ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ផ្តាំ​ទៅ​អង្គការ Global Witness និង​បក្សពួក​ថា ល្មម​ឈប់​ល្ងង់ ឈប់​ឆ្កួត​ទៀត​ទៅ​

ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ស្វី​ស​នោះ បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់​ៗ​ជាមួយ​អង្គការ Global Witness ហើយ​បាន​ផ្តាំ​ទៅ​អង្គការ Global Witness ថា​ល្មម​ឈប់​ល្ងង់ និង​ឈប់​ឆ្កួតៗ​ទៀត​ទៅ ពីព្រោះ​ការ​ធ្វើការ​ជាមួយ​ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី​បែបនេះ គឺជា​ទម្លាប់​ធម្មតា​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​បែបនេះ បន្ទាប់ពី​អង្គការ​អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះថា Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​ប្រតិកម្ម​ចំពោះ​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ស្វី​ស ហើយ​សំណូមពរ​ឲ្យ​អង្គប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស​កុំ​ឲ្យ​កម្ពុជា​ចូលរួម​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​យ៉ាង​ដូច្នេះ​ថា ពិតមែនតែ​ធាតុអាកាស​ត្រជាក់ តែ​ការពិភាក្សា​លើ​កិច្ចសហការ​រវាង​កម្ពុ​ជា​-​ស្វី​ស និង​កម្ពុជា​-​ស៊ុយអែត ពិតជា​កក់ក្តៅ ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​រៀងៗ​ខ្លួន ហើយ​នៅ​ក្នុង​ជំនួប​នោះ សម្តេច​មិន​ភ្លេច​លើកឡើង​អំពី​ជនភៀសខ្លួន​ដែល​រត់គេច​ចេញពី​សង្គ្រាម​នៅ​ម​ជ្ឍិម​បូ​ព៌ាមកកាន់​អឺរ៉ុប ដែលជា​លទ្ធផល​នៃ​បដិវត្តន៍​ពណ៌​នោះទេ​។ សម្តេច​បន្ត​ថា ”​ក្នុងការ​ពិភាក្សា​ជាមួយ​លោកជំទាវ​ប្រធានាធិបតី​ស្វី​ស​យើង​បាន​រួម​គ្នា​រក​វិធី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​បន្ត​ជួយ​ដល់​កុមារ​កម្ពុជា​តទៅទៀតឲ្យកាន់តែ​ប្រសើរ​។

សូម​ផ្តាំ​ទៅ​អង្គការ​ក្លូ​ប​ល​វិច​ណេ​ស និង​បក្សពួក​ល្មម​ឈប់​ល្ងង់ និង​ឆ្កួតៗ​ទៀត​ទៅ​។ ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី គេ​ធ្វើការ​ជាមួយគ្នា​បែបនេះ ដែល​ជា​ទម្លាប់​ធម្មតា​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ​។ បើ​ខួរក្បាល​មិនទាន់​ឡប់ ឬ​ឆ្កួត​ទេ គួរ​ចូល​សាលារៀន​ថែមទៀត​ទៅ កុំមក​ប្រឆាំង​ខ្ញុំ​ទាំង​ឆ្កួត​លីលា​”​។

សូម​បញ្ជាក់ថា អង្គការ​ឃ្លាំមើល​ពិភពលោក គ្លប​ល វី​នេស​(Global Witness) កាលពី​ថ្ងៃ​ពុធ ទី​១៨ ខែមករា ឆ្នាំ​២០១៧ បាន​ចេញ​ផ្សាយ​សេចក្ដីថ្លែងការណ៍​មួយ ដោយបាន​ស្នើ​ឲ្យ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​ក្នុង​ទីក្រុង​ដា​វូ​ស (Davos) ប្រទេស​ស្វី​ស (Switzerland) នា​ខែឧសភា ឆ្នាំ​២០១៧ ខាងមុខ កុំ​អនុញ្ញាត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម ដើម្បី​ទាក់ទាញ​អ្នកវិនិយោគទុន​ថ្មីៗ​ពី​ក្រៅប្រទេស ដោយ​សម្អាងថា សម្តេច​តេ​ជោ ហ៊ុន សែន និង​គ្រួសារ​កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​របស់​ប្រទេស ហេតុដូច្នេះ​រាល់​លុយ​ទាំងឡាយ​របស់​អ្នកវិនិយោគទុន​ថ្មីៗ​ទាំងនោះ នឹង​អាច​ធ្លាក់​ក្នុង​ហោប៉ៅ​របស់​សម្តេច និង​ក្រុមគ្រួសារ​។

ទាក់ទង​បញ្ហា​នេះ លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ចេញ​ប្រតិកម្ម​ផង​ដែរ ដោយ​បាន​ហៅ​អង្គការ Global Witness ថា​ជា​អង្គការ​ប្រតិកិរិយា និង​ជា​បិសាច​អន្តរជាតិ ដែល​តែងតែ​ប្រឆាំង ញុះញង់ ប្រឌិត​រឿង​ខុស​ការពិត ប្រឆាំងនឹង​ភាព​ក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114