ព័ត៍មានទាន់​ហេតុការណ៏
Search

យក​ស្នាក់​ការ​ពន្ធដារ​ធ្វើជា កន្លែង​ស្តុក​ និង​ឡើង​ចុះ​ទំនិញ​ផ្ទាល់ខ្លួន​

កណ្ដាល ៖ ការិយាល័យ​ពន្ធដារ​ស្រុក​លើកដែក​ ដែល​ស្ថិត​នៅ​ជាប់​នឹង​មាត់​ទន្លេមេគង្គ ក្នុង​ភូមិ​កំពង់​ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល ​ដែល​ប្រជាពលរដ្ឋ​ហៅថា ​ស្នាក់ការ​​ពន្ធដារ​​នោះ ត្រូវ​បាន លោក ម៉ៅ បូ​រិ​ន ប្រធាន​​ពន្ធដារ​ស្រុក​យក​ធ្វើជា​កន្លែង​ស្តុក​និង ឡើង​ចុះ​ទំនិញ​ផ្ទាល់ខ្លួន (​ពី​ទូក​ទៅ​រថយន្ត ពី​រថយន្ត​ទៅ​ទូក​)​។ ទង្វើ​នេះ​ធ្វើ​ឲ្យ​មានការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ដោយពួកគាត់លើកឡើងថា ​ខ្លួន​ជា​មន្ត្រី​​ពន្ធដារ​​ ហើយ​ធ្វើ ជា​ឈ្មួញ ​និង​ថែមទាំង​យក​កន្លែង​ការិយាល័យ​ធ្វើការ​រដ្ឋ ធ្វើជា​កន្លែង​រកស៊ី​ផ្ទាល់ខ្លួន​ទៀត​ តើ​វា​សម​ដែរឬទេ​?​។

តាម​ប្រភព​ពី​ប្រជាជន​ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ប្រាប់​ថា ​ទំនិញ​ដែល​នាំ​ពី​វៀតណាម​ គឺ​អង្ករ ​ឯ​ទំនិញ​ដែល​នាំ​ពី​ខ្មែរ​ គឺ​ស្ករស ​និង​ទំនិញ​ផ្សេងៗ​ទៀត​ ហើយ​លោក​ប្រធាន​​ពន្ធដារ​​បាន​សាងសង់​ឃ្លាំង​មួយ​នៅ​ជាប់​ខាងក្រោយ​ការិយាល័យ​ពន្ធដារ​​តែម្តង។ ការ​ដឹក​ទំនិញ​ចេញចូល​នោះ​បាន​បណ្ដាល​បាក់​ខ្លោងទ្វារ​ស្នាក់​ការ​​ពន្ធដារ​​ទៀត​ផង​។

ប្រភព​បាន​បន្ថែម​ថា ​ដោយ​ប្រពន្ធ​លោក ម៉ៅ បូ​រិ​ន​ជា​ឈ្មួញ​នាំ​អង្ក​ពី​វៀតណាម​និង​មាន​ប្តី​ជា​មន្ត្រី​​ពន្ធដារ​ ធ្វើ​ឲ្យ​ការ​នាំ​អង្ក​រ និង​ទំនិញ​ផ្សេងៗ​ចេញ ចូល​បាន​យ៉ាង​រលូន​ ព្រោះ​ដោយមាន​ការយោគយល់​ពី​សមត្ថកិច្ច​នានា​។ ​ទង្វើ​នេះ​គឺ​ធ្វើ​ឲ្យ​បាត់​ប្រាក់​ពន្ធ​រដ្ឋ​យ៉ាង​ច្រើន​។

ពាក់ព័ន្ធ​​បញ្ហា​នេះ​អ្នក​សា​ព័ត៌មាន​យើង​បាន​call​សួរ​លោក​ប្រធាន​​ពន្ធដារ​ ដោយលោក​បាន​បញ្ជាក់​ថា ​គាត់​មិន​មាន​រក​អ្វី ខុសច្បាប់​នោះ​ទេ ​និង​បាន​បង់ពន្ធ​គ្រប់​ហើយ ​ក្នុងនាម​អ្នក​រកស៊ី​ឲ្យតែ​មាន​ទំនិញ​គឺ​ត្រូវតែ​នាំ ឯ​ការ​នាំ​ទំនិញ ​គឺ​ពេល​មក​ដល់​ដឹក​ចេញ​ភ្លាមៗ​ពុំបាន​ស្តុក​ទុក​នោះ​ទេ ចំណែក​ឃ្លាំង​ដែល​ធ្វើ​នោះ​គឺ​ធ្វើ​សម្រាប់​បុគ្គលិក​ស្នាក់នៅ​និង​ដាក់​ម៉ូតូ រថយន្ត​ប៉ុណ្ណោះ។ ចំពោះ​បញ្ហា​បាក់​ខ្លោងទ្វារ​លោក​កំពុង​សាងសង់​ថ្មី​ហើយ​។

ប្រជាពលរដ្ឋ​ពួកគាត់​រង់ចាំ​មើល​ថា​ តើ​លោក អភិបាលស្រុក លោក​អភិបាលខេត្ត​និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ចាត់​វិធានការណ៍​យ៉ាងណា ចំពោះ​លោក​ម៉ៅ បូ​រិ​ន ប្រធាន​ពន្ធដារ​ស្រុក​លើកដែក ដែល​ខ្លួន​ជា​មន្ត្រី​បែរ​ធ្វើជា​ឈ្មួញ​និង​យក​កន្លែង​ការិយាល័យ​ធ្វើការ​ធ្វើ ជា​កន្លែង​រកស៊ី​ផ្ទាល់ខ្លួន ​និង​បាន​ប្រព្រឹត្ត​ខុស​ពី​លក្ខន្តិកៈ ច្បាប់​មន្ត្រីរាជការ​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684