ព័ត៍មានទាន់​ហេតុការណ៏
Search

ឆេះ​ផ្សារ​កណ្ដាល​ទាំង​ព្រលឹម​អុរ​អស់​១៧​តូប​

ភ្នំពេញ ៖ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ​បន្ទាប់ពី​មាន​ហេតុការណ៍​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​មួយ​បាន​កើតឡើង​នៅ​ក្នុង​ផ្សារ​កណ្ដាល ​ក្នុង​សង្កាត់​ផ្សារកណ្តាល​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​០៤​ព្រឹក​ព្រលឹម​ថ្ងៃទី​២៣ ​ខែមករា ​ឆ្នាំ​២០១៧​នេះ។

ក្នុង​ការ​ឆេះ​តូប​លក់ដូរ​ជាច្រើន​តូប​នៅ​ក្នុង​ផ្សារ​កណ្តាល​ផ្នែក​ខាងជើង ​ នោះ​ដែរ ​ត្រូវ​បាន​គណៈ​កម្មការ​ផ្សារ​ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ដែល​ដឹកនាំ​ដោយ​លោក​សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ ​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ភ្លាម​ដើម្បី​ជួយ​អន្តរាគមន៍​គ្នា​ក៏ដូច​ជា​ការ​វែកផ្លូវ​ជួយ​សម្រួល​ឲ្យ​ក្រុម​ពន្លត់​អគ្គិភ័យ​ មាន​រថយន្ត​ប្រមាណ​ជិត​៣០​គ្រឿង​មក​ជួយ​បាញ់​ទឹក​ពន្លត់​រហូត​រលត់​ជា​ស្ថាពរ​វិញ​ នៅ​វេលា​ម៉ោង​០៥ ​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​បណ្ដាល​ឲ្យ​តូប​លក់ដូរ​ភាគច្រើន​ តូប​ធ្វើ​សក់​ជាច្រើន​តូប​ត្រូវ​ឆេះ​ខូចខាត។

ពាក់ព័ន្ធ​ការ​ឆេះ  នៅ​ក្នុង​ផ្សារ​កណ្តាល​ នា​ព្រឹក​ព្រលឹម​នោះ​ដែរ​ លោក​ចាប ឌី​ណា ប្រធាន​គណៈកម្មការ​ផ្សារ​កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ដោយ​ឆ្លងតាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ ​បាន​បញ្ជាក់​ថា​ មូលហេតុ​នៃ​ការ​ឆេះ​នេះ​មកពី​ទុស្សេ​ខ្សែ​ភ្លើង នៅមុខ​តូប​លេខ​៤៩ ជា​តូប​អ៊ុតសក់​បណ្ដាល​ឲ្យ​ឆេះ​តូប​ទាំងស្រុង​ចំនួន​១៤​តូប និង​ឆេះ​រោលៗ ចំនួន​៣​តូប សរុប​ទាំងអស់​ចំនួន​១៧​តូប ។

លោក​ប្រធាន​គណៈកម្មការ​ផ្សារ​កណ្តាល​បាន​បញ្ជាក់​ទៀត​ថា​ ហេតុការណ៍​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២៤​គ្រឿង ក្នុង​ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​១៨​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ​ចំនួន​០៣​គ្រឿង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក​ង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ចំនួន​២​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់ ក្រុម​ហ៊ុន ស្រាបៀ​រកម្ពុជា​ចំនួន​១​គ្រឿង និង​បាន​រលត់​ជា​ស្ថាពរ​វិញ​នៅ​វេលា​ម៉ោង​០៥​និង​១៥​នាទី​ថ្ងៃ​ដដែល​ ដោយ​មិន​មានរ​ណា​រងគ្រោះថ្នាក់​នោះ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684