Connect with us

ព័ត៌មានជាតិ

គណបក្សនយោបាយ ប្រកាសគាំទ្រ គ.ជ.ប ចំពោះការបដិសេធការចុះបញ្ជីឈរឈ្មោះ របស់គណបក្សភ្លើងទៀន

បានផុស

នៅ

គណបក្សនយោបាយ បានប្រកាសគាំទ្រ គ.ជ.ប ចំពោះការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ របស់គណបក្សភ្លើងទៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសគាំទ្រនេះ បន្ទាប់ពី គ.ជ.ប កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ បានចេញសេចក្ដីសម្រេច ស្ដីពី ការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន ២៥មណ្ឌលរាជធានី-ខេត្ត។ មូលហេតុដោយសារតែគណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់ នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឲ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី ២ និងចំណុចទី ១ ក្នុងមាត្រា ២៧ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។

គណបក្សយុវជនកម្ពុជា បានប្រកាសគាំទ្រសេចក្ដីសម្រេចរបស់ គ.ជ.ប ដោយថា ការសម្រេចបដិ​សេធនេះឆ្លុះបញ្ចាំងអំពីការអនុវត្តគោលការណ៍ និងអនុវត្តច្បាប់ដោយស្មើភាពគ្នា ចំពោះគណបក្សនយោ​បាយគ្រប់និន្នាការ។

តាមរយៈសេចក្ដីប្រកាសរបស់ខ្លួន គណបក្សយុវជនកម្ពុជា បានសរសេរថា «ក្នុងន័យនេះដែរ គណបក្សយុវជនកម្ពុជា យើងខ្ញុំសូមគាំទ្រទាំងស្រុងនូវសេចក្ដីសម្រេចបដិសេធ ការចុះបញ្ជីគណបក្សភ្លើងទៀន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយយើងខ្ញុំ សូមស្នើដល់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតម្កល់សេចក្ដីសម្រេចបដិសេធ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចេញសេចក្ដីសម្រេចបដិសេធការចុះបញ្ជីរបស់គណបក្សភ្លើងទៀនទុកជាបានការ ដើម្បីធានាបានតម្លាភាព និងភាពស្មើគ្នាចំពោះមុខច្បាប់រវាងគណបក្សនយោបាយទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានចេញសេចក្ដីថ្លែងការណ៍គាំទ្រសេចក្ដីសម្រេចរបស់ គ.ជ.ប ដែរ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្សហ៊្វុនស៊ិនប៉ិច យល់ឃើញថា សេចក្តីសម្រេចការបដិសេធចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្សភ្លើងទៀនថ្មីៗនេះ ដោយគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត គឺផ្អែកទៅលើទិដ្ឋ​ភាពផ្លូវច្បាប់សុទ្ធសាធ មិនជាប់ពាក់ព័ន្ធជាមួយបញ្ហានយោបាយនោះឡើយ ពោលគឺគណបក្សភ្លើង​ទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម តែប៉ុណ្ណោះ។

ជាមួយគ្នានេះ គណបក្សហ៊្វុនស៊ិនប៉ិច គាំទ្រទាំងស្រុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការអនុវត្តច្បាប់បានយ៉ាងត្រឹមត្រូវ ឥតលម្អៀង ដោយគ្រប់បណ្ដាគណបក្សនយោយបាយទទួលបាននូវភាពស្មើគ្នា ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នាពេលកន្លងមកនេះ។

ចំណែកឯគណបក្សខ្មែររួបរួមជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍គាំទ្ររបស់ គ.ជ.ប ដែរ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្សខ្មែររួបរួមជាតិ បានគាំទ្រទាំងស្រុងសេចក្តីសម្រេចបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើការចុះឈ្មោះគណបក្សភ្លើងទៀន ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៧ ពីព្រោះជាការអនុវត្តន៍ស្តង់ដារតែមួយរបស់ គជប ទៅលើបណ្តាគណបក្សនយោបាយនៅកម្ពុជាទាំងអស់ ដោយស្មើភាព គ្មានការរើសអើង។

ជាមួយគ្នានេះ គណបក្សខ្មែររួបរួមជាតិ ក៏បានអំពាវនាវឲ្យក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ តម្កល់ និងរក្សាទុកជាបានការសេចក្តីសម្រេចរបស់ គជប ស្ដីពី ការបដិសេធការចុះបញ្ជីគណបក្សនយោបាយភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី ៧។

រីឯលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏បានចេញសេចក្ដីប្រកាសគាំទ្រសេចក្ដីសម្រេចរបស់ គ.ជ.ប ផងដែរ។ តាមរយៈសេចក្ដីប្រកាសរបស់ខ្លួន លោក ម៉ម សូណង់ដូ បានសរសេរថា «តាមការសិក្សា និងពិភាក្សាស៊ីជម្រៅ ខ្ញុំ ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ សូមប្រកាសថា មិនសម្រាប់តែគណបក្សណាមួយទេ ឲ្យតែមិនបានគោរព និងបំពេញ ចំណុចខ្វះខាត ឬឯកសារឲ្យបានគ្រប់គ្រាន់តាមការណែនាំរបស់ គ.ជ.ប គណបក្សនោះត្រូវតែទទួល បាននូវការសម្រេចបដិសេធទាំងស្រុងរបស់ គ.ជ.ប»។

សូមជម្រាបថា ក្រៅពីគណបក្សចំនួន ៤ខាងលើនេះ នៅមានគណបក្សនយោបាយជាច្រើនផ្សេងទៀត ក៏បានចេញសេចក្ដីប្រកាសគាំទ្រសេចក្ដីសម្រេចរបស់ គ.ជ.ប ដែរ។ ក្រៅពីនោះទៀត ក៏បានអង្គការ-សមាគម និងយុវជនជាច្រើននាក់ទៀត ក៏បានប្រកាសគាំទ្រសេចក្ដីសម្រេចរបស់ គ.ជ.ប ចំពោះការបដិសេធចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ របស់គណបក្សភ្លើងទៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម