ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ពលរដ្ឋ​ចាប់អារម្មណ៍​ចូល​ទស្សនា​ការ​កែច្នៃ​ចំបើង​ក្នុង​ពិធីបុណ្យ​កសិ​ទេសចរណ៍

សៀមរាប ៖ ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប បាន​ហែហម​បន្ត​កន្ទុយ​គ្នា ដើម្បី​ទៅ​ទស្សនា​ការ​កែច្នៃ​ចំបើង ជា​រូបសំណាក​សត្វ​ផ្សេងៗ រួម​ទាំង​មានការ​ដាក់​តាំង​ពិព័រណ៍ ការដាំដុះ​ដំណាំ​កសិកម្ម រួមទាំង​បន្លែបង្កា​គ្រប់ មុខ​នៅក្នុង​ពិធីបុណ្យ​ក​សិ​ទេសចរណ៍ ដែល​បាន​រៀបចំឡើង​​ ចាប់ពី​ថ្ងៃទី​២០ ដល់​២២ ខែ​មករា ឆ្នាំ​២០១៧​ស្ថិតនៅ​ភូមិ កន្ត្រក ​សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ខេត្តសៀមរាប។

តាម​ការ​រៀបរាប់​របស់​លោក ឆេង រដ្ឋា អ្នករៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ការរៀបចំ​តាំង​ពិព័រណ៍​បុណ្យ​ចំបើង ឬ​បុណ្យ​ក​សិ​ទេសចរណ៍​នេះ​គឺ​ត្រូវ​បាន​ធ្វើឡើង​ចំនួន​៣​លើក​មក​ហើយ ទី​១ និង​ទី​២ គឺ​បាន​ធ្វើឡើង​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង​លើក​ទី​៣ គឺ​នៅក្នុង​ខេត្តសៀមរាប​ក្នុង​ពេលនេះ ដែរ​បាន​រៀបចំឡើង​ដោយ​លោក អូ ដែលជា​ជនជាតិ​កូរ៉េ ​ដោយ​បាន​ចំណាយ​ថវិកា​ក្នុងការ​សាងសង់​ជិត ១​លាន ដុល្លារ នៅលើ​ផ្ទៃដី​៤​ហិក​តា ដោយបាន​រៀបចំ​ជា​អាគារ​រី​សត មាន​ស្រះ​ទឹក និង​ស្ពាន​​ឫស្សី មា​ន​ខ្ចុះ​សម្រាប់​​​ពិសា​​អាហារ ក្រោម​ជំនោរ​ធម្មជាតិ​ពិតៗ។

លោក ឆេង រដ្ឋា បាន​បញ្ជាក់​ពី​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ ដែល​បានមក​ទស្សនា ក្នុង​ពិធីបុណ្យ ក្នុង​រយៈពេល​៣​ថ្ងៃនេះ ក្នុង​មួយថ្ងៃ​មាន​ចំនួន​៤​ពាន់ ទៅ​៥ពាន់នាក់ គឺជា​ការ​ចង់ឃើញ​ការច្នៃប្រឌិត​ចំបើង ដែល​បាន​សេសសល់​ពី​ការប្រមូល​ផល​ស្រូវ ដែល​កន្លងមក​ធ្លាប់តែ​យក ទៅ​ឲ្យ​គោ​ស៊ី ឬ​ធ្វើជា​ផ្សិត និង​គល់​ជញ្ជ្រាំង​ទាំងឡាយ​ត្រូវ​បាន​ដុត​ចោល តែ​ពេលនេះ​លោក អូ ដែលជា ប្រធាន​គ្រប់គ្រង​រី​សត​នេះ បាន​ចង់​ចំបើង​ផ្តុំគ្នា​ជាច្រើន​រាប់ពាន់​ដុំ ដាក់​តម្រៀប​គ្នា ខ្លះ​តែង​ធ្វើជា​រូបសំណាក​សត្វ​ផ្សេងៗ ខ្លះ​តែង​ជា​អក្សរ មិនតែប៉ុណ្ណោះ​នៅក្នុង​កម្មវិធី​បុណ្យ​ក​សិ​ទេសចណ៍​នេះ បាន​ដាក់​តាំង​បង្ហាញ​នូវ​ការ​ដាំ​ពូជស្រូវ​ផ្សេងៗ និង​រុក្ខជាតិ​ដំណាំ​ដាំ​ដុះ​ជាច្រើន​មុខ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​មានការ​ចាប់អារម្មណ៍ ប្លែក​សប្បាយ​ហើយ ថែមទាំង​មាន​ចំណេះដឹង​ទៀត​ផង។

លោក​បាន​បន្ត​ថា​ ក្រោយពី​ចប់​កម្មវិធី​ ទីតាំង​ពិព័រណ៍​នេះ នឹង​ក្លាយជា​រី​សត និង​ភោជនីយដ្ឋាន​សម្រាប់​ទទួល​ការ​ស្នាក់នៅ​របស់​ជនជាតិ​កូរ៉េ ដែល​ចូលចិត្ត​ធម្មជាតិ។

ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ទស្សនា​បាន ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ការតាំង​បង្ហាញ និង​ផ្តល់​ចំណេះដឹង ដល់​ប្រជាកសិករ ដែល​ប្រកបមុខរបរ​ធ្វើ​ដំណាំ​កសិកម្ម រួមទាំង​រីករាយ​យ៉ាង​ក្រៃលែង ដែល​បានធ្វើ​ឲ្យ​ទីតាំង នេះ​ក្លាយជា​ទីតាំង​ទេសចរណ៍​ធម្មជាតិ ព្រមទាំង​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តំបន់​ភូមិ​កន្ត្រក​នេះ មានការ​ធ្វើ ហើយ​អាច​លក់ទំនិញ​រកចំណូលបាន​ពី​ភ្ញៀវ​ទេសចរ​​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114