ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​២​គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ​ពេល​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ស្លាប់​ម្នាក់​ ពេល​ដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ចំណែក​ម្នាក់ទៀត​រង​របួស​ធ្ងន់​ក្នុង​ករណី​គ្រោះ​ចរាចរណ៍​ម៉ូតូ​២​គ្រឿង​ បុក​គ្នា​លាន់​ដូច​រន្ទះ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៩ ខែមករា ​ឆ្នាំ​២០១៧ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩​ ត្រង់​ចំណុច ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ បើ​តាម​សាក្សី​បាន​ឃើញ​ផ្ទាល់​ភ្នែក​ បាន​និយាយ​ថា ​នៅ​វេលា​ម៉ោង​៦​ល្ងាច​នោះ​មាន​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​1I- 4180 ​បើកបរ​ម៉ូតូ​ឈ្មោះ ហាប់ វង្ស ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​រស់នៅ​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បើក​ម៉ូតូ​ក្នុង​ទិសដៅ​ពី​លិច​មក​កើត​តាម​បណ្ដោ​យ​ផ្លូវជាតិ​លេខ​៥៩​ក្នុង​ល្បឿន​លឿន ​ស្រាប់តែ​បើក​មកដល់​កន្លែង​ហេតុ ​ក៏បាន​ទៅ​បុក​​​ម៉ូតូ ១​គ្រឿង​ទៀត​ម៉ាក​ហុងដា វេ​វ ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ ប្រភេទ​ម៉ូតូ​ច្នៃ​បើក​ដោយ​ឈ្មោះ​ម៉ៅ វណ្ណា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ចេញពី​ផ្លូវលំ​ឡើង​កាត់​ទទឹង​ផ្លូវជាតិ​ ទើប​បណ្ដាល​ឲ្យ​ម៉ូតូ​ហុងដា​បុក​ពេញទំហឹង​លាន់​ដូច​រន្ទះ​ធ្វើ​ឲ្យជនរងគ្រោះ​ឈ្មោះ​ហាប់​វង្ស របួសធ្ងន់​។ ក្រោយពី​កើតហេតុ​​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យក្រុង​ប៉ោយប៉ែត តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​តាម​ផ្លូវ​បាត់ទៅហើយ​។

ចំណែក​អ្នករបួស​ម្នាក់ទៀត​ឈ្មោះ​ម៉ៅ​ វណ្ណា​ របួសធ្ងន់ ត្រូវ​បាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯកជន​នៅ​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​។ ក្រោយពី​កើតហេតុ​ ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114