ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ​ចុះ​ល្បាត​តាម​បណ្ដោយ​ដងស្ទឹង​កុយ ប្រទះ​ឃើញ​បទល្មើស​ឆក់​មច្ឆជាតិ

ប៉ៃលិន​ ៖ ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧​ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ប៉ៃលិន ​ដឹកនាំ​ដោយ​លោក បេង ឆាំ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ ​បាន​ចុះ​ល្បាត​តាម​បណ្ដោយ​ដងស្ទឹង​កុយ ក្នុង​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក៏​ប្រទះឃើញ​ប្រជាពលរដ្ឋ​២​ទៅ​៣​នាក់ កំពុងតែ​ប្រព្រឹត្ត​បទល្មើស​ឆក់​មច្ឆជាតិ ក្នុង​តំបន់​អភិរក្ស តែ​ត្រូវ​បាន​រត់គេច​ខ្លួន ដោយ​បន្សល់ទុក​ប្រដាប់​ឆក់​មួយ​ចំនួន។

លោក​បេង ឆាំ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ប៉ៃលិន​ បាន​ឲ្យ​ដឹង​ថា ​៖ កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ លោក បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចំនួន​៤​នាក់ ប្រើប្រាស់​ដោយ​កាណូត​ស្មាត មួយ​គ្រឿង ចុះ​ល្បាត​តាម​បណ្ដោយ​ដងស្ទឹង​កុយ ក្នុងភូមិ​សាស្ត្រ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក៏​ប្រទះឃើញ​ប្រជាពលរដ្ឋ​ចំនួន​២​ទៅ​៣​នាក់ កំពុង​ឆក់​ត្រី។ ពេលនោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ដេញ​តាម ដើម្បី​ឃាត់ខ្លួន ​តែ​មិនបាន​សម្រេច ដោយ​ពួកគាត់​បាន​រត់គេច​ខ្លួន​បាត់ស្រមោល។ លោក​បន្ត​ថា ​៖​ កាលពីមុន​ខេត្ត​ប៉ៃលិន មិន​មាន​ខណ្ឌ​រដ្ឋបាល​ជលផល​នោះ​ទេ​ គឺ​តែងតែ​មាន​បទល្មើស​ប្រើ​ឧបករណ៍​ឆក់​ជា​បន្តបន្ទាប់។ នៅ​ពេល​ចាប់​បាន​ជនសង្ស័យ​ តែងតែ​អប់រំ ណែនាំ​កុំ​ឲ្យ​​ប្រព្រឹត្តិ​បទល្មើស ផង​ដែរ។ តែ​ពេលនេះ​ខេត្ត​យើង មាន​ខណ្ឌ​រដ្ឋបាល​ជល​ផល ដូច្នោះ​សមត្ថកិច្ច​ជលផល​ខេត្ត តែងតែ​ចុះ​ល្បាត​ជា​បន្តបន្ទាប់ ដើម្បី​ចាប់​ជនសង្ស័យ ដែល​​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ៖​ នៅ​តំបន់​ភូមិសាស្ត្រ​ស្ទឹង​កុយ​នេះ យើង​មាន​តំបន់​អភិរក្ស​មួយ​កន្លែង ដែល​មាន​ផ្ទៃក្រឡា​១​ម៉ឺន​ម៉ែត្រ​ការ៉េ​ ដែល​មាន​ប្រវែង​៥​ទៅ​៦​គឺ​ឡូ​ម៉ែត្រ​ផង​ដែរ។ ជាមួយ​គ្នានេះដែរ​ក្រុម​ជនល្មើស​បាន​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​គឺ ពួកគេ​ប្រព្រឹត្តិ​បទល្មើស​តែ​ពេលយប់ ហើយ​នេះ​ក៏​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​សមត្ថកិច្ច​ជលផល​ប៉ៃលិន​ផង​ដែរ។ ក្នុង​ការចុះ​ល្បាត​នោះ កម្លាំង​សមត្ថកិច្ច​បាន​រឹបអូស​ឧបករណ៍​ឆក់​ត្រី​មួយ​ចំនួន​រួម​មានៈ អាំង​វិចទ័រ​ឆក់​ចំនួន​១ គ្រឿង ដង​ឆក់​ចំនួន​១​ គូ អាគុយ​ចំនួន​​១​គ្រឿង​ ផង​ដែរ។

សូម​បញ្ជាក់​ថា ​៖ នៅ​ខេត្ត​ប៉ៃលិន មាន​បទល្មើស​ជលផល​ជា​បន្តបន្ទាប់ ពិសេស​ករណី​ឆក់​ត្រី​ជាដើម ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​ប្រជាពលរដ្ឋ បាន​ចុះទៅ​ប្រព្រឹត្តិ​បទល្មើស​នេសាទ ក្នុង​តំបន់​ហាមឃាត់​ចំណុច​ឡាក់​៦៨ រហូត​បាត់​ដំណឹង​២​ទៅ​៣​យប់ ទើប​រក​ឃើញ​មកវិញ។
ចំពោះ​ចំណុច​ស្ទឹង​កុយ​នេះ​វិញ បើ​តាម​មន្ត្រី​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ​៖​ បទល្មើស​ជលផល​តែង​កើតមាន​ជា​បន្តបន្ទាប់ ហើយក៏​ចាប់​បានជា​បន្តបន្ទាប់​ដែរ តែ​មិន​រាងចាល ដូច្នោះ​សូម​មន្ត្រី​​ខណ្ឌ​រដ្ឋបាល​ជលផល​ប៉ៃលិន មេត្តា​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ តាម​ចំណុច​ខាង​លើ​នេះ​ផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114