ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន​០៧​នាក់ រួម​នឹង​គ្រឿងញៀន​មួយ​ចំនួន​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀនចំនួន ០៧​នាក់ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្តបន្ទាយ​មានជ័យ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ចុង​សប្តាហ៍​កន្លងទៅ ក្នុងស្រុក​ថ្មពួក និង​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។

លោក ចាប សុ​ផា​ឬ​ទ្ធិ ស្នងការរង​ប្រឆាំង​បទល្មើស នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី១​របស់​ខេត្ត​បន្ទាយ​មានជ័យ ក៏ដូចជា​បទបញ្ជា​រប​ស់​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ កម្លាំង​ជំនាញ​របស់​លោក បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​ថ្មពួក និង​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស ស្រី ចំនួន​០៧​នាក់ រួមមាន ១.​ឈ្មោះ អាន់ លី​ ភេទប្រុស អាយុ ២៥​ឆ្នាំ ២.​ឈ្មោះ លន់ សារិត ភេទប្រុស​ អាយុ​១៥​ឆ្នាំ​ ៣.​ឈ្មោះ ទូច ណាំ ភេទប្រុស ​អាយុ ២២​ឆ្នាំ ៤.​ឈ្មោះ ជ្រុំ តឿ ភេទប្រុស​ អាយុ​៣៦​ឆ្នាំ ៥.​ឈ្មោះ ឈិន ឆៃ​យ៉ា ភេទប្រុស​ អាយុ ២៣​ឆ្នាំ ៦.​ឈ្មោះ តឹក ចិត្ត ភេទប្រុស​ អាយុ​២៦​ឆ្នាំ ៧.​ឈ្មោះ យឹម ជុន ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​គ្រាប់​ចំនួន ០៦​គ្រាប់ និង​ប្រភេទ​ម្សៅ​ក្រាម​សរ ចំនួន ០៣​កូន​ថង់ ទូរ​ស័ព្ទ​ចំនួន ០៤ គ្រឿង​អាវុធ​កែច្នៃ ០១​ដើម ។

ក្រោយ​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​០៧​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684