ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​៦០​គ្រួសារ ​មិន​ទាន់​ឯកភាព​ទទួលយក​សំណង​គោល​នយោបាយ​នៃ​ការ​អនុវត្ត​អនុ​គម្រោង​ប្រឡាយ​ដូន​កាយ​ថ្មី​នៅឡើយ​ទេ

សៀមរាប​ ៖ ​​ប្រជាពលរដ្ឋ​ចំនួន​៦០​គ្រួសារ​នៅ​ភូមិ​សង្កែ​ឃុំ​ស្នួល​ស្រុក​ក្រឡាញ់​មិនទាន់​ឯកភាព​ទទួលយក​សំណង​គោលនយោបាយ​នៃ​ការ​អនុវត្ត​អនុ​គម្រោង​ប្រឡាយ​ដូន​កាយ​ថ្មី​នៅឡើយ​ទេ ស្រប​ពេល​ដែល​ចំនួន​៤៧២​គ្រួសារ​ទទួលយក​សំណង ដោយ​ពួកគាត់​លើក​ឡើង​ថា​ការ​ធ្វើ​ប្រឡាយ​នាំឲ្យ​បាត់បង់​ដីស្រែ​របស់​គាត់ ដីស្រែ​របស់​គាត់​មាន​តិច ធ្វើ​បាន ​តែ​គាត់​សុំ​ផ្តល់​សំណង​ជា​ដីស្រែ​វិញ។

ពួកគាត់​បាន​លើកឡើង​ដោយ​សម្អាង​ថា​ ដី​គាត់​មាន​ប័ណ្ណ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​មិន​ អាច​ចេះតែ​បង្ខំ​បាន​ទេ និង​និយាយ​ថា ​ការសិក្សា​អង្កេត​ចុះ​វាស់វែង ក៏​ពួកគាត់​មិន​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ច្បាស់​ដែរ។

ពួកគាត់​បាន​លើក​ឡើង​បែប​នេះ ​ក្នុង​វេទិកា​សាធារណៈ​ស្តីពី​ការអនុវត្ត​អនុ​គម្រោង​ប្រឡាយ​ដូន​កាយ​ថ្មី​នៅ ឃុំ​ស្នួល ស្រុក​ក្រឡាញ់ របស់​គម្រោង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​នៃ​សាធារណរដ្ឋ​បារាំង​ហៅ​អា​ហ្វេ​វ​ដេរ។ វេទិកា​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​​កាលពី​​ថ្ងៃ​ទី​២៥​ ខែ​មករា ​ឆ្នាំ​២០១៦ នៅ​មូលដ្ឋាន​ភូមិ​សង្កែ ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ក្រោម​ការ​សម្របសម្រួល​របស់​លោក​ជា ចាន់ ​បរិបូរ​ណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន ​ស្រុក​ក្រឡាញ់ ​ក្នុង​នោះ​ក៏​មាន​​វត្តមាន អញ្ជើញ​ចូលរួម​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ស្រុក មន្ត្រី​ក្រុមការងារ​អន្តរក្រសួង អាជ្ញាធរ​មូលដ្ឋាន និង ប្រជាពលរដ្ឋ​សរុប​ជិត​៤០០​នាក់​។​

វេទិកា​នេះ​ធ្វើឡើង​ដើម្បី​ស្តាប់ ​ ពី​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ការអនុវត្ត​អនុ​គម្រោង​ប្រឡាយ ដូន​កាយ​ថ្មី នៃ​គម្រោង​អភិវឌ្ឍ​វិស័យ​ធារាសាស្ត្រ​និង​កសិកម្ម​ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប និង​ធ្វើឡើង​តាម​ការ​ស្នើ​​សុំ​រក​ការ​ជួយ​អន្តរាគមន៍​របស់​ក្រុមការងារ​អន្តរក្រសួង​ ក៏​ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជួយ​ឲ្យ​គម្រោង​ការងារ​សាងសង់​អាច​ដំណើរការ​ទៅ​បាន​តាម​ការ​គ្រោងទុក។

គម្រោង​នេះ​បាន​និង​កំពុង​សាងសង់​ប្រឡាយ​ចំនួន​១៤​ខ្សែ ប្រឡាយ​មេ​១​ខ្សែ ប្រឡាយ​រំដោះ​ទឹក​១​ខ្សែ ប្រឡាយ​រង​ចំនួន​១២​ខ្សែ មាន​ប្រវែង​សរុប​៣៦,៧៤​គ​.​ម ស្ថិត​ក្នុង​ភូមិសាស្ត្រ ស្រុក​ក្រឡាញ់ ក្នុង​នោះ​មាន​ឃុំ​ចំនួន​៤៖ ឃុំ​ក្រូច​គរ ឃុំ​ស្នួល ឃុំ​ច​ន្លា​ស់​ដៃ និង ឃុំ​សែន​សុខ។ ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​សរុប​ចំនួន​៥៤០​គ្រួសារ ក្នុងនោះ​៤៧២​គ្រួសារ​ទទួល​ប្រាក់​សំណង​រួច ២​គ្រួសារ​ឯកភាព​តែ​មិនទាន់​មក​ទទួលយក​ប្រាក់​សំណង និង មិន​ឯកភាព​ទទួលយក​ប្រាក់​សំណង​ចំនួន​៦៥​គ្រួសារ។

ក្នុង​របាយការណ៍​របស់​លោក​ស្រី ម៉ន​នី រង្សី អភិបាលរង ស្រុក​ក្រឡាញ់ ឲ្យដឹងថា​ ៖​ ការអនុវត្ត​អនុ​គម្រោង​ប្រឡាយ​មេ ដូន​កាយ​ថ្មី នេះ​ចាប់ផ្ដើម​រយៈពេល​២​ឆ្នាំ ចាប់ពី​ចុង​ខែ​ឧសភា​ ឆ្នាំ​២០១៥ មក​ដល់​ពេល​នេះ និង​ចែក​ជា​បី​ដំណាក់កាល​គឺ ដំណាក់កាល​ផ្សព្វផ្សាយ ចុះ​អង្កេត​វាស់វែង​ដី​ប៉ះពាល់ ដំណាក់កាល ​ចុះ​កិច្ចសន្យា​ និង​ដំណាក់កាល​ទី​៣ កាលពី​ពេល​ថ្មីៗ​នេះ ចុះ​បើកប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​ដែល​រង​ផល​ប៉ះពាល់​។​ បន្ទាប់ពី​បើកប្រាក់​គោលនយោបាយ​រួច ក្រុមការងារ​អន្តរក្រសួង​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បន្ត​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មិន​ឯកភាព និង បាន​សម្របសម្រួល​បន្ថែ​ម​ទៀត​ដើម្បី​ឲ្យ​ពួកគាត់​យល់​ពី​គោលបំណង និង អត្ថប្រយោជន៍​នៃ​ការអនុវត្ត​គម្រោង និង គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ពួកគាត់​ទទួលយក​ប្រាក់​សំណង ជា​លទ្ធផល​ចុងក្រោយ​នៅសល់​៦០​គ្រួសារ​ស្ថិត​ក្នុង​ភូមិ សង្កែ ឃុំ​ស្នួល ដែល​មិន​ឯកភាព និង មិន​ព្រម​ទទួល​ប្រាក់​សំណង​ពី​ក្រុមការងារ។

បញ្ហា​ទំនាស់ និង ផលវិបាក​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​៦០​គ្រួសារ​ខាងលើ គឺ​ពួកគាត់​មិន​ព្រម​ឲ្យ​ធ្វើ​ប្រឡាយ ​ដោយ​គាត់​យល់ថា​ប្រឡាយ​មិនបាន​ប្រយោជន៍ និង យល់ថា​ពួកគាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​សម្គាល់​អចលនវត្ថុ​រួចហើយ​ដែរ និង​ខ្លះ​ទៀត​យល់ថា​ បាត់បង់​ដីស្រែ​របស់​ពួកគាត់ ណាមួយ​ក្រុមហ៊ុន​ធ្វើការ​សាងសង់​ប្រឡាយ​មុន​ការ​ដោះស្រាយ​គោលនយោបាយ​។​

