ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​Jaguar​ប្រភេទ​ស្ព័រ​របស់​កូន​អ្នក​មានទ្រព្យ ​បើក​លឿន​ហក់​ត្របាក់​របង​រោងកុន​លុច្ស​

ភ្នំពេញ ៖ រថយន្ត​ទំនើប​មួយ​គ្រឿង ម៉ាក Jaguar ប្រភេទ​ស្ព័រ​ ដែល​បើកបរ​ដោយ​កូន​អ្នក​មាន​ទ្រព្យស្តុកស្តម​ បាន​បើកយ៉ាង​លឿន ​ព្រម​ទាំង​ ឮ​សំឡេង​បំពង់​ស៊ី​ម៉ាំង​យ៉ាង​ខ្លាំង​ ដោយ​បើក​គេច​គេ​ចុះឡើង ​ក៏​ជ្រុល​ទៅ​បុក​របង និង​ជញ្ជាំង​រោងកុន​លុច្ស​ពេញទំហឹង​តែម្តង ​បណ្តាល​ឲ្យ​ខ្ទេច​ខូចខាត​កាលពី​វេលា​ម៉ោង ១២ និង ១០​នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ជា​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក Jaguar ប្រភេទ​ស្ព័​រ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-1718 បើកបរ​ដោយ​បុរស​និង​មាន​រួម​ដំណើរ​ជាមួយ​មនុស្ស​ពីរ​នាក់​ទៀត បាន​បើក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​ក្នុងល្បឿន​យ៉ាង​លឿន​គេច​គេ​គេច​ឯង​ ខណៈ​មកដល់​ចំណុច​ស្តុប​រោងកុន​លុច្ស​កែង​ផ្លូវ​១៥៤ ដែល​ជា​ផ្លូវបែក​ជា​បួន​ ក៏​ស្រាប់តែ​វាក់​អើ​ជាមួយ​រថយន្ត​មួយ​គ្រឿង ទៀត ​ដែល​បើក​ចេញពី​ផ្លូវ​លេខ ១៥៦ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ក៏​ធ្វើ​ឲ្យ​រថយន្ត​ម៉ាក Jaguar បន្ថយល្បឿន​មិនទាន់​ក៏​បួង​ចង្កូត​គេច​ក៏​ជ្រុល​ទៅ​របង និង​ជញ្ជាំង​រោងកុន​លុច្ស បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាង​ដំណំ។ ភ្លាមៗ អ្នក​បើក​រថយន្ត​ក៏​បើ​ទ្វារ​រថយន្ត​ចេញទៅ​បាត់ ដោយ​បន្សល់​រថយន្ត​របស់​គេ​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។

សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​បង្កឲ្យ មាន​មនុស្ស​រង​របួស​ឬ គ្រោះថ្នាក់​ដ៏​អាយុ​ជី​វីត​ឡើយ ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ របស់​ខណ្ឌ​ដូនពេញ ក៏​សហការ​ជាមួយ​សមត្ថ​កិច្ច ចរាចរណ៍​ក្រុង​ចុះ​វាស់វែង​យក​រថយន្ត​បង្ក​នេះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​នោះ​ចូលខ្លួន​ដោះស្រាយ​តាម​នីតិ​វិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684