ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​ និង​ម៉ូតូ​ព្រលះ​គ្នា​ ពេញទំហឹង​របួសធ្ងន់​ម្នាក់​

ភ្នំពេញ ៖ យុវជន​ម្នាក់ ​ព្រោះតែ​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ដែល​កំពុង​ជិះ​ឌុប​គ្នា​ឆ្លង​ផ្លូវ​ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់​ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ កាលពី​វេលា​ម៉ោង​២១​និង​៤៥​នាទី​យប់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៨២​កែង​នឹង​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំ​ញេញ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1O-9621 ជិះ​ឌុប​គ្នា​បីនាក់​ស្រី​ពីរ​នាក់ ​និង​ប្រុស​ម្នាក់​ដោយ​ស្ត្រី​ជា​អ្នក​ឌុប ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨២ ទិសដៅ​ពី​លិច​ទៅ​កើត​ហើយ​បាន​ឆ្លង​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​បំណង​បត់​ឆ្វេង។ ពេលនោះ​ស្រាប់​តែ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​C110 (​សង់​ប៊ិច​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះសីហនុ​1C-8141 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​ក៏​ជ្រុល​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ជា​បើក​ម៉ូតូ​វីវ៉ា​រង​របួស​ធ្ងន់ ចំណែក​ម្ចាស់​ម៉ូតូ​សង់​ប៊ិច​រង​របួស​ស្រាល។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​ក្រោយពី​កើតហេតុ​អ្នក​រងរបួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​យក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​សមត្ថកិច្ច​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​បន្ត​ទៀត​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684