Connect with us

សន្តិសុខសង្គម

ស្គាល់អត្តសញ្ញាណជនដៃដល់ ក្នុងករណីបាញ់ប្រហារប្ដីប្រពន្ធនៅស្រុកជើងព្រៃ

បានផុស

នៅ

បុរសម្នាក់ជាខ្មាំងកាំភ្លេីងដែលបាញ់ប្រហារប្តីប្រពន្ធនៅស្រុកជេីងព្រៃ ខេត្តកំពង់ចាម ពេលនេះសមត្ថកិច្ចបញ្ជាក់អត្តសញ្ញាណខ្លះហេីយ ខណៈជនល្មើសបានប្លុងចោលរថយន្តនៅវត្តផ្អាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ខ្មាំងកាំភ្លេីងត្រូវបានគេស្គាល់ឈ្មោះ ឆេង សេង ហៅធីវ អាយុ៤០ឆ្នាំ រស់នៅផ្ទះបុរីឈូកវ៉ា២ រាជធានីភ្នំពេញ មានមុខរបរលក់គ្រឿងតុបតែងរថយន្ដ បានជិះរថយន្ត ម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២BL-8356 ប្រដាប់ដោយអាវុធ ខ្លីមួយដើម មិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះពីរនាក់ប្តីប្រពន្ធ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ទៀតថា ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១២ថ្ងៃត្រង់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ដែលរស់នៅក្នុងភូមិអណ្ដូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ មូលហេតុ ដែលឈានដល់ការបាញ់ប្រហារនេះ គឺដោយសារទំនាស់ពាក្យសម្តី ដោយជនរងគ្រោះឲ្យជនបង្កគាស់សពជីដូនជីតាចេញពីដី ដេីម្បីងាយស្រួលទិញលក់ នេះបេីតាមចម្លេីយបញ្ជាក់ពីកូនប្រុសជនរងគ្រោះ។

ជុំវិញករណីនេះ សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ ផុន សុភណ័ ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាប្តី បណ្តាលឲ្យត្រូវចំដៃ និងសៀតផ្ការបួសធ្ងន់នៅមុខផ្ទះរបស់ខ្លួន ត្រូវដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅរាជធានីភ្នំពេញ។ចំណែកឯប្រពន្ធមានឈ្មោះ ចិន ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ រងរបួសចំខ្ទង់ច្រមុះចន្លោះភ្នែក០១គ្រាប់ដេកស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ក្រោយធ្វើសកម្មភាពជនល្មេីសបេីករថយន្តទៅទិសខាងលិចរហូតវត្តផ្អាវបានទុករថយន្តចោលក្នុងវត្ត រួចរត់គេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម