ព័ត៍មានទាន់​ហេតុការណ៏
Search

រយៈពេល​ ៣​ សប្តាហ៍​ ខែមករា​ ឆ្នាំ​២០១៧ ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៤២​លើក​

ភ្នំពេញ ​៖ ​យោងតាម​របាយការណ៍​ ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ បានបង្ហាញ​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៣​សប្តាហ៍ នៃ​ខែមករា ឆ្នាំ​២០១៧​នេះ គ្រោះថ្នាក់​ចរាចរណ៍​ប្រៀបធៀប​រយៈពេល​ដូចគ្នា នៃ​ខែ​មុន​កើតឡើង ចំនួន ២៤២​លើក លើ ២៥១​លើក ថយ ៩​លើក ស្មើរ​នឹង ៤​ភាគរយ ក្នុងនោះ​កើតឡើង​នៅពេល​យប់ ១៣២​លើក ក្នុង​១​ថ្ងៃ មាន​ចំនួន ១១.៥ លើក មាន​អ្នកស្លាប់ ចំនួន ១១៨​នាក់ លើ ៩៦​នាក់ កើន ២២​នាក់ ស្មើរ​នឹង ២៣​ភាគរយ របួស ចំនួន ៣៥៦​នាក់ លើ ៤២៤​នាក់ ថយចំនួន ៦៨​នាក់ ស្មើរ​នឹង ១៦​ភាគរយ ខូចខាត​យានយន្ត​គ្រប់​ប្រភេទ ចំនួន ៣៥៨​គ្រឿង ក្នុងនោះ​រថយន្ត​ធុន​ធ្ងន់ ៥២​គ្រឿង ។

គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់ បង្កដោយ​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន ៣​លើក បណ្តាល​ឲ្យ​ស្លាប់ ចំនួន៦​នាក់ និង​ របួស​៧​នាក់ ក្នុងនោះ​រួមមាន ខេត្តព្រៃវែង ១​លើក ខេត្តស្វាយរៀង ១​លើក និង​ខេត្ត កំពង់ធំ ១​លើក ។ រថយន្ត​ដឹកទំនិញ ចំនួន ២​លើក ស្លាប់ ១​នាក់ ខូចខាត​រថយន្ត ចំនួន ២​គ្រឿង នៅ​ខេត្ត​ព្រះសីហនុ ១​លើក ស្លាប់ ១​នាក់ បង្កដោយ​រថយន្ត​រប​ស់​ក្រុមហ៊ុន សុកន ត្រេ​ន​ស្ប៉ត និង​ខេត្ត កំពង់ស្ពឺ ១​លើក ខូចខាត​រថយន្ត ចំនួន ២​គ្រឿង បង្កដោយ​រថយន្ត​រប​ស់​ក្រុមហ៊ុន សូ ងួន និង​ក្រុមហ៊ុន ផាត់ ប៊ុន ។ មូលហេតុ បណ្តាល​ឲ្យ​គ្រោះថ្នាក់ គឺ​ដោយសារ​ល្បឿន ៣៦​ភាគរយ ប្រជែង ១០​ភាគរយ មិន​គោរព​សិទ្ធិ​អាទិភាព ១៤​ភាគរយ ស្រវឹង ១១​ភាគរយ បត់​គ្រោះថ្នាក់ ១៣​ភាគរយ មិន​ប្រកាន់​ស្តាំ ១២​ភាគរយ កត្តា​យានយន្ត ៣​ភាគរយ និង​កត្តា​ផ្សេងៗ ៣​ភាគរយ ។

យោងតាម​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ប្រតិបត្តិការ​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក រយៈពេល ៣​សប្តាហ៍ នៃ​ ខែមករា ឆ្នាំ​២០១៧នេះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ទូទាំងប្រទេស ធ្វើការ​ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ៣៦៤០១៧​គ្រឿង ក្នុងនោះ​ម៉ូតូ ៥៦​ភាគរយ រកឃើញ​យានយន្ត​ល្មើស ចំនួន ៤៧៤៦២​គ្រឿង ស្មើរ​នឹង ១៣​ភាគរយ នៃ​យានយន្ត ត្រួតពិនិត្យ សរុប ក្នុងនោះ​បានធ្វើ​ការអប់រំ ចំនួន ១២៧៦៨​គ្រឿង ស្មើរ​នឹង ៦​ភាគរយ បានធ្វើ​ការពិន័យ ចំនួន ៣៤៦៩៤ គ្រឿង ស្មើរ​នឹង ១០​ភាគរយ និង​អនុវត្ត​ការបង់ប្រាក់​ពិន័យ ទទួលបាន​ថវិកា សរុប ចំនួន ៨៣៤៣០០០០០​រៀល ( ប្រាំបី​រយ​សាមសិប​បួន​លាន​បី​រយ​ពាន់​រៀល ) ស្មើរ​នឹង ៨២​ភាគរយ ។ ដោយឡែក​ក្នុង​រយៈពេល ៣​សប្តាហ៍ នេះ សមត្ថកិច្ច​បាន​រកឃើញ​រថយន្ត បើកបរ​លើស​ល្បឿន កំណត់ ចំនួន ៣៣៤៧​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ ចំនួន ៣៨១​នាក់ ពិន័យ ចំនួន ២៩៦៦​នាក់ និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង រកឃើញ អ្នកបើកបរ​ល្មើស ចំនួន ៥៧២​នាក់ ស្មើរ​នឹង ៣​ភាគរយ នៃ​ចំនួន​អ្នកបើកបរ ដែល​បាន​ត្រួតពិនិត្យ ក្នុងនោះ​បានធ្វើ​ការអប់រំ ចំនួន ៥០០​នាក់ ក្នុងនោះ​មាន​អ្នកបើកបរ​រថយន្ត ចំនួន ២៤១​នាក់ និង​អ្នកបើកបរ​ម៉ូតូ ចំនួន ២៥៩​នាក់ ពិន័យ ចំនួន ៤២​នាក់ ក្នុងនោះ​រថយន្ត ចំនួន ១៣​នាក់ និង​ម៉ូតូ ចំនួន ២៩​នាក់ និង​បញ្ជូន​ទៅកាន់​តុលាការ ចំនួន ៣០​នាក់ ក្នុងនោះ​រថយន្ត ចំនួន ២​នាក់ និង​ម៉ូតូ ចំនួន ២៨​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114