ព័ត៍មានទាន់​ហេតុការណ៏
Search

អធិការ​ស្រុក​ក្រគរ​ក្របួច​ជន​ចែកចាយ ​ជក់​ថ្នាំញៀន​ រួមនឹងវត្ថុតាង

ពោធិ៍សាត់​ ៖ លោក អែម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​ បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ប្រមាណ​ជា​១២​នាក់ ចុះ​បង្ក្រាប​បានជា​ន​សង្ស័យ​ចំនួន​៣​នាក់​ ដែល​ជា​អ្នក​ចែកចាយ​ និង​ជក់​គ្រឿងញៀន​ដ៏​សកម្ម ​ជាមួយ​វត្ថុ​តាង​តំ​ហ្វី​ត​តា​មីន (​ម៉ា​ទឹកកក​) មួយ​ចំនួនធំ​ និង ប្រដាប់​ជក់​មួយ​ឈុត​ព្រមទាំង​រក​ឃើញ​វត្ថុតាង​បទល្មើស​ផ្សេងទៀត​ដូចជា​កាំភ្លើង​ច្នៃ ​និង ​ដាវ​សាមូរ៉ៃ​ថែមទៀត​។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅ​វេលា​ម៉ោង​៩​និង​២៦​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ ត្រង់​ផ្ទះ​ជនសង្ស័យ​ស្ថិតនៅ​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី ឯម រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ ដែលសមត្ថកិច្ច​​​បង្ក្រាបបាន​ចំនួន ៣ នាក់នោះ ទី​១.​ឈ្មោះ ឡាក់ ចាន់​បញ្ញា ( ហៅ​អូន )​ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ( ម្ចាស់ផ្ទះ ) មានលំនៅ​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ទី​២.​ឈ្មោះ​ឡាក់ ចាន់​សំអឿន ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ មានលំនៅ​ភូមិ​ទី​៤  ឃុំ​កំពង់​លួង ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ និង​ទី​៣ .​ឈ្មោះ ហ៊ីម​ឡេះ ភេទ​ប្រុស អាយុ​២១ឆ្នាំ មានទីលំនៅ​ភូមិ​ស្រមោល​មាស ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង។

ដោយឡែក​វត្ថុតាង​រួមមាន​៖ 1- ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​ចំនួន ១៣​កញ្ចប់ ​ថង់​ប្លា​ស្ទីក​តូចៗ ហើយ​ក្នុងនោះ​ក៏មាន​កញ្ចប់​ថង់ធំ​ចំនួន​១​ថង់​ និង​កញ្ចប់​ថង់​ប្លា​ស្ទិក​តូច​សម្រាប់​វេច​ខ្ចប់​មួយចំនួន ទី​២- ទូរស័ព្ទ​ដៃ ចំនួន​ ០៤​គ្រឿង ទី​៣- កាំភ្លើង​ខ្យល់​កែច្នៃ​ចំនួន​២​ដើម ទី​៤ គ្រាប់​កង់ ចំនួន ១ ទី​៥​ដាវ​សាំ​ម​រ៉ៃ​ចំនួន​១ ដើម ទី​៦ គ្រាប់​ប្រាយ​ចំនួន ១ គ្រាប់​និង ទី​៧​សម្ភារៈ​សម្រាប់​ជក់​មួយឈុត​ដូចជា​(​ទុយ​យោ​ដែកកេះ ដប មួយ​ចំនួន​)។ ក្រោយពេល​បង្ក្រាប​រួច ​ជនសង្ស័យ ​និង​វត្ថុ​តាង​ សមត្ថកិច្ចកំពុង​បំពេញ នីតិវិធី​ដើម្បី​បញ្ជូន​ឲ្យ​ជំនាញ​ការិយាល័យ​នគរបាល​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​ពោធិ៍សាត់​ចាត់ការ​បន្តទៅ​តុលាការ។

លោក​អធិការ​រូប​នេះ​បាន​បន្ត​ថា យោង​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​កំពូល ក៏​ដូចជា​បទបញ្ជា​លោកស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ នៅ​ព្រឹក​ថ្ងៃ​ខាងលើ​រូបលោក​ផ្ទាល់​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​អធិការរង​ទទួល​ផែន​គ្រប់​ជំនាញ​ សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្តិ៍​មូលដ្ឋាន​អន្លង់ត្នោត ដោយមាន​សម្របសម្រួល​ពី​ព្រះ​រាជអាជ្ញា​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ផង ដើម្បីចុះបង្ក្រាបគ្រឿងញៀន។

ក្រោយពេល​កំណត់​មុខ​សញ្ញា​ច្បាស់​ហើយ ​កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ទៅដល់​ទីតាំង​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ឡាក់ ចាន់​បញ្ញា ហៅ​អូន ​រួច​ធ្វើការ​ឡោមព័ទ្ធ​ និង​រុករក ឃើញ​បទល្មើស ជាច្រើន​ដូច​បញ្ជាក់​ខាងលើ ក៏​នាំ​ខ្លួន​ពួកគេ​ទាំង​បី​ទៅ​អធិការ ដើម្បី​បន្ត​នីតិ​វិធី​តែម្ដង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114