ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ ចាប់​សង្ឃ​៣​អង្គ​ ដោះ​ស្បង់​ចីពរ ក្រោយពី​ចូល​រាំ​ក្នុង​ក្លឹប​

កំពង់ឆ្នាំង ​៖ ​លោកសង្ឃ​៣​អង្គ ដែល​បាន​លួច​ដោះ​ស្បង់​ចីពរ​ចេញពី​វត្ត ចូល​រាំ​ក្នុង​ក្លឹប ត្រូវ​បាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​សន្តិសុខ​ក្លឹប​ឈ្មោះ អេស អេ​ច ផា​ឡេស មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ចាប់​ឃាត់ខ្លួន​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧ ។ ក្រោយ​ការ​ចាប់​ឃាត់ខ្លួន​ពេញ​មួយ​យប់ ព្រឹក​ឡើង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្ត​បាន​ប្រគល់​សង្ឃ​៣​អង្គ​នេះ ទៅ​មន្ទីរ​ធម្មការ​ខេត្ត និង​ព្រះ​មេគណ​ខេត្ត​ផ្សឹក។

លោក សរ លាង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោកសង្ឃ​ដោះ​ស្បង់ចីពរ ចេញ​បន្លំ​ខ្លួន​ចូល​រាំ​ក្នុង​ក្លឹប​កម្សាន្ត​ទាំង​៣​នាក់ មាន​៖ ១.​ឈ្មោះ ណៃ ចាន់ណា អាយុ​២០​ឆ្នាំ មានទី​លំនៅ​ភូមិ​ស្រែ​អណ្តែត ឃុំ​ជ្រេស ស្រុក​កំពង់ត្រឡាច​។ ២.​ឈ្មោះ ខន វិសាល អាយុ​១៧​ឆ្នាំ និង​៣.​ឈ្មោះ ម៉ាក់ សុ​មិត្ត អាយុ​១៦​ឆ្នាំ ទាំងពីរ​នាក់​មាន​ទីលំនៅ ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរណ៌។ សង្ឃ​ទាំង​៣​អង្គ​ខាងលើ​បួស​នៅក្នុង​វត្ត​សង្វរ​រង្សី ហៅ​វត្ត​សំរោង​ធំ ស្ថិត​ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ។

លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត បាន​បន្តថា មុនពេល​មានការ​ចាប់​ឃាត់ខ្លួន សង្ឃ​៣​អង្គ​ខាងលើ បាន​លួច​ដោះ​ស្បង់​ជីវរ​ចេញ​ទុក​ក្នុង​វត្ត ហើយ​បាន​លួច​ចេញពី​វត្ត មក​ចូល​រាំ​នៅ​ក្លិប​កម្សាន្ត​ក្នុង​ក្រុង​កំពង់ឆ្នាំង។ ចៃដន្យ​យប់​នោះ សមត្ថកិច្ច បាន​ត្រួតពិនិត្យ អាវុធជាតិ​ផ្ទុះ ហើយ​ក៏​បាន​ចាប់​ឃាត់ខ្លួន សង្ឃ​ទាំង​៣​នាក់​ខាងលើ បន្ទាប់ពី​បក្សពួក​មួយ​ចំនួន​ទៀត​បា​ន​រត់គេចខ្លួន ដោយ​សង្ស័យថា ពាក់​ព័ន្ធ​នឹង​គ្រឿងញៀន។ ក្រោយពេល​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​យក​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​សាកសួរ បាន​ដឹង​ថា ជា​សង្ឃ​លួច​ដោះ​ស្បង់ចីពរ​ចេញ មក​ចូល​ក្លឹប​រាំ​កម្សាន្ត និង​មិន​ពាក់​ព័ន្ធ​នឹង គ្រឿងញៀន ដូច​បក្សពួក​ដែល​រត់គេចខ្លួន​នោះទេ ទើប​ប្រគល់​ស​ង្ឃ​ទាំង​៣​នោះ​ឲ្យ មន្ទីរ​ធម្មការ​ខេត្ត​វិញ។

នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ សង្ឃ​បន្លំ​ខ្លួន​ជា​យុវជន​ទាំង​៣​នាក់ ត្រូវ​បាន​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត និង​ព្រះ​អនុគណ ស្រុក​បរិបូណ៌ នាំយកមក​ប្រគល់ជូន ព្រះ​មេគណ​ខេត្ត ព្រះនាម សុខ ថា​ន និង ក្រោយ​ពេល​សាកសួរ​បាន​សារភាព​ថា ពួកគាត់​ត្រូវ​បាន​មនុស្ស​៤​នាក់​ទៀត​ផ្សេងទៀត បបួល​មក​រាំ​កម្សាន្ត​នៅ​ក្លឹប​ក្នុង​ក្រុង​កំពង់ឆ្នាំង ហើយ​ក៏​បាន​លួច​ដោះ​ស្បង់​ជីវរ ចេញ ស្លៀកពាក់​ខោអាវ ជិះ​ម៉ូតូ​២​គ្រឿង មាន​គ្នា​៧​នាក់ មក​កម្សាន្ត​នៅ​ក្លឹប​ខាងលើ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង។ ព្រះ​មេគណ​ខេត្ត បានសម្រេច​ផ្សឹក​សង្ឃ​ទាំង​៣​អង្គ ជា​ជន​សាមញ្ញ​វិញ ដោយ​ដក​ស្បង់​ជីពរ និង​សង្ឃដីកា​ចេញ មិន​ឲ្យ​បួស​ទៀត​ឡើយ ហើយ​បានឲ្យ​ពួកគេ​ត្រឡប់​ទៅ​រស់នៅ​លំនៅឋាន​រៀងៗ​ខ្លួន​វិញ៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114