មន្ត្រី​ជំនាញ​ខាង​ធនធានទឹក​ខេត្ត ក៏​ដូចជា​មន្ត្រី​ក្រុមការងារ​អន្តរ​វិស័យ​បាន​លើកឡើងថា​៖​រាល់​ការអភិវឌ្ឍន៍​តែងតែ​ជួបប្រទះ​នូវ​ផលប៉ះពាល់​ បើ​មិន​ច្រើន​ក៏​តិច​ដែរ តែ​គម្រោង​នេះ​យើង​បាន​ដោះស្រាយ​ផលប៉ះពាល់​បាន​ប្រមាណ​ជា​៩៥%​ហើយ​។ ​ក្នុង​មូលដ្ឋាន ក្រឡាញ់​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​ខ្វះ​ទឹក​ធ្វើស្រែ ទទួល​ទិន្នផល​ស្រូវ​ទាប​ដោយសារ​ពុំមាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់​។​ជា​សំណូមពរ ផលប៉ះពាល់​បន្តិចបន្តួច​យើង​អាច​បន្ត​ជជែក​គ្នា​ដើម្បីឲ្យ​គម្រោង​ប្រឡាយ​នេះ​ដំណើរការ​ទៅមុខ​ដោយ​រលូន។

ក្រោយពី​បាន​ស្ដាប់​ការ​លើកឡើង​ពី​ផល​ប៉ះពាល់ និង​ឈាន​ទៅ​មិន​ព្រម​ទទួលយក​សំណង​គោលនយោបាយ​អនុវត្តន៍​គម្រោង, ​ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មកពី​គណបក្ស​ដែលមាន​សំឡេង​ក្នុង​រដ្ឋសភា ក៏​ដូចជា​ក្រុមប្រឹក្សា​ស្រុក​បានផ្តល់​ជា​គំនិត​យោបល់​មួយចំនួន​ដើម្បី​បានជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ជួយ​សម្របសម្រួល​ជា​យន្តការ​ក្នុង​ការ​ដោះស្រាយ ដូចជា​ករណី​ ដែល​អាច​ពិភាក្សា​គ្នា​បាន​ គួរ​រួមគ្នា​ជជែក​ពិភាក្សា​ដើម្បី​ស្វែងរក​ដំណោះស្រាយ ទោះបីជា​ការ​ដោះស្រាយ​ជាទូទៅ​មិនបាន​គាប់ប្រសើរ និង ល្អឥតខ្ចោះ​១០០%​ក្តី ប៉ុន្តែ​ត្រូវការ​តម្លៃ​ណាមួយ​ជា​គោល​ការ​សម្រាប់​ដាក់​ចេញ​ដើម្បី​អនុវត្ត។ ​កត្តា​ទំនាស់ និង ផល​លំបាក​ក្នុងការ​ដោះស្រាយ​ទាមទារ​ឲ្យ​យើង​គ្រប់​ភាគី​ចូលរួម​លះបង់​ដាក់ចិត្ត​ដាក់​កាយ​ជជែក​ពិភាក្សា​រវាង​ប្រជាពលរដ្ឋ និង អ្នក​អនុវត្តន៍​គម្រោង​ព្រមទាំង​អ្នក​​ពាក់ព័ន្ធ​ទាំងអស់​ ដែល​មាន​សមត្ថកិច្ច។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បានលើកឡើង​តាម​ការសង្កេត​ឃើញ​ជាក់ស្ដែង​ថា ​អ្នក​ឯកភាព​ទទួលយក​មាន​ចំនួន​ច្រើនជាង​អ្នក​មិន​ឯកភាព ដោយ​ស្ថិតនៅ​លើ​ហេតុផល រៀងៗ​ខ្លួន​។​ ប៉ុន្តែ​ជាទូទៅ​គម្រោង​នេះ​ពិតជា​បាន​ផ្តល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ពិតប្រាកដ​ មិន​អាច​ប្រកែក​បានឡើយ។ លោក ឈួន​ហុក សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បញ្ជាក់ថា ​៖ ​បើ​បងប្អូន​ចង់បាន​ការងារ​សមស្រប​មុខរបរ​សមរម្យ លុះត្រាតែ​យើង​ហ៊ាន​លះបង់ បើ​គម្រោង​នេះ​បរាជ័យ​យើង​ក៏​មិនបាន​ទទួល​ផល​ដែរ។

