ព័ត៍មានទាន់​ហេតុការណ៏
Search

ឡុង​សុ​ភី ជួប Thai Oulek និងសូត្រ ប៊ុន​ធី ជួប ​Vath Chhalaksak នៅ​សង្វៀន SEA-TV

ឡុង សុ​ភី ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​៦៩​គីឡូក្រាម នៃ​ក្លិប​សាល​វ័​ន្ត​កីឡា និង​ សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​អ្នករៀបចំ​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ ផ្គូរផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ។ គូ​ទាំង​២​នេះ នឹង​ប្រកួត​គ្នា​នា​ព្រឹក​ថ្ងៃ អាទិត្យ​ ទី​២៩​ ខែមករា​ ឆ្នាំ២០១៧ នៅលើ​សង្វៀន​SEA-TV ។​

សុ​ភី នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គ​.​ក្រ​ជាមួយ Thay Oulek ។​ អ្នក​ប្រដាល់​ថៃ​ឈ្មោះ Thay Oulek នេះ ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ច្រើនលើក​ហើយ​កន្លងមក ដោយ​វាយ​ស្មើ​រ និង ​ចាញ់ ​រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ​បី​លើក ធ្លាប់​ឈ្នះ ​ឯម វុត្ថា​ ក្នុង​ទឹក​ទី​២ ចាញ់​ ពុទ្ធ ឆាយ​រិទ្ធី ក្នុង​ទឹក​ទី​៤ ក្នុងជំនួប​ជម្រុះ​ខ្សែក្រវាត់ និង ​ចុងក្រោយ​វាយ​ចាញ់​ ឡុង សុ​ភី ក្នុង​ទឹក​ទី​៤ ។ ឡុង សុ​ភី គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៥​លើក ឈ្នះ​១០០​លើក ចាញ់​២៦​លើក និង​ស្មើ​រ០៨៩​លើក ។​

Thay Oulek នេះ មានកំ​រិត​សមត្ថភាព ​និង ​បច្ចេកទេស​មិន​អន់​នោះទេ គឺ​គេ​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ​នៅ​ស្រុកថៃ ។ ការប្រកួត​លើ​រេញ​របស់គេ បាន​ចំនួន​១១០​លើក វាយ​ឈ្នះ​៩១​លើក​ទៅហើយ ដោយ​ចាញ់​១៧​លើក និង​ ស្មើ​ ០២​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ចំនួន ២៣​លើក ។​

ចំពោះ អ្នក​ប្រដាល់​ ឡុង សុ​ភី វិញ​គេ​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​រាប់​ភ្លេច​ហើយ​បើ​គិត​ត្រួសៗ​ប្រមាណ​ជាង​៣០​នាក់​ហើយ​ប្រកួត​នៅក្នុង​ស្រុក ដែល​ក្នុង​ជាង​៣០​លើក​នេះ គេ​វាយ​ឈ្នះ​២១​លើក ស្មើ​៣​លើក និង ​ចាញ់​០៣​លើក ។ ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​គេ គឺ​ សុ​ភី វាយ​ឈ្នះ ​ត្រាក់​កាន ដោយ​ពិន្ទុ ។​

សម្រាប់​ការប្រកួត​លើក​នេះ គេ​មាន​ទំនុកចិត្ត​ថា ឡុង សុ​ភី​ អាច​ផ្តួល​អ្នក​ប្រដាល់​ថៃ Thay Oulek បាន​ទៀត​មិន​ខាន ព្រោះថា​សុ​ភី​ពេលនេះ​គេ​បាន​ត្រៀមខ្លួន​ជាមុន​បានល្អ ដោយ​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ ដែល​នេះ​ជា​កត្តា​កំណត់​ជ័យជំនះ​របស់​ ឡុង សុ​ភី​ ក្នុងការ​ប្រកួត​ជាមួយ Thay Oulek នេះ ។​
​ទោះជា​យ៉ាងណា សម្រាប់​ជំនួប​គ្នា​លើក​ទី​២​នេះ ឡុង សុ​ភី មិនអាច​មើលស្រាល ឬ ធ្វេសប្រហែស​នោះទេ ព្រោះ​អ្នក​ប្រដាល់​ថៃ​នេះ គេ​មាន​ស្នៀត​ប្រដាល់ ​និង ​បច្ចេកទេស​ល្អ ។​

សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Vath Chhaalaksak ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ។​
Vath Chhaalaksak នេះ ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ដែរ​កន្លងមក ។ បើតាម​លោក ញាណ សុធី អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​ SEA-TV បាន​ប្រាប់​អោយដឹងថា Vath Chhaalaksak នេះ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​មុន​នៅ​ស្រុកថៃ ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ​នេះ ។អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​វាយ​ខ្លាំង​និង​ល្អ និង មានកំនត់​ត្រា​ប្រកួត​ចំនួន​៦១​លើក ឈ្នះ​៥១​លើក ចាញ់​០៨​លើក និង ស្មើ​០២​លើក ។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ ​សូត្រ ប៊ុន​ធី បាន​នោះឡើយ ព្រោះថា​ ប៊ុន​ធី​ ពេលនេះ គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកនេះ ។​
​សូត្រ ប៊ុន​ធី ឥឡូវ​គេ​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ ។​

ក្រោយពេល​ឆ្លងកាត់​ការប្រកួត​ជាមួយ​ថៃ​១៩​លើក ដោយ​ឈ្នះ ១០ លើក ចាញ់ ៣ លើក និង​ស្មើ​៦​លើក​នោះ បានធ្វើ​ឲ្យ​គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អញ្ចឹង គឺ​គ្មាន​ញញើត​ខ្លាច​អ្វី​បន្តិច​ទេ ។ ប៊ុន​ធី មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​ និង​ ជង្គង់ កែង ក៏​ល្អ​ថែមទៀត ។
Vath Chhaalaksak អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្ពស់​ទាប​ជាង​ សូត្រ ប៊ុន​ធី​ បន្តិចគឺ​១,៦៨​ម៉ែត្រ ខ​ណះ​ដែល ​ប៊ុន​ធី​ គេ​មាន​កម្ពស់​១,៧១​ម៉ែត្រ ។ តែ​ប្រវត្តិ​ប្រកួត​របស់​ពួកគេ​ទាំងពីរ​គឺ​ប្រហាក់ប្រហែលគ្នា​ទេ ដែល​សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​កម្ពុជា​យើង​ប្រកួត​បាន​ចំនួន​៨៥​លើក ឈ្នះ​៦៧​លើក ចាញ់​១៤ លើក និង ​ស្មើ​៤​លើក ។​

ការប្រកួត​លើកចុងក្រោយ​ជាមួយ​ថៃ ប៊ុន​ធី ​វាយ​ឈ្នះ ​Phek Rabkhav ក្នុង​ទឹក​ទី​៤ ។ ជា​អ្នក​ប្រដាល់​ដែលមាន​កាយសម្បទា​ល្អ ខ្ពស់ ដៃជើង​វែង​នោះ អំណោយផល​ក្នុង​ការប្រើ​ជង្គង់ កែង ហើយ​កណ្តាប់ដៃ​លឿន រហ័ស និង​ ខ្លាំង​នោះ ប៊ុន​ធី វាយ​មិន​ញញើត​នោះឡើយ​។​
​ចាំមើល រវាង ​សូត្រ ប៊ុន​ធី និង Vath Chhaalaksak ជួបគ្នា​លើក​នេះ តើន​រណា​ឈ្នះ​នោះ ? ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត បាត់ដំបង នឹង​ជួប​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ ម៉ន លី​ហួរ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ។ ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៨​គីឡូក្រាម ។​រីឯ ធឿន ធី អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ត្រូវ​ជួប​ប្រកួត​ជាមួយ ​កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114