ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ចម្រុះ​ក្រសួង ​ចាប់​អ្នកនេសាទ​ខុសច្បាប់​បាន​៤១​នាក់

កំពង់ឆ្នាំង​ ​៖ ​ជនសង្ស័យ​ជា​អ្នកនេសាទ​ខុសច្បាប់​ចំនួន​៤១​នាក់ និង​ទូក​នេសាទ​ល្មើសច្បាប់​ចំនួន​១៨​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ក្រសួង ​ដឹកនាំ​ដោយ​លោក សៅ សុវណ្ណ​សិរី​វុ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក ឡុង ស្រេង នាយរង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ​​ចាប់​ឃាត់ខ្លួន​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ពោធិ៍សាត់ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧ ហើយ​បាន​នាំ​យក​មក​ទុក​នៅ​ក្នុង​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧ ​ពេល​កសាង​សំណុំរឿង ​រួច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ខេត្ត​ពោធិ៍សាត់​វិញ។

លោក ជិន សុផាត នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ​៖​ ជន​សង្ស័យ​ជា​អ្នកនេសាទ​ខុសច្បាប់ ទាំងនោះ គឺ​សមត្ថកិច្ច​ចម្រុះ ក្រសួង ជា​អ្នក​បង្ក្រាប​នៅ​ក្នុង​ខេត្តពោធិ៍សាត់ ហើយ​បាន​នាំយកមក​ធ្វើ​កំណត់​ខេត្ត នៅក្នុង​ខេត្តកំពង់ឆ្នាំង ដោយ​សមត្ថកិច្ច​របស់​លោក​ជា​អ្នក​សាកសួរ​ធ្វើ​កំណត់ហេតុ។ ពេលធ្វើ​កំណត់ហេតុ​រួច​នៅ​រសៀល​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៧ នេះ ​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​បាន​យក​ជនសង្ស័យ​ទាំង​៤១​នាក់ (​ស្រី​៧​នាក់​) ទៅកាន់​ខេត្តពោធិ៍សាត់​វិញ​ហើយ។ ដោយឡែក​ឧបករណ៍​នេសាទ និង​កាណូត បទល្មើស​ចំនួន​១៨​គ្រឿង ​ត្រូវ​បាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ជា​បណ្ដោះអាសន្ន។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​​នៅ​ថ្ងៃ​ទី​២៤​ ខែ​មករា ឆ្នាំ​២០១៧​​ ​សមត្ថកិច្ច​ចម្រុះ​របស់​ក្រសួង​ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ដែល​ប្រើប្រាស់​ឧបករណ៍ អ៊ួ​ន​ក្រឡា​ញឹក ប្រើប្រាស់​ម៉ាស៊ីន​អូសទាញ និង​ឧបករណ៍ យ៉ាំង​កាវ​ខុសច្បាប់​ជាច្រើន​វង់​ត្រូវ​បាន​បង្ក្រាប ដោយ​ចាប់​ឃាត់ខ្លួន មនុស្ស​៤១​នាក់​( ក្នុងនោះ​ក៏មាន​អ្នក​តដៃ​មួយចំនួន​ជាមួយ​សមត្ថកិច្ច​ផងដែរ ) និង​កាណូត​បទល្មើស​ចំនួន​១៨​គ្រឿង ហើយ​បាន​នាំយក​កាន់​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពី​សាកសួរ​ធ្វើ​កំណត់​ហើយ សមត្ថកិច្ច​ក៏​បាន​នាំយក ទៅកាន់​ខេត្ត​ពោធិ៍សាត់​វិញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​គេ​មិនដឹងថា​មនុស្ស​៤១​នាក់​នឹង​មានទោស ទណ្ឌ​បែបណា​នោះ​ទេ ឬ​អាច ថា​គេ​យក​តែ​ថៅកែ ឬ​មេខ្លោង និង​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​បទល្មើស​យក​មក​ផ្ដន្ទាទោស !! រឿងនេះ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ យើង​នឹង​ស៊ើប​ការ​ពេល​ក្រោយ​ទៀត។

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យយដឹង​ដែរ​ថា ​៖ នៅ​ថ្ងៃទី​២៥ ខែមករា ​​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជិះ​ឧទ្ធម្ភាគចក្រ ពិនិត្យមើល​បទល្មើស​នេសាទ​នៅក្នុង​បឹង​ទន្លេសាប និង​ខេត្ត​ជាប់​បឹង​ទន្លេសាប នៅក្នុង​ថ្ងៃ​នេះដែរ​សម្តេច បាន​ហៅ​ចៅហ្វាយខេត្ត​កំពង់ធំ និង​ខេត្តកំពង់ឆ្នាំង​ទៅ​ជួប​នៅ​ក្រសួង មិនដឹងថា​ជំនួប​នេះ​នឹងមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114