ឈរ​លើ​យន្តការ​ ឬ​ដំណោះស្រាយ​យ៉ាងណា​ក៏ដោយ​គឺ​សូមឲ្យ​តែ​លើ​ចំណុច​មួយ​ដើម្បីឲ្យ​គម្រោង​អាច​ដំណើរការ​ទៅ​បាន​ដោយ​រលូន​។​ ពិតជា​ត្រឹមត្រូវ​តាមច្បាប់​ហើយ ​ដែល​បងប្អូន​ទទួល​បាន​​ប័ណ្ណ​កម្មសិទ្ធិ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ពី​រាជរដ្ឋាភិបាល​ តែ​សូម​កុំ​មើល​តែមួយ​ជ្រុង ត្រូវ​ពិនិត្យ និង ពិចារណា​ឲ្យ​បាន​សព្វគ្រប់ ពី​ចំណុច​ករណី​ចាំបាច់ និង ករណី​លើកលែង​នៅលើ​ប័ណ្ណ​នោះ។​ បន្ថែម​ពីលើ​នេះដែរ លោក ជា​ចាន់​បរិបូរ​ណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក ក្រឡាញ់ បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​នូវ​ទឡ្ហីករណ៍​ជាក់ស្តែង​កុំឲ្យ​យល់ច្រឡំ រវាង​ដីស្រែ​ជា​កម្មសិទ្ធិ​ឯកជន និង ដីស្រែ​សាធារណៈ​របស់​រដ្ឋ​។ ​ឧ​.​ដូចជា​ការ​រស់នៅ​លើ​ដី​ចំណីផ្លូវ មាត់​ប្រឡាយ រស់នៅ​យូរ​មិន​មាន​អ្នកណា​ហាមឃាត់​ ក៏​តាំង​​​ថា​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នោះ​មិន​ត្រឹមត្រូវ​ទេ​។ លោក បញ្ជាក់​ផងដែរ​ថា​ ៖​ រាល់​គម្រោង​ជំនួយ​ពី​ដៃគូ​នានា បើ​យើង​ខ្វះ​ការគាំទ្រ និង ឯកភាព​លើ​គម្រោង​ណាមួយ ម្ចាស់ជំនួយ ឬ ម្ចាស់​គម្រោង​គេ​មិន​នៅ​អភិវឌ្ឍន៍​ជាមួយ​យើង​ទេ គេ​ទៅ​រក​ដៃគូ​ផ្សេងទៀត​ជាមិនខាន ហេតុនេះ​អ្នក​ខាត​គឺ​យើង​ទាំងអស់គ្នា​។​ជាទូទៅ​ការអភិវឌ្ឍន៍​លើ​គម្រោង​អ្វីមួយ​ចៀស​មិន​ផុតពី​ផលប៉ះពាល់​ទេ លោក បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ឯកភាព​ទទួលយក​សំណង​ពី​គម្រោង និង ក្រុមការងារ​អន្តរក្រសួង សូម​បើក​ចិត្ត​ឲ្យ​ទូលាយ​កុំ​មាន​អរិភាព​ជាមួយគ្នា គួរ​ចូលរួម​ទទួលយក​ការ​សម្របសម្រួល​តាមរយៈ​ការ​ជជែក​ពិភាក្សា​គ្នា​បន្ត​ទៀត​ ដើម្បី​ប្រយោជន៍​គ្រួសារ និង ប្រយោជន៍​រួម​របស់​បងប្អូន​ទាំង​អស់​គ្នា។ លោក​បាន​សំណូមពរ និង ជំរុញ​ដល់​ក្រុមការងារ​ត្រូវ​ព្យាយាម​ពន្យល់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មិន​ឯកភាព​យក​សំណង​ឲ្យបាន​ច្បាស់លាស់ និង ប្រកបដោយ​តម្លាភាព​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114