ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ បន្ត​សវនាការ​សំណុំរឿង​ឃាតកម្ម​ លោក​ឧកញ៉ា​ អ៊ឹង ម៉េង​ជឺ​ ដោយ​អវត្តមាន​ ថោង សារ៉ាត់​

ភ្នំពេញ ៖ នា​វេលា​ម៉ោង​១០​ព្រឹក ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៧ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​បន្ត​បើកសវនាការ​លើ​សំណុំរឿង​ឃាតកម្ម​ឧកញ៉ា​ អ៊ឹង ម៉េង​ជឺ ​ដោយ​ពុំ​មាន​វត្តមាន​ជនជាប់ចោទ​ ថោង សារ៉ាត់ ​ទេ គឺមាន​ក្រុម​អង្គរក្ស​៤​នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវបញ្ជូន​មកឲ្យ​អង្គុយ​ស្ដាប់​ចម្លើយ​សាក្សី​នៅក្នុង​សវនាការ។​

សវនាការ​នា​ព្រឹក​នេះ​ ផ្ដោត​សំខាន់​តែ​លើ​ការសាកសួរ​យក​ចម្លើយ​ពី​សាក្សី​ដែលជា​ប្រពន្ធ​របស់​កង​អង្គរក្ស​ លោក​ ថោង សារ៉ាត់ ​ប៉ុណ្ណោះ។ ចំពោះ​ក្រុម​អង្គរក្ស​ដែល​ជាប់ចោទ​ទាំង​៤​នាក់​ បានផ្ដល់​ចម្លើយ​នៅក្នុង​សវនាការ​​រួចហើយ លើកលែងតែ​ លោក​ ថោង សារ៉ាត់ ម្នាក់​ប៉ុណ្ណោះ​ ដែល​មិនទាន់​ផ្ដល់​ចម្លើយ​នៅ​ចំពោះ​មុខ​ក្នុង​សវនាការ។​

មាន​សាក្សី​ជាង​៦០​នាក់​ដែល​ត្រូវ​ផ្ដល់​ចម្លើយ​ក្នុង​តុលាការ​នៅក្នុង​សំណុំរឿង​ឃាតកម្ម​នេះ ក្នុង​នោះ​មាន​សាក្សី​ខ្លះ​ជា​ឧកញ៉ា មេធាវី សមត្ថកិច្ច ប្រជាពលរដ្ឋ ​និង​ប្រពន្ធ​របស់​ លោក​ ថោង សារ៉ាត់​ ជា​ដើម ដែល​សាក្សី​ខ្លះ​ជា​សាក្សីដោះបន្ទុក ហើយ​សាក្សី​ខ្លះ​ជា​សាក្សី​ដាក់​បន្ទុក។​

ពាក់ព័ន្ធ​នឹង​ករណី​អវត្តមាន​ជន​ជាប់ចោទ ថោង សារ៉ាត់ បើ​តាម​ការផ្ដល់​ព័ត៌មាន​របស់លោក​មេធាវី​ទួត លុច បាន​បញ្ជាក់​ថា​ លោក​ ថោង សារ៉ាត់ ឡើង​សម្ពាធ​ឈាម​ខ្ពស់ ​មិនអាច​ផ្ដល់​ចម្លើយ​ក្នុង​សវនាការ​បានទេ។​

លោក​ ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ​នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114