ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​កោះហៅ​ប្រជា​ប្រជា​ពល​រដ្ឋ​ ៦ ​នាក់មក​សាកសួរ​រឿង​កាប់បំផ្លាញ​ដាយ​ចាប់​ត្រី​ ​នៅ​ព្រែក​ប្រណាក, ប្រជាពលរដ្ឋ​លើកគ្នា​ជាង​៧០​នាក់មក​ការពារ​គ្នា​

កំពង់ឆ្នាំង ​៖ ប្រជាពលរដ្ឋ​ជាង​៧០​នាក់​រស់នៅ​ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧ បាន​លើកគ្នា​មក​ការពារ​គ្នា​គាត់ ខណៈ​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​បាន​ចេញ​ដីកា​កោះហៅ​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់ មក​សាកសួរ​ក្នុង​រឿង​ធ្វើ​ឲ្យ​ខូចខាត​ដាយ​ចាប់​ត្រី​ដោយ​ចេតនា​នៅ​ក្នុង​ព្រែក​ប្រណាក​របស់​សហគមន៍ នៅក្នុង​ភូមិ​ក្បាល​កន្លង់។

លោក ហ៊ឹម ឥដ្ឋ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៦​នាក់​ ដែល​ត្រូវ​តុលាការ​កោះហៅ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​មក​ការពារ​គ្នា​គាត់ បាន​និយាយ​ឲ្យ​ដឹង​ថា ​៖​ ពួកគាត់​រស់នៅ ភូមិ​ក្បាល​កន្លង់​មាន​ជាង​១០០​គ្រួសារ ប្រកបមុខរបរ​ជា​អ្នកនេសាទ​ជា​លក្ខណៈ​គ្រួសារ។ នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​បាន​បើកកាណូត​វាង​បទល្មើស​ដាក់​ដាយ​ចាប់​ត្រី​បិទ​ភ្ជិត​ព្រែក​ប្រណាក​តែម្តង ហើយ​បែរជា​ទៅ​បង្ក្រាប​តែ​របាំង​ដាក់​លប​តូចតាច​របស់​ពួកគាត់