ព័ត៍មានទាន់​ហេតុការណ៏
Search

លោកនេ​ត សាវឿន​ ណែនាំ​ឲ្យ​ស្នងការ រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​សមត្ថភាព​ គុណភាព​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍

ភ្នំពេញ​ ៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​អនុគណៈកម្មការ​ទី​២ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ណែនាំ ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​បន្ត​ពង្រឹង​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​ពង្រឹងសមត្ថភាព គុណភាព លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​ដើម្បី​កាន់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

ការ​ណែនាំ​នេះ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បង្កើន​វិធានការ​រឹតបន្តឹង អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ នៅ​អគ្គស្នងការដ្ឋាន​នគរ បាល​ជាតិ ។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជាក់ដែរ​ថា នាពេល​នេះ បញ្ហា​ដែល​ត្រូវ​ប្រឈម​គឺ ការកើនឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ស្ថានភាព​ចរាចរណ៍ ដូចជា​ការកកស្ទះ​ចរាចរណ៍ ការបាត់​សណ្ដាប់ធ្នាប់ ដូចនេះ​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ជាពិសេស​ការបែងចែក​កងកម្លាំង​ទៅតាម​ពេលវេលា និង​គោលដៅ ឲ្យ​បានច្បាស់លាស់។

ក្នុង​នោះ​ដែរ​ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ណែនាំ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត រួម​នឹង​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ ចុះ​អប់រំ ណែនាំ ជួប​ជាប្រចាំ​ជាមួយ​មុខសញ្ញា​ដែល​ងាយ​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន រថយន្ត​ដឹក​កម្មករ​-​កម្មការិនី រថយន្ត​ដឹក​អ្នកដំណើរ ជាពិសេស​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ណែនាំ​បន្តថា តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​លើ​សមត្ថភាព គុណភាព ជាពិសេស​ការកែប្រែ​ឥរិយាបថ កងកម្លាំង​នគរបាល ប្រសិនបើ​មាន​មន្ត្រីនគរបាល​ណា ដែល​ប្រព្រឹត្តិ​ខុសច្បាប់ ត្រូវអនុវត្ត​ទៅតាម​ច្បាប់​។

តាម​របាយការណ៍​រប​ស់​អនុក​ម្មការ​ទី​២ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ គ្រោះថ្នាក់​បានកើត​ឡើង ១៦៦​លើក (​ពេលយប់ ៥៤%) ក្នុង​មួយថ្ងៃ​មាន​ចំនួន ១១.៨​លើក ស្លាប់​ចំនួន ៨០​នាក់ (​អ្នកជិះ​ម៉ូតូ ៧៨%) ក្នុង​មួយថ្ងៃ​ស្លាប់មាន​ចំនួន ៥.៧​នាក់ របួស​ចំនួន ២៥២​នាក់ ក្នុង​មួយថ្ងៃ​មាន​ចំនួន ១៨​នាក់ ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ គ្រោះថ្នាក់​កើនឡើង ១៩​លើក ស្មើ ១១% ស្លាប់ ៨០​នាក់​ស្មើគ្នា និង​របួស​ថយចុះ ១១៤​នាក់ ស្មើ ៤៥% ។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន​ល្បឿន ៣១% ស្រវឹង ១៣% មិន​គោរព​សិទ្ធ ១៣% (​ការបំពានច្បាប់​) បត់ ១៤% ជែង ១១% (​ការធ្វេសប្រហែស​) មិន​ប្រកាន់​ស្ដាំ ១២% (​ការមិន​យល់ដឹង​ច្បាប់​) ។​

គួរ​បញ្ជាក់​ដែរ​ថា ក្នុងឱកាស​នោះដែរ​ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានប្រគល់​ឧបករណ៍​សម្រាប់​វាស់​ល្បឿន ដល់​នាយកដ្ឋាន និង​បណ្ដាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មួយ​ចំនួន សរុប​ចំនួន ១០ គ្រឿង ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផង​ដែរ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114