ព័ត៍មានទាន់​ហេតុការណ៏
Search

រយៈពេល​៤​ឆ្នាំ​សមាគម TYDA ចុះ​ជួយ​ពិនិត្យ និង​ព្យា​បាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​ជាង​១៧​ម៉ឺន​នាក់​

ភ្នំពេញ ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ក្នុង​រយៈពេល​៤​ឆ្នាំ បាន​ចុះជួយ​ពិនិត្យ និង​ព្យាបាល ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត សរុប​បាន​ចំនួន​១៧៣,៨២៦​នាក់​មក​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សមាគម។

លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​ឲ្យ​ដឹងថា ក្នុង​បេសកកម្ម​មនុស្សធម៌​កន្លង​មក​នេះ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ បាន​ធ្វើ​សកម្មភាព​ចល័ត​តាម​រាជធានី​ខេត្ត​-​ក្រុង តាម​បណ្ដា​អង្គការ ឬ​ម​ណ្ឌុ​ល​កុមារ​កំព្រា តាម​តំបន់​រោងចក្រ​នានា ដោយ​ធ្វើការ​ពិនិត្យ​ព្យាបាល​ជូន​កម្មករ​កម្ម​ការ​នី និង​ការ​ចល័ត​តាម​សាលារៀន សមាគម​ក្រីក្រ និង​តាម​ផ្ទះ​ផង​ដែរ​។ លោក​បន្ដ​ថា ចាប់តាំង​ពី​ឆ្នាំ​២០១២​មក សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​បាន​ព្យា​ល​បាល​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១៧៣,៨២៦​នាក់​។ ដោយ​ក្នុង​នោះ​អ្នកជំងឺ​ធ្ងន់ៗ​មាន​ចំនួន​២,១៤២​នាក់ ដែល​ត្រូវ​បាន​សមាគម​បញ្ជូន​មក​ពិនិត្យ​ព្យា​បាល និង​សង្គ្រោះ​បន្ទាន់​នៅ​រាជធានី​ភ្នំពេញ ដែល​រួមមាន​ជំងឺ​ពកក មហារីក បេះដូង​រួម​ទាំង​ជំងឺ​ជាច្រើន​ទៀត ក្រោម​ការ​ឧបត្ថម្ភ​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​សប្បុរសជន​នានា។

តាម​លោក ហ៊ុន ម៉ា​ណែ​ត ក្រៅពី​សកម្ម​ភាព​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ TYDA បាន​ចុះ​ធ្វើ​សកម្មភាព​សង្គម​នានា​ជាច្រើន​រួមមាន ការ​ចុះ​អប់រំ​សុខភាព​តាម​ផ្ទះ​នៅ​ក្នុង​សហគមន៍ ការ​បញ្ជូន​សមាជិក​របស់​ខ្លួន​ចូលរួម​សិក្ខាសាលា ការ​បណ្ដុះបណ្ដាល ថ្នាក់​ជាតិ​និង​អន្តរជាតិ​។ សមាគម​បាន​ចូលរួម​ជាមួយ​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​ក្នុង​ការ​ចុះ​ប្រគល់​អណ្តូង​ទឹក​ស្អាត​បាន​ចំនួន ១៥២ អណ្តូង ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​មហា​ឧបាសក ហ៊ុន នាង និង​មហា​ឧបាសិកា ឌី ប៉ុក រួម​ទាំង​ព្រឹត្តិការ​សង្គម​នានា ដូចជា​ការ​តាំង​ពិព័រណ៍​ផ្នែក​សុខាភិបាល បុណ្យ​ទន្លេ បុណ្យ​សមុទ្រ ការប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ និង​សកម្ម​មនុស្សធម៌​និង​សកម្មភាព​សង្គម ផ្សេងៗ​ជាច្រើន​ទៀត​។

សូម​បញ្ជាក់​ថា លទ្ធផល​ក្នុង​រយៈពេល​៤​ឆ្នាំ ដែល​សមាគម​បាន​ចុះ​ធ្វើ​សកម្មភាព​ពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​រួមមាន​នៅ​ឆ្នាំ​២០១៣ TYDA បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៤១ គោលដៅ ស្មើនឹង ៦៦,៧៧៣​នាក់​។ នៅ​ឆ្នាំ​២០១៤ TYDA បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ផ្សេងៗ​ជូន​ប្រជា​ពលរដ្ឋ​បាន​ចំនួន​១៤ គោលដៅ ស្មើនឹង​២០,២៦៤​នាក់​។ នៅ​ឆ្នាំ​២០១៥ TYDA បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​២៤ គោលដៅ ស្មើនឹង​៣៦,៨៨៩​នាក់​។ នៅ​ឆ្នាំ​២០១៦ TYDA បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៤៨ គោលដៅ ស្មើនឹង​៥១,០៥៨​នាក់ សរុប​ទាំងអស់​បាន​ចំនួន​១២៧​គោលដៅ​ស្មើនឹង​១៧៣,៨២៦​នាក់​នៅ​ទូទាំង​ប្រទេស​។

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅតាម​មូលដ្ឋាន​នានា ក្នុង​គោលបំណង​ចូលរួម​ចំនែក​ជាមួយ​ស្ថាប័ន​ជាតិ ជាពិសេស​ក្រសួងសុខាភិបាល ដើម្បី​ផ្តល់​សុខភាព​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ និង​មិន​ប្រកាន់​ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោ​បាយ​ឡើយ​។

លើស​ពី​នេះ ដើម្បី​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​សកម្ម​ភាព​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដល់ទី​កន្លែង ជាពិសេស​តាម​ទីជនបទ​ដាច់ស្រយាល​នានា និង​ចូលរួមចំណែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល ក៏ដូចជា​ផ្ដល់​ឱកាស​ដល់​ប្អូនៗ​និស្សិត និង​យុវជន​ស្ម័គ្រចិត្ត​ដ៍ទៃទៀត​ឲ្យ​បាន​ចូលរួម​បម្រើ​ការងារ​មនុស្សធម៌​ដល់​សង្គមជាតិ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684