ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ផ្តើម​អ៊ុត​កៅស៊ូ​ការដ្ឋាន​ទី១៨​ លើ​ផ្លូវ​លេខ ១១០ រួម​នឹង​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នេះ​ នៅពេល​ឆាប់ៗ

ភ្នំពេញ ​៖ ដើម្បី​ជំរុញ​ការងារ​ជួសជុល ​និង​អ៊ុត​កៅស៊ូ​AC​ឲ្យ​បាន​ទាន់​ពេល​វេលា​ទៅតាម​គម្រោង​ ដែល​គ្រោងទុក​ ក្នុង​រយៈពេល​៣​ខែ​ឲ្យបាន​រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​និង​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ជួសជុល​និង​អ៊ុត​កៅស៊ូ​AC។

ជាក់​ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ចាប់ផ្តើម​ដំណើរការ​អ៊ុត​កៅស៊ូ​ការដ្ឋាន​ថ្មី គឺ ផ្លូវ​លេខ ១១០ ចាប់ពី​ស្តុ​ប​ពេទ្យ​អង្គឌួង​នៃ​មហាវិថី​ព្រះ​នរោត្តម​ដល់​តិ​រវិ​ថី ព្រះ​ស៊ី​សុវត្ថិ ក្នុង​ខណ្ឌដូនពេញ។

ផ្លូវ​លេខ ១១០​នេះ ក៏​នឹង​ត្រូវ​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ​នា​ពេល​ឆាប់ៗ​នេះ​ផងដែរ​។ នេះ​ជា​គម្រោង​យុទ្ធនា​ការ​ជួសជុល​កែលំអ​ឡើងវិញ នូវ​ផ្លូវ​សរុប​ចំនួន​៥៧​ខ្សែ នៅ​ក្នុង​ខណ្ឌ​ចំនួន​៩ ក្នុង​រាជធានី​ភ្នំពេញ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ដាក់​ចេញ​ជា​គម្រោង​ក្រោយពី ទទួល​ការខូចខាត​ដោយសារ​ទឹកភ្លៀង និង​ដោយសារ​រថយន្ត​ដឹក​ធ្ងន់​លួច​ចូល​ក្រុង​ក្នុង​រដូវវស្សា​កន្លងមក។

ក្រៅពី​ផ្លូវ​៥៧​ខ្សែ ក្នុង​គម្រោង​ដែល​បាន​បើក​ការដ្ឋាន​ជួសជុល ក្នុង​យុទ្ធនាការ​៣​ខែ​នេះ ក៏​នៅ​មាន​ផ្លូវ​ប្រភេទ​កៅស៊ូ​ប្រភេទ​បេតុង សរុប​ចំនួន​១៨០​គីឡូម៉ែត្រ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ស្ថាបនា​នៅ​ក្នុង​ផែនការ​ឆ្នាំ​២០១៧​ផងដែរ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114