ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​គម្រោង​ផ្លូវ​រថភ្លើង​លើក​គ្នា​មក​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​សួរ​ញត្តិ ​ដែល​បាន​ដាក់​ចូល​រួចហើយ

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​មកពី​សហគមន៍​ផ្លូវ​រថភ្លើង​ទាំង​១០ ដែល​កំពុង​រស់នៅ​ តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ស្ថិតនៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​, ដូនពេញ និង​ទួលគោក មាន​គ្នា​ប្រមាណ​៤០​នាក់​ ដឹកនាំ​ដោយ​ឈ្មោះ ឡុង ចាន់​ឌី​, កែវ បុប្ផា​, វ៉ាន់ ណា​រិ​ទ្ឋិ​, នុង សំ សាន​ នៅ​ថ្ងៃ​ទី​២៦​ ខែ​​មករា ​ឆ្នាំ​២០១៧​ វេលា​ម៉ោង​​៩​និង​០០​នាទី​ បាន​លើកគ្នា​មក​សាលា​រាជធានី​ភ្នំពេញ ​មហាវិថី​ព្រះ​មុន្នីវង្ស ​សង្កាត់​ ស្រះចក ខណ្ឌ​ដូនពេញ ដើម្បី​សួរនាំ​ញត្តិ ​ដែល​ពួកគាត់​បាន​ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​១០​ខែ​មករា ​ឆ្នាំ​២០១៧​ ដោយ​ខាង​សាលា​រាជធានី​ឥតមាន​ការ​ឆ្លើយតប​ តែ​ការ​​អភិវឌ្ឍ​​កំពុង​ដំណើរការ​នោះ។

ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​នោះ​ បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​កន្លង​មក​នេះ ​ប្រជាពលរដ្ឋ​ ដែល​រង​ការ​ប៉ះពាល់​ជាមួយ​គម្រោង​ផ្លូវដែក​ បាន​ទទួល​ព័ត៌មាន​តិចតួច​បំផុត​ពី​យន្តការ​នៃ​ការ​ដោះស្រាយ​របស់​រាជរដ្ឋាភិបាល ​ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ​​​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​អំពី​ការបាត់បង់​ផ្ទះ​ និង​ដីធ្លី​របស់​ពួកគាត់​យ៉ាង​ខ្លាំង។

ពួកគាត់​បាន​​បន្ត​ទៀត​ថា​ ដូច្នេះ​ហើយ​ពួកគាត់​បាន​សូម​ធ្វើការ​ស្នើសុំ​ឲ្យ​លោក​ប៉ា​ សុជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​បង្ហាញ​ពី​យន្តការ​ដោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ ទី​១​ស្នើសុំ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ផ្ទះ​ជាន់​ជាប់​ដី ទី​២​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​ព័ត៌មាន​លម្អិត​ពី​យន្ត​ដោះស្រាយ ​ទី​៣​សុំ​ចូលរួម​ធ្វើការ​សម្រេចចិត្ត​ក្នុង​រៀបចំ​យន្តការ​នៃ​ការ​ដោះស្រាយ ​និង​ចូលរួម​អនុវត្ត​យន្តការ​នោះ ​ក្នុងនាម​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍ ​និង​ទី​៤​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ផ្អាក​ការសាងសង់​បណ្ដោះអាសន្ន ​ដោយ​រង់ចាំ​ក្រោយពេល​ប្រជាពលរដ្ឋ​ទទួល​បាន​ដំណោះស្រាយ​យ៉ាង​សមស្រប​ជាមុន​សិន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114