ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ក្រឡាហោម ​ជិះ​ឧទ្ធម្ភាគចក្រ ពិនិត្យ​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប

ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ បានដឹកនាំ គណៈកម្មាធិការ​អន្តរក្រសួង​អញ្ជើញ ជិះ ឧទ្ធម្ភាគចក្រ​ពិនិត្យ​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ដើម្បី​ចាត់វិធានការ បង្ក្រាប​និង​ទប់ស្កាត់​។​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប បាន​ឲ្យ​ដឹង នៅ​ក្នុង​ផេ​ក​ផ្លូវការ​របស់​លោក ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹក​គណៈកម្មការ​អន្តរក្រសួង ចុះ​ពិនិត្យ​និង​វាយតម្លៃ​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង កំពង់ធំ បាត់ដំបង និង​ពោធិ៍សាត់ តាម​ឧទ្ធម្ភាគចក្រ។

ក្រោយពី​បាន​ចុះ​ពិនិត្យ គណៈកម្មការ​បាន​វាយតម្លៃ​ថា ​ជាបឋម​នៅ​តែ​មាន​បទល្មើស​នេសាទ​កើតមាន​ឡើងវិញ​មួយ​ចំនួន ជាពិសេស​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង កំពង់ធំ និង​ខេត្ត​ពោធិ៍សាត់។

បើ​យោងតាម​របាយការណ៍​ជាបឋម​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧ គណៈកម្មការ​អន្តរក្រសួង និង​អនុគណៈកម្មការ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​ខេត្តកណ្តាល បាន​សហការ​ចុះ​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​ដោយ​បាន​បង្ក្រាប​បទល្មើស​នេសាទ​សរុប​ចំនួន ១៣០ ករណី ដែល​ក្នុង​នោះ​រួមមាន​វត្ថុ​តាង​បាន​បំផ្លាញ​ចោល និង​រក្សាទុក​ចំនួន ១២៦ ករណី បញ្ជូនទៅ​តុលាការ​ចំនួន ០៨ ករណី ដែលមាន​ជនសង្ស័យ​ចំនួន ៣៧ នាក់ និង​បាន​ពិន័យ​អន្តរការណ៍​ចំនួន​០៣ ករណី ។

សូមបញ្ជាក់ថា អម​ដំណើរ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាម​ឧទ្ធម្ភាគចក្រ ត្រួតពិនិត្យ​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សា រួមមាន​: លោកនាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧ​ត្ថ​ម​សេនីយ៍​ឯក វង្ស ពិ​សេន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ជាតិ ឯកឧត្ដម​ប្រធាន​រដ្ឋបាល​ជលផល និង​ឯកឧត្តម អស់លោក ជាស​ហការី៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114