ព័ត៍មានទាន់​ហេតុការណ៏
Search

ពលករ​ខ្មែរ​៤​នាក់ ត្រូវ​ជនជាតិ​ថៃ​បាញ់​ស្លាប់​ពីរ​នាក់​ ​ របួសធ្ងន់​ម្នាក់​ និង រត់រួចម្នាក់

ប្រទេស​ថៃ ​៖ ​ពលករ​ខ្មែរ​ ដែល​ចូលទៅ​ស៊ីឈ្នួល​កាប់​អំពៅ ត្រូវបាន​ក្មេងស្ទាវ​ដែលជា​ជនជាតិ​ថៃ បាញ់ប្រហារ​ឆៅៗ បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់ របួសធ្ងន់​ម្នាក់ ​​​កំពុង​ស្ថិត​ក្នុង​ដង្ហើមចង្រិត​​ និង​បាន​រត់​រួច​ម្នាក់ ដែល​រហូត​មក​ទល់នឹង​ពេលនេះ​ យុវជន​ដែល​រត់​រួច​នៅតែ​មិនទាន់​យល់​អំពី​មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នេះ​ទាល់តែសោះ ដោយសារតែ​ពួកគេ​ទាំង​៥​នាក់ គឺជា​មិត្តភក្តិ​នឹង​គ្នា​ផង ហើយក៏​ធ្លាប់​ផឹកស៊ី​ជាមួយគ្នា​ផង។

តាម​របាយការណ៍​របស់​ក្រុម​តម្រួត​ថៃ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ២៤ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦​ល្ងាច ត្រង់ចំណុច​ក្នុង​ចម្ការ​អំពៅ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ទី​១០ ឃុំ​ផ្លាប់​ផ្លា​ឆៃ ស្រុក អ៊ូ​ថង ខេត្ត​សុផាន់​បុរី ប្រទេស​ថៃ។

របាយការណ៍​បាន​បន្ត​ថា ក្រោយពី​ទទួល​បាន​នូវ​សេចក្ដី​រាយការណ៍​រួចមក កម្លាំង​តម្រួត​ថៃ ​បាន​ចេញ​ប្រតិបត្តិការ​ទៅកាន់​ទីតាំង​ខាងលើ ដោយ​ជំហាន​ដំបូង​គឺ​បាន​ប្រទះឃើញ​សព​យុវជន​ម្នាក់ ដែល​គេ​អះអាងថា​មានឈ្មោះ ភឹង អាយុ​៣០​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​កាប់​ដើម​អំពៅ គឺ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ដោយមាន​ស្នាម​ត្រូវ​នឹង​គ្រាប់កាំភ្លើង​ចំនួន​១​គ្រាប់​ចំក្បាល។​

នៅ​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ ពី​សព​នោះ ក្រុម​តម្រួត​ថៃ​ក៏បាន​ប្រទះឃើញ​សព​មនុស្ស​ម្នាក់ទៀត​ឈ្មោះ ណា​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​ខ្មែរ ដែល​ដេកស្លាប់​នៅក្នុង​ចម្ការ​អំពៅ គឺមាន​ស្នាម​ត្រូវចំ​ឆ្អឹងជំនីរ​ខាងស្តាំ​ចំនួន​ពីរ​គ្រាប់ រីឯ​ម្នាក់ទៀត​ដែល​កំពុង​ស្ថិតក្នុង​ដង្ហើមចង្រិត​ដោយសារ​តែមាន​ក្បាល​គ្រាប់​ចំនួន​មួយ​គ្រាប់ បាន​បៀម​ជាប់​នៅត្រង់​ពោះ​ទឹក ដែល​ជន​នោះ​មានឈ្មោះ ចក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ដោយ​ភ្លាមៗ​នោះដែរ ក្រុម​តម្រួត​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់។​

តាម​ការរៀបរាប់​ពី​យុវជន​ម្នាក់​ដែល​បាន​រត់​រួច​ពី​សេចក្តីស្លាប់​បាន​និយាយ​រឿងរ៉ាវ​ទាំងអស់នេះ​ប្រាប់​ទៅ​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ​គឺ​ខ្លួន​បានធ្វើ​ដំណើរ​ទៅផ្ទះ​យុវជន​ម្នាក់​ដែលជា​ជនជាតិ​ថៃ​ឈ្មោះ បែង អាយុ​ប្រហែល​២៦​ឆ្នាំ ដើម្បី​បញ្ជាក់​ប្រាប់ថា ឈើ​ដែល​ឈ្មោះ​បែង ចង់​យកទៅលក់​ឲ្យ​ឪពុក​របស់​ឈ្មោះ ភឹង គឺ​គាត់​ឈប់​ទិញ​ហើយ រួចខ្លួន​ក៏បាន​វិលត្រឡប់​មកកាន់​ទីកន្លែង​ស្នាក់នៅ​វិញ ។​

ភ្លាមៗ​នោះដែរ​ស្រាប់តែ​គេ​ឃើញ​ឈ្មោះ បែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េ​វ ពណ៌​ទឹកសមុទ្រ​ពាក់​ស្លាក​លេខ ២១១៥ ដោយ​គេ​បាន​ជិះ​មក​ស្ទាក់​ពីមុខ​រួច​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​មក​ភ្ជង់ ​ដោយ​ធ្វើ​កាយវិការ​ដូចជា​ចង់​បាញ់​មក​លើ​ខ្លួន ប៉ុន្តែ​ខ្លួន​បាន​គិត​ថា ប្រហែលជា​គេ​ធ្វើ​លេង​ទេ ព្រោះ​សុទ្ធតែ​ជា​មនុស្ស​ស្គាល់គ្នា ហើយក៏​ធ្លាប់​ផឹកស៊ី​ជាមួយគ្នា​ផងដែរ។

មិន​ដូចជា​ការគិត​នោះទេ ស្រាប់តែ​ឃើញ​គេ​បាញ់​មែនទែន ទៅលើ​មិត្តភក្តិ​របស់ខ្លួន​ទើប​នាំគ្នា​រត់​ចូល​ចម្ការ​អំពៅ​រៀងៗ​ខ្លួន ដោយ​ជនជាតិ​ថៃ​រូប​នេះ​នៅតែ​ព្យាយាម​តាម​បាញ់​ប្រហារ​រហូត​ធ្វើ​ឲ្យ​បក្សពួក​របួស និង ស្លាប់ ៣​នាក់ ឯ​ខ្លួន​ក៏បាន​រត់​រួច ដោយបាន​ទៅ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍ ដោយ​នៅពេលនោះ​ជនដៃដល់​ក៏បាន​គេចខ្លួន​បាត់ស្រមោល​ដែរ ហើយ​ខ្លួន​ក៏​នៅ​មិនទាន់​យល់​ទាល់តែសោះ​អំពី​ការ​តាម​បាញ់ប្រហារ​គ្នាឯង​បែបនេះ មិនដឹងថា​មកពី​មូលហេតុ​អ្វី​នោះឡើយ ។​

ប៉ុន្តែ​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​គឺ​បាន​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ​គឺជា​មនុស្ស​ចូលចិត្ត​ផឹកស្រា ហើយ​នៅពេលដែល​គេ​ស្រវឹង​ខ្លាំង​ម្តងៗ តែងតែ​បាត់បង់​ម្ចាស់ការ​ដោយ​គ្រប់គ្រង​សតិ​ខ្លួនឯង​មិនបាន​ឡើយ ប៉ុន្តែ​ក្រោយពេល​កើតហេតុ​មិនបាន​ប៉ុន្មាន​ផង​ជនសង្ស័យ​ក៏ត្រូវ​បាន​កម្លាំង​តាម​ប្រមាញ់​រហូត​ឈានដល់​ការឃាត់ខ្លួន​ដើម្បី​យកមក​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​តាម​នីតិវិធី​ច្បាប់៕​







ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114