ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ការងារ​ពិសេស​អន្តរក្រសួង ​បោសសម្អាត​ការ​នេសាទ​អនាធិបតេយ្យ​ លើ​បឹង​ទន្លេសាប

កំពង់ធំ ៖​ ក្រោម​បទ​បញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ​ ដើម្បី​ទប់ ស្កាត់ និង បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប។

ក្រុមការងារ​ពិសេស​នេះ ​ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ ចាត់តាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជា​ប្រធាន និង​ដោយមាន​កងកម្លាំង​នគរបាល​ជាតិ ផ្នែក​អន្តរាគមន៍ ប្រដាប់​ដោយ​អូប័រ​បំពាក់​ដោយ​ឧបករណ៍​ប្រភេទ​ប្រដេញ​ជាច្រើន​គ្រឿង។ ក្រុមការងារ​ពិសេស​នេះ​ បានចេញ​​ប្រតិបត្តិការ ​កាលពី​យប់​ថ្ងៃទី​២០ ​ខែ​មករា ឆ្នាំ​២០១៧ និង​ត្រូវ​បាន​ចំណាយ​ពេល​១​ខែ ដើម្បី​ឆ្មក់​ចូល​ទីតាំង​ស្មុគស្មាញ​ទាំងឡាយ​លើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ចំណុច​ភូមិ​សាស្ដ្រ ភូមិ​បាឡត ព្រលិច ច​ង្កែ​ង និង​ភូមិ​ផ្សោ​ធន៍ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុង ស្រេង ប្រធាន​ក្រុមការងារ​នោះបាន​ឲ្យ​ដឹងថា​ សមត្ថកិច្ច​របស់​លោក កំពុង​បើក​​ប្រតិបត្តិការ​យ៉ាងសកម្ម ​លើ​គោលដៅ​សំខាន់ៗ ដែល​ជនល្មើស​កំពុង​​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ប្រភេទ​ឆ្នក់​(​ភ្លើងពណ៌​)​មាន​ប្រមាណ​២៥០ ទៅ​៣០០​គ្រឿង។ ប្រតិបត្តិការ នោះ​ត្រូវបាន​ក្រុមការងារ​ពិសេស​របស់​អន្ដរក្រសួង ធ្វើការ​បង្ក្រាបបាន និង បំផ្លាញចោល​នៅ នឹង​កន្លែង ក្នុងនោះ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ចាប់​ជនសង្ស័យ​ចំនួន​៧​នាក់ មាន​ម្នាក់​ជា​មេខ្លោង មធ្យោបាយ​កាណូត​១៣​គ្រឿង បច្ចុប្បន្ន​ក្រុមការងា​ពិសេស​អន្ដរក្រសួង បានប្រគល់​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​ឲ្យ​សង្កាត់រដ្ឋបាល​ជលផល​ឃុំ​ពាម​បាង ដើម្បី​បន្ត​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​កំពង់ធំ។

ក្រុមការងារ​ពិសេស​នេះ នឹង​ចាប់ផ្តើម​បោសសំអាត បទល្មើស​នេសាទ​ខុសច្បាប់​លើ​ផ្ទៃ​ទឹកសាប ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត តាម​អ្វី​ដែល​រាជរដ្ឋាភិបាល​កំពុង​មាន​ការ​កំណែ​ទម្រង់។ លោក ឡុង ស្រេង បន្តថា សូម​បងប្អូន​កុំ​ច្រឡំ​ភ្លើងពណ៌​នេះ​ថា ជា​ភ្លើង​នៅ​ទីក្រុង ឬ​ជា​ផ្សារ​រាត្រី​ឲ្យ​សោះ នេះ​គឺជា​បទល្មើស​នេសាទ​ប្រភេទ​ឆ្នក់ ដែលជា​បទល្មើស​ថ្នាក់​លេខ​១​ខុស នឹង​ច្បាប់​ស្ដីពី​ជលផល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114