ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​ឡាវ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ដែន ដើម្បី​ធានា​និរន្តរភាព​ជលផល​

ភ្នំពេញ ៖ មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ និង​អាជ្ញាធរ​ជលផល​របស់​ប្រទេស​កម្ពុជា និង​ឡាវ នឹង​ពង្រឹង​សហ​ប្រតិ​ត្តិ​ការ​ឆ្លងដែន ដើម្បី​គ្រប់គ្រង​ជលផល នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ទាំងពីរ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧។

ការ​ប្តេជ្ញា​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​រួមគ្នា​មួយ ទៅកាន់​ទន្លេមេគង្គ និង​សេគ​ង្គ កាលពីពេល​ថ្មីៗ​នេះ ដែល​ទន្លេ​ទាំងពីរ​នេះ បាន​ភ្ជាប់​ខេត្ត​ចំប៉ា​សាក់ និង​អា​តា​ពឺ​របស់​ឡាវ ជាមួយនឹង​ខេត្ត​ស្ទឹងត្រែង និង​ក្រចេះ របស់​កម្ពុជា។

លោក វ៉ា​ត់ បុត្ត​កុសល អគ្គ​លេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មាន​ប្រសា​ស​ន៏​ថា “​យើង​មាន​បញ្ហា និង​ក្តីកង្វល់​ដូចគ្នា ក្នុង​ការ​គ្រប់គ្រង​ជល​ផល ដែល​កំពុង​រង​ការ​គំរាម​គំហែង​ដោយសារ​សកម្មភាព​របស់​មនុស្ស និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ ដូច្នេះ ការ​ពង្រឹង​កិច្ចសហការ សំខាន់​ណាស់​សម្រាប់​ប្រទេស ទាំងពីរ​ដើម្បី​រួមគ្នា ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធិភាព។

ក្នុង​អំលុងពេល​ដំណើរ​ទស្សនកិច្ច​រួមគ្នា​ជា​លើក​ទី​១ កាលពី​ដំណាច់ឆ្នាំ​ឆ្នាំ​២០១៦ ដែល​ត្រូវ​បានរៀបចំ​ក្រោម​គម្រោង​គ្រប់គ្រង​ជលផល​នៅ​ទន្លេ​មេគង្គ និង​សេគ​ង្គ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​ហៅ​កាត់​ថា MRC មន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បាន​ទៅ​មើល​តំបន់​អភិរក្ស​ត្រី​នៅ​ខេត្ត​អា​តា​ពឺ និង​សហគមន៍​នេសាទ នៅ​ខេត្ត​ស្ទឹងត្រែង ។ ពួកគេ​បាន​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ពី​របៀប​គ្រប់គ្រង​ជលផល​របស់​សហគមន៍ ។ ទន្ទឹមនឹងនោះ ភាគី​ទាំងពីរ ក៏បាន​ពិនិត្យឡើងវិញ​នូវ​បញ្ហា​ប្រឈម​នៅ​ទន្លេ​មេគង្គ និង​សេគ​ង្គ សម្រាប់​រៀបចំ​ជា​របាយការណ៍​ពិស្តារ​មួយ ដែល​ជា​ជំ​ហ៊ាន​ឆ្ពោះទៅរក​ការ​បង្កើត​ផែនការ​គ្រប់គ្រង​ជលផល​រួមគ្នា។

សូម​បញ្ជាក់ថា ទន្លេ​សេគ​ង្គ ហូរ​ពី​ប្រទេស​វៀតណាម កាត់​ប្រទេស​ឡាវ មុននឹង​ហូរ ចូល​ប្រទេស​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​ទន្លេ​មេគង្គ​។ ទន្លេ​ទាំងពីរ​នេះ ជា​ប្រភព ធនធានធម្មជាតិ ដែល​ប្រជាជន​កម្ពុជា និង​ឡាវ រាប់​លាន​នាក់​អាស្រ័យ​ផល សម្រាប់​ការរស់នៅ​។ ក៏ប៉ុន្តែ ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ទន្លេ​ទាំងពីរ កំពុង​រង​ការ​គំរាមកំហែង​ពី​ការ​កើនឡើង​នៃ​សកម្មភាព​នេសាទ ការ​នេសាទ​ខុសច្បាប់ គ្រោះទឹកជំនន់ និង​រាំងស្ងួត និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រួម​ទាំង​ទំនប់​វា​រី​អគ្គិសនី​ផង​ដែរ​។

បន្ថែម​ពីលើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ទាំងពីរ គម្រោង​គ្រប់គ្រង​ជលផល​នៅ​ទន្លេ​មេគង្គ និង​សេគ​ង្គ កំពុង​ជួយ​រដ្ឋាភិបាល​កម្ពុជា​និង​ឡាវ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជលផល និង​អភិរក្ស​ជីវៈចម្រុះ តាមរយៈ​កិច្ចពិភាក្សា​សហប្រតិបត្តិការ​ឆ្លងដែន និង​ការអនុវត្ត​រួមគ្នា​។ គម្រោង​នេះ​ស្ថិតក្នុង​ចំណោម​គម្រោង​ទ្វេភាគី​ចំនួន​៥ ដែល​ផ្តល់​មូលនិធិ​ដោយ​ធនាគារពិភពលោក ក្រោម​ជំនួយ​បច្ចេកទេស​ពី MRC​។

លោក អាន ពេជ្រ​ហ​ត្ត​ដា នាយក​ផ្នែក​ផែនការ​របស់ MRC មាន​ប្រសា​ស​ន៏​ថា “​គម្រោង​នេះ រឹតចំណង​សហការ​រវាង​កម្ពុជា និង​ឡាវ​។ យើង​សង្ឃឹមថា វា​នឹង​នាំមក​នូវ​សកម្មភាព​រួម និង​សហប្រតិបត្តិការ​ដ៏​ទូលំទូលាយ ដែល​អនុញ្ញាតិ អោយ​ប្រទេស​ទាំងពីរ​ធ្វើការ​រួមគ្នា​ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​ពួកគេ។

តាមរយៈ​គម្រោង​នេះ អ្នក​ជំនាញ​ផ្នែក​ជលផល មកពី​ប្រទេស​ទាំងពីរ បានកំណត់​បញ្ហា​ចម្បងៗ ដែល​ពួកគេ​នឹង​ដោះស្រាយ​រួមគ្នា ដោយ​រួមបញ្ចូល​ទាំង​ការ​នេសាទ ដែល​គ្មាន​និរន្តរភាព កង្វះ​ការអនុវត្ត​ច្បាប់​ជលផល និង​ការបាត់បង់​ជម្រក​ត្រី​ជាដើម ។ ពូជ​ត្រី​ចំនួន​៥​ប្រភេទ ដែល​រមែង​ធ្វើដំណើរ​ឆ្ងាយ​ពី​ទីជម្រក ត្រូវ​បាន​កំណត់​សម្រាប់​ការ​ត្រួតពិនិត្យ​។ បន្ថែម​ពីលើ​នោះ ក្រុម​ទាំងពីរ​ក៏បាន​ព្រមព្រៀង​ប្រើប្រាស់​វិធីសាស្ត្រ​តាមដាន និង​ត្រួតពិនិត្យ​ត្រី ដែល​បង្កើតឡើង​ដោយ MRC ផងដែរ​។ ប្រទេស​ទាំងពីរ​នឹង​ចាប់ផ្ដើម​សកម្មភាព​ត្រួតពិនិត្យ និង​បណ្ដុះបណ្ដាល​ក្រុម​អ្នកនេសាទ​អំពី ការ​ចងក្រង​សកម្មភាព​នេសាទ ឧបករណ៍​នេសាទ និង​កំណត់​ជម្រក ត្រី​។ លទ្ធផល​ដ៏​ចម្បង​មួយទៀត​នោះ គឺ​កម្ពុជា និង​ឡាវ បាន​ព្រមព្រៀង​បង្កើត​ស្ថាប័ន​គ្រប់គ្រង​ជលផល​រួមគ្នា​មួយ​នៅ​ដំណាច់ឆ្នាំ​២០១៨​។ ពួកគេ នឹង​ចាប់ផ្ដើម​ពិភាក្សា​ពី​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ស្ថាប័ន​នេះ បញ្ហា​ហរិញ្ញវត្ថុ និង​ស្វែង យល់​ពី​តម្រូវការ​របស់​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ធានា​បាន​នូវ​ភាព​ជោគជ័យ​ក្នុងការ​បង្កើត និង​ការអនុវត្ត​ផែនការ​ការពារ​ជលផល​រួមគ្នា​។​

លោក Viengsay Sophachan អ្នកសម្របសម្រួល​ថ្នាក់ជាតិ​នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​ឡាវ ជឿជាក់​ថា កិច្ចសហការ​នេះ​នឹង​ជួយ​ឲ្យ​ធនធាន​មច្ឆា​ជាតិ​របស់​ប្រទេស​ទាំងពីរ​មាន​និរន្តរភាព​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684