១ ដែល​បាន​ចូល​មកដល់​កម្ពុជា។

នៅ​ក្នុង​ជំនួប​នោះ​ដែរ លោក Francisco Vaz Patto បាន​ឯកភាព​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ហើយ​ក៏បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី អំពី​ការ​បង្កើតឡើង​នូវ​ការិយាល័យ​ពាណិជ្ជកម្ម​អម​ស្ថានទូត​នៅ​ប្រទេស​ថៃ ដែល​ការបើក​ការិយាល័យ​ពាណិជ្ជ​កម្មនេះ នឹង​ពិនិត្យ​ផង​ដែរ អំពី​កាលា​នុវត្តភាព សម្រាប់​ការ​បង្កើតឡើង​នូវ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ និង​កម្ពុជា​។ ចំណែក​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ស្វាគមន៍​ផង​ដែរ​ ចំពោះ​ការបង្កើតឡើង​នូវ​ការិយាល័យ​ពាណិជ្ជកម្ម​អម​ស្ថានទូត ព័រ​ទុយ​ហ្គា​ល់​នៅ​ទីក្រុង​បាងកក​នេះ ហើយ​លោក​បាន​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​ពិនិត្យមើល​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ផង​ដែរ ជាពិសេស​ការ​ជំរុញ​ឲ្យ​អ្នក​វិនិយោគិន និង​ពាណិជ្ជករ​របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ចូលមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

លោក ជុំ សុន្ទរី បាន​លើកឡើង​ដែរ​ថា នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ផង​ដែរ អំពី​ការ​បង្កើត​ឲ្យ​មាន​វេទិកា​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ឲ្យ​ធុរកិច្ច​ជន និង​វិនិយោគិន​មាន​ពេល​ជួបពិភាក្សា​គ្នា​អំពី​កាលានុវត្តនភាព សម្រាប់​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ ហើយ​នៅ​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​នេះ​ដែរ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ជូន​ផង​ដែរ អំពី​ការ​ត្រៀម​របស់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ច ប្រជុំ​វេទិកា​ពិភពលោក​សម្រាប់​អាស៊ាន ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ខែឧសភា ឆ្នាំ​២០១៧ ខាងមុខ ដោយ​លោក​បាន​បញ្ជាក់​ថា នោះ​ជា​ឱកាស​មួយ​សម្រាប់​ធុរកិច្ច​ជន​របស់​ព័រ​ទុយ​ហ្គា​ល់​ចូល​មក​ពិនិត្យ​លទ្ធភាព​អំពី​ការ​វិនិយោគ ឬ​រកស៊ី​នៅ​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684