ព័ត៍មានទាន់​ហេតុការណ៏
Search

គូ​ស្វាមីភរិយា​​​២៥០​គូ​ ​មកពី​ស្រុក​អូរជ្រៅ​ ធ្វើ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​ខែមករា​ ឆ្នាំ​២០១៧​ ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និង​ប្រជាពលរដ្ឋ​ ជា​គូ​​ស្វាមីភរិយា​ចំនួន​២៥០​គូ​ ​មកពី​ស្រុក​អូរជ្រៅ​ បានធ្វើ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​នៅ​សាលាស្រុក​អូរជ្រៅ ក្នុងភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ ពិធី​នេះ​រៀបចំឡើង​ដោយ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​កម្ពុជា។

ពិធី​នេះ​មានការ​ចូលរួម លោក​ចុង​ផែត អនុ​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​សាន​ស៊ានហូ ​អភិបាលស្រុក​អូរជ្រៅ​ និង​គូ​ស្វាមីភរិយា​ចំនួន​២៥០​គូ​ មកពី​ស្រុក​អូរជ្រៅ។

លោក​ហាយ​ជី​មិ​សាយ​តុ​ ប្រធាន​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​កម្ពុជា​ប្រចាំ​នៅ​ឥណ្ឌូចិន​បាន​មានប្រសាសន៍ថា ​អង្គការ​លោក​បាន​រៀបចំ​រំលឹក​ខួប​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​នេះ​ឡើង​ គឺ​ដើម្បី​រំលឹក​នូវ​សេចក្តីស្នេហា​របស់​គូ​ស្វាមីភរិយា​ និង​ដើម្បី​មនោសញ្ចេតនា​នៃ​គ្រួសារ​នីមួយៗ​ ដែល​បាន​ចាប់ដៃគ្នា​កសាង​សុភមង្គល​រាប់សិប​ឆ្នាំ​មកហើយ។ ជាងនេះទៅទៀត​កម្មវិធី​នេះ​មាន​ខ្លឹមសារ​ជ្រាលជ្រៅ​ណាស់​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​កសាង​សន្តិភាព​ចាប់ផ្តើម​ចេញពី​គ្រួសារ​មួយ ពី​សហគមន៍​មួយ និង​ប្រទេសមួយ​។​

លោក​ហាយ​ជី​មិ​សាយ​តុ​បានបញ្ជាក់​ទៀតថា ​គូ​ស្វាមីភរិយា​ត្រូវមាន​ទំនុកចិត្ត​រវាង​ប្តី​និង​ប្រពន្ធ​ឲ្យ​បានល្អ​ ដោយ​យើង​ត្រូវ​ចេះ​យោគយល់​គ្នា​អធ្យាស្រ័យ​គ្នា​អត់អោន​ឲ្យ​គ្នា​ទៅវិញទៅមក​និង​ចេះ​លើកទឹកចិត្ត​គ្នា​ផ្តល់ឱកាស​ឲ្យ​គ្នា ​ធំ​បំផុត​នោះ​គឺ​ការ​ស្មោះត្រង់​រវាង​ប្តី​និង​ប្រពន្ធ​លើ​ការសម្រេចចិត្ត​រួម​មិនមែន​អត្តនោម័ត​ដោយ​ខ្លួនឯង​នោះឡើយ​។​

លោក​ហាយ​ជី​មិ​សាយ​តុ​បានបញ្ជាក់​ទៀតថា​ ទាំងអស់នេះ​គឺ​ការចូលរួមចំណែក​ក្នុងការ​ឆ្លុះបញ្ចាំង​ពី​ដំណើរការ​យេនឌ័រ​ដែល​យើងទាំងអស់គ្នា​បាននិងកំពុង​ធ្វើ​នាពេល​សព្វថ្ងៃនេះ​ដើម្បី​ភាពសុខសាន្ត​នៃ​គ្រួសារ​នីមួយៗ​។​ នេះហើយ​គឺជា​ការលើក​តម្លៃ ភក្តីភាព​នៃ​សេចក្តីស្នេហា​បរិសុទ្ធ​ក៏ដូចជា​ការចូលរួមចំណែក​ថែរក្សា​វប្បធម៌​ប្រពៃណីជាតិ​ខ្មែរ​ដ៏​ល្អ​ផូរផង់​ដែលមាន​ជា​យូរលង់​ណាស់​មកហើយ​របស់​យើង​។​

លោក​ហាយ​ជី​មិ​សាយ​តុ​បានបញ្ជាក់​ទៀតថា​ ការ​រំលឹក​ខួប​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​នេះ​គឺ​ក៏​ចង់​ធ្វើជា​គំរូ​ល្អ​សម្រាប់​កូនចៅ​យើងទាំងអស់គ្នា​ជំនាន់​ក្រោយ​ក្នុង​ការកសាង​សុភមង្គល​គ្រួសារ​របស់​ពួកគេ​ប្រកបដោយ​សុភមង្គល​និង​ភាពស្មោះត្រ។ ​ក្នុងនោះដែរ​លោក​លី​សារី​ក៏បាន​មានប្រសាសន៍​ដែរ​ថា​ លោក​បានធ្វើ​កាត​សរសើរ​ដល់​គូ​ស្វាមីភរិយា​ទាំង​២៥០​គូ​នេះ​ណាស់ ​ដែល​បាន​ខំ​ចំណាយ​ពេលវេលា​ចូលរួម​រំលឹក​ខួប​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​ដ៏​ពិសេស​ពិសាល​នេះ។ លោក​ជូនពរ​ឲ្យ​គូ​ស្វាមី​ទាំងអស់​ឲ្យ ជួបប្រទះ​តែ​សេចក្តីសុខ​សេចក្ដីចម្រើន​ទាំងអស់គ្នា​ ហើយ​លោក​សូម​ឲ្យ​គូ​ស្វាមី​ភរិយា​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ចេះ​ស្រឡាញ់​គ្នា​ដល់​ចាស់​ស្លាប់​រៀង​ៗ​ខ្លួន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114