ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះឃើញ​គ្រាប់បែក​ចំនួន​១២​គ្រាប់ ដែល​នៅ​មាន​គុណភាព ៧០​ភាគរយ​

បាត់ដំបង ៖ គ្រាប់បែកដៃ​ចំនួន​១២​គ្រាប់ ដែល​ផលិត​ឡើង​នៅ​ប្រទេស​អាមេរិក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​កេស​គ្រាប់​ចំនួន​ពីរ ដែល​ត្រូវ​បាន​គេ​កប់​ក្នុង​ដី​ក្បែរ​ជើង​ដំបូក ខណៈ​ដែល​ដី​ដំបូក​នេះ​ត្រូវ​បាន​គ្រឿងចក្រ​ធ្វើ​ការ​ឈូស​ឆាយ​ ដើម្បី​ពង្រាប​ដី​វាលស្រែ​ឲ្យ​ស្មើ​ ហើយក៏​បាន​របើក​ឡើង​មក​លើ​ដី​តែម្តង។

យោង​តាម​របាយការណ៍​របស់​លោក អនុសេនីយ៍ទោ ងិន សំអុល មេបញ្ជាការរង​កងរាជអាវុធហត្ថ ស្រុក​គាស់ក្រឡ​បានឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥ និង​៣០នាទី​ល្ងាច​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧ កម្លាំង​ប៉េអឹម​បាន​ទទួល​សេចក្តី​រាយការណ៍​មួយ​ពី​ប្រជាពលរដ្ឋ​ម្នាក់​ ដែល​មាន​ឈ្មោះ មាស ចាន់ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហ្លួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ដែល​មាន​មុខរបរ​ជា​អ្នក​បើក​គ្រឿងចក្រ( អេ​ស្កា )ថា គេ​បាន​ប្រទះឃើញ​កេស​គ្រាប់​ចំនួន​ពីរ​នៅ​ក្បែរ​ជើង​ដំបូក គឺ​នៅ​ពេលដែល​រូបគេ​បាន​កាយ​ដី​ក្បែរ​ជើង​ដំបូក​នោះ គឺ​ត្រង់​ចំណុច​ខាងលិច​ទួល​ខ្មែរក្រហម ស្ថិត​ក្នុង​ភូមិ​គាស់ក្រឡ​ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​កាន់​ទីតាំង​ខាងលើ​ ហើយក៏​បាន​ឃើញ​កេស​គ្រាប់​ចំនួន​ពីរ​ ដែល​មាន​សភាព​ច្រេះ​ស៊ីផង លុះ​នៅ​ពេល​បើក​កេស​នេះ​ឡើង​ក៏​បាន​ឃើញ​គ្រាប់បែក​ចំនួន​១២​គ្រាប់ ដែល​ផលិត​នៅ​ប្រទេស​អាមេរិក ព្រមទាំង​មានគុណ​ភាព​៧០ ភាគរយ គឺ​អាច​សម្លាប់​មនុស្ស​បាន។

ភ្លាមៗ​នោះ​ដែរ លោក​បាន​ទំនាក់ទំនង​ទៅ​អង្គភាព​ស៊ីម៉ាក់ ដើម្បី​ឲ្យ​មក​ទទួលយក​ទៅ​ធ្វើ​ការ​កម្ទេច​តាម​ជំនាញ ដោយ​នេះ​ជា​សំណាងល្អ​បំផុត ព្រោះ​គ្រឿងចក្រ​មិនបាន​ប៉ះទង្គិច​វា​ខ្លាំង​បើ​មិន​ដូច្នេះ​ទេវា​អាច​សម្លាប់​ជីវិត​អ្នកបើកបរ​បាន​យ៉ាង​ងាយ ហើយ​លោក​ក៏បាន​អះអាង​ដែរ​ថា គ្រាប់បែក​ទាំង​អស់​នេះ ​គឺ​អាច​នៅ​សេសសល់​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684