ព័ត៍មានទាន់​ហេតុការណ៏
Search

ឈប់​ឡាន​មួយ​ភ្លែត​ រវល់​ចង​តង់ ​ចោរលួច​កាបូប​លុយ​បាត់​

​ភ្នំពេញ ៖ រថយន្ដ​ដឹក​អង្ករ​មួយគ្រឿង​ ខណៈដែល​អ្នកបើក​បរ​ឈប់​រថយន្ត​រវល់​តែ​ឡើង​ចង​តង់​លើ​ដំបូល​គ្រប​ ខ្លាច​ភ្លៀង​ទទឹក ស្រាប់​តែមាន​ជនសង្ស័យ គ្នា​២​នាក់​ ជិះ​ម៉ូតូ​មួយគ្រឿង​មក​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ ពី​ក្នុង​កាប៊ីន​បានសម្រេច ​ហើយ​ព្យាយាម​រត់គេចខ្លួន។ ពេលនោះម្ចាស់ឃើញទាន់ ស្រែក​ផ្អើល​កម្លាំង​ប្រជា​ការពារ សមត្ថកិច្ច ដេញតាម​ចាប់ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​បោះ​កាបូប​ចោល បន្ត​រត់គេច​យករួចខ្លួន​ទៅ​បាត់​ យកបាន​តែ​កាបូប​លុយ​មកវិញ​ប៉ុណ្ណោះ តែដោយសា​មិនដឹងថា​សមត្ថកិច្ច​យក​កាបូប​លុយ​បាន​មក​វិញ​ ទើប​ជនរងគ្រោះពីរនាក់​ប្ដី​ប្រពន្ធ​នាំគ្នា​បើកឡាន​ចេញទៅ​បាត់​មិនឃើញ​មក​ដាក់ពាក្យ​បណ្ដឹង​សោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​តាម​ផ្លូវ​វេ​ង​ស្រេង មុខ​ក្រុមហ៊ុន​ដំឡើង​ម៉ូតូ​ហុងដា ​ស្ថិត​ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

ជនរងគ្រោះ មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ អាយុ​ជាង​៣០​ឆ្នាំ និង​រួម​ដំណើរ​ដោយ​ស្ត្រី​ម្នាក់​ដែល​សង្ស័យថា​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា។ ជនរងគ្រោះ មាន​គ្នា​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ ជិះ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពត 3A-0427 ដឹក​អង្ករ​ពេញ​រថយន្ត។​

តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​អង្ករ​ខាងលើ​បើក​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ បាន​ឈប់​ចត​តាម​ចិញ្ចើមផ្លូវ ហើយ​នាំគ្នា​ឡើង​ចង​តង់​គ្រប​អង្ករ​ដោយ​ចំហ​ទ្វារ​កាប៊ីន​រថយន្ត ភ្លេចខ្លួន ស្រាប់តែ មាន​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ម៉ាក ម៉ូតូ​នោះ​អត់​មានកា​បាំង​ត្រឹមត្រូវ​ទេ​ មក​ឈប់​ក្បែរ​រួច​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​លុយ​ពី​ក្នុង​កាប៊ីន​រថយន្ត​បានសម្រេច​ ហើយ​ព្យាយាម​ជិះ​រត់គេច។ ពេលនោះ​ ជនរងគ្រោះក៏​បាន​ស្រែក​ផ្អើល​ប្រជាពលរដ្ឋ កម្លាំង​ប្រជា​ការពារ និង​សមត្ថកិច្ច​ដេញតាម​ចាប់ ប្រផាប់​ប្រ​ភីង​ក្នុងភូមិ​ថ្មគោល ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​បោះ​កាបូប​ចោល ហើយ​បន្ត​រត់​គេចខ្លួនបាត់។​

តាម​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​ សម្ភារៈ​នៅ​ក្នុង​កាបូប​មាន ខ្សែ.​ក មាស​៥​ជី ខ្សែ.ក​ ប្លាទីន​២​ជី លុយ​ខ្មែរ​ចំនួន​១​លាន​រៀល កាត​គ្រី​រថយន្ត អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក និង​សម្ភារៈ​ប្រើប្រាស់​ឯកសារ​មួយចំនួនទៀត។

ក្រោយ​កើតហេតុ ជនរងគ្រោះ មិនទាន់​ឃើញ​មកប្តឹង​នគរបាល​ឡើយ រីឯ​សម្ភារៈ របស់របរ សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ បាន​ត្រឹម​រក្សាទុក រង់ចាំ​ម្ចាស់​​មក​ទទួលយក​វិញ និង​បន្ត​ស្រាវជ្រាវ​រក​ជន​ល្មើស​ប​ន្ថែ​ម​ទៀត។

ទោះជា​យ៉ាងណា​ សមត្ថកិច្ច​ បាន​អំពាវនាវ​ឲ្យ​ម្ចាស់​មកកាន់​ប៉ុស្តិ៍​ចោមចៅ​ ដើម្បី​មក​ដាក់ពាក្យ​បណ្ដឹង​និង​ទទួល​យក​សម្ភារៈ​របស់រប​រ​ទៅវិញ​ផង។

គេ​និយាយ​ថា​ ប្រហែលជា​ជនរងគ្រោះ​មិនដឹងថា​សមត្ថកិច្ច​ដេញ​តាម​យក​បាន​កាបូប​គាត់​មកវិញ​នោះ​ទេ ​ទើប​គាត់​មិន​ខ្ចី​មកកាន់​ប៉ុស្ដិ៍​នគរបាល​ចោមចៅ​នោះ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114