ព័ត៍មានទាន់​ហេតុការណ៏
Search

ដាំបាយ​រួច​ភ្លេច​ពន្លត់ភ្លើង​ ប្រញាប់​ទៅ​រៀន​ត្រឡប់មកវិញ​ភ្លើង​ឆេះ​ផ្ទះ​អស់

ឧ​ត្ត​រ​មានជ័យ ​៖ ផ្ទះមួយ​ខ្នង​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់​នៅ​សល់​តែ​គ្រោងឆ្អឹង ដែល​ករណី​នេះ​បាន​កើត​ឡើង​ដោយសារ​ក្មេង​ជា​ម្ចាស់ផ្ទះ​ដាំបាយ​រួច​ភ្លេច​ពន្លត់ភ្លើង​ ហើយ​បិទទ្វារ​ចោល​ទៅ​រៀន​បាត់ ទៅ​លុះ​ត្រឡប់​មកពី​រៀន​វិញ​ឆេះ​ផ្ទះ​អស់​។

ហេតុ​ការ​ណ៍​ដ៏​គួរ​ឲ្យ​អាណិតអាសូរ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨និង៣០​នាទី ​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែមករា ​ឆ្នាំ​២០១៧ ​ស្ថិតនៅ​ភូមិ​បាត់​ផ្តៅ ឃុំ​ចុងកាល់ ស្រុក​ចុងកាល។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​និយាយ​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ឆេះ​នេះ​ គឺ​ឪពុកម្ដាយ​មិន​នៅ​នោះ​ទេ​ ដោយ​ជាប់​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ថៃ ទុក​ឲ្យ​កូន​តូចៗ​២​នាក់រស់នៅ។ ​នៅ​មុន​ពេល​កើតហេតុ​ក្មេង​ទាំង​២​ដែល​ជា​ម្ចាស់ផ្ទះ​បាន​ដាំបាយ​ទុកចោល​ភ្លេច​ពន្លត់ភ្លើង​ហើយក៏​ទៅ​រៀន​បាត់​ទៅ លុះ​ពេល​ត្រឡប់​មកពី​រៀន​វិញ​ស្រាប់តែ​ភ្លើង​ឆេះ​ផ្ទះ​អស់​នៅ​សល់​តែ​គ្រោង​ឈើ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ផ្ទះ​ដែល​ឆេះ​នេះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ​សង់​អំពី​ឈើ​ដំបូល​ប្រក់​ស្បូវ ជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ​ថៃ​ ចិត្ត ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ ជា​ប្តី​ប្រពន្ធ​ឈ្មោះ​លន់​ថា​ អាយុ​៣១​ឆ្នាំ ប៉ុន្តែ​ប្តី​ប្រពន្ធ​នេះ​មិនបាន​នៅផ្ទះ​ទេ​ ដោយ​បាន​ទៅ​រក​ស៊ី​នៅ​ប្រទេស​ថៃ ទុក​ឲ្យ​កូន​តូច​២​នាក់​នៅចាំ​ផ្ទះ។ កូន​ទី​១​.មានឈ្មោះ​ចិត្ត​ ជិ​ញ​ ភេទ​ប្រុស ​អាយុ​១០​ឆ្នាំ ​ចំណែក​ទី​២​.មិន​ស្គាល់​ឈ្មោះ ចំពឿ។​ សម្ភា​រៈ ​ដែល​ខូចខាត​រួមមាន ស្រូវ​១០​ការុង លុយ​បាត​២០០០០​បាត ភួយ​មុង​កន្ទេល​ខ្នើយ​ និង​សម្ភា​រៈ​ជាច្រើន​ទៀត។ ​ទាក់​ទង​នឹង​ករណី​ឆេះ​ផ្ទះ​នេះ ​ត្រូវ​គេ​ស​ង្ស័យ​ថា ​បណ្តាល​មក​ពី​ភ្លើង​ចង្ក្រាន​ដែល​ដាំបាយ​នោះ​មិនទាន់​រលត់ ហើយ​ធ្លាក់​អុស​ ដែល​មាន​រងើក​នោះ​ចុះក្រោម​ប៉ះ​រនាប​ ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​បែបនេះ។

ករណី​នេះ​គួរ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​ការ​ប្រុង​ប្រ​យ័ត្ន​ពេល​ដាំបាយ​រួច​ ត្រូវ​ពន្លត់​រងើកភ្លើង​ជា​មុនសិន​មុន​នឹង​សម្រេចចិត្ត​ចាក​ចេញ​ពី​ផ្ទះ ជៀសវាង​បង្ក​ជា​គ្រោះ​អគ្គិ​ភ័​យ​ដូច​ករណី​ខាងលើ​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114