ព័ត៍មានទាន់​ហេតុការណ៏
Search

ទាស់​ពាក្យ​សម្ដី​បន្តិច​បន្តួច​នៅ​ក្នុង​រោងការ​ មក​ដល់​ផ្ទះ​ ត្រូវ​ប្អូនថ្លៃ​លប​កាប់​ចំនួន​៣​កាំបិត​ផ្គាក់ ​បែក​លលាដ៍​ក្បាល​ស្លាប់​

ព្រៃវែង ៖ បុរស​វ័យ​៤២​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ជនសង្ស័យ​ ដែល​ត្រូវជា​ប្អូនថ្លៃ​លប​កាប់​ចំនួន​៣​កាំបិត​ផ្គាក់​ បណ្តាល​ឲ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ ​ហើយ​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​ពាក់​កណ្តាល​ផ្លូវ​ បន្ទាប់​ពី​សាច់ញាតិ​បងប្អូន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯ​ភ្នំពេញ​។

អំពើ​ហិស្សា​ខាង​លើ​ បាន​កើត​ឡើង​កាល​ពី​ពាក់កណ្តាល​យប់​ថ្ងៃទី​២២ ​ខែមករា ឆ្នាំ២០១៧ ​វេលា​ម៉ោង​២២​និង​៣០​នាទី​ នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ​ ម៉ៅ សុខ​សំណាង​ ភេទ​ប្រុស​ អាយុ​៤២ឆ្នាំ​ ស្ថិត​ក្នុងភូមិ​គាំ​ប្រដឺស ឃុំដំរី​ពួន​ ស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែង​។

ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​នេះ​ដែរ​ លោក​វរសេនីយ៍ទោ ​អ៊ុង​ ផាន​ អធិការ​នគរបាល​ស្រុក​ស្វាយ​អន្ទរ បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​​ដឹង​ថា ករណី​ខាង​លើ​ គឺ​កើត​ចេញពី​ការ​ទាស់​ពាក្យ​សម្តី​គ្នា​រវាង​ជនរងគ្រោះ​ ដែល​មាន​ឈ្មោះ​ ម៉ៅ​ សុខ សំណាង​ មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ក្រចេះ​ ហើយ​បច្ចុប្បន្ន​រស់នៅ​ខាង​ប្រពន្ធ​នៅ​ក្នុង​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ ​ជាមួយ​នឹង​ជន​បង្ក ឈ្មោះ ​វ៉ន វ​ណ្នី​ ភេទ​ប្រុស​ អាយុ​៣៥​ ឆ្មាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ ហើយ​ត្រូវជា​ប្អូនថ្លៃ​របស់​ជនរងគ្រោះ។  ​ពួកគេបានទាស់ពាក្យសម្ដីគ្នា នៅ​ក្នុង​ពិធី​រៀប​មង្គលការ​របស់​ប្អូនថ្លៃ​​ នៅ​ក្នុង​ភូមិ​​​ឃុំ​ដំរី​ពួន​។ ក្រោយមក​ជនរងគ្រោះ ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​ត្រូវ​ជនបង្ក​លប​កាប់​ត្រូវ​ចំនួន​៣​កាំ​បិត​ផ្គាក់​ផុង​លលាដ៍ក្បាល​ ហើយ​បាន​ស្លាប់​នៅ​ពាក់​កណ្តាល​ផ្លូវ​ ក្រោយពេល​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​ភ្នំពេញ​។

ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ យឹម ​ជាកា​ អាយុ​៣២​ឆ្មាំ​ បាន​ឲ្យ​ដឹង​ថា ​​ក្រោយពី​ការទាស់​ពាក្យ​សម្តី​គ្នា​បាន​បញ្ចប់ ​ប្តី​គាត់​ និង​មិត្តភក្ដិ​បងប្អូន​នាំគ្នា​រាំលេង​សប្បាយ ​លុះដល់​ម៉ោង​ប្រហែលជា​២២​ប្តី​គាត់​ដែល​ជា​ជនរងគ្រោះ​ បាន​មក​ផ្ទះ​របស់​ខ្លួន​វិញ​ ហើយ​ចូល​ទៅ​ផ្ទះបាយ​ធ្វើ​ទា​(​ធ្វើសាច់​ក្លែម​)​ឲ្យ​មិត្តភក្ដិ​ និង​បងប្អូន ​ដែល​មកពី​រោងការ​ជាមួយគ្នា​ហូប​ ក៏​ត្រូវ​ជន​បង្ក​ដែល​ត្រូវជា​ប្អូនថ្លៃ​ បាន​យក​កាំ​បិត​ផ្គាក់​លប​កាប់​ទៅ​លើប្តី​របស់​គាត់​ចំក្បាល​ចំនួន​៣​កាំ​បិត​បែក​ និង​ផុង​លលាដ៍ក្បាល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ​ហើយ​ត្រូវ​ក្រុម​គ្រួសារ​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​ តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ដាច់ខ្យល់​ស្លាប់​នៅ​ពាក់​កណ្តាល​ផ្លូវ​តែម្តងទៅ​។

ក្រោយ​ពេល​ដែល​សាច់ញាតិ ​និង​ក្រុម​គ្រួសារ​យក​សព​ជនរងគ្រោះ​មកដល់​ផ្ទះ​វិញ ​សមត្ថកិច្ច​ជំនាញ​ខេត្ត​សហការ​ជាមួយ​ជំនាញ​ស្រុក​ បាន​ចុះ​ធ្វើ​កោសលវិច័យ​ និងធ្វើកំណត់ហេតុ​ រួច​បាន​ប្រគល់​សព​ឲ្យ​​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជន​សង្ស័យ​ ក្រោយពេល​បង្ក​បាន​រត់គេច​ខ្លួន​បាត់ស្រមោល ​តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​នឹង​ធ្វើ​ការស្រាវជ្រាវ​រុករក​តាម​ចាប់​ជនបង្ក​ខាង​លើ​មក​ផ្ដន្ទាទោស​តាមច្បាប់​ឲ្យ​បាន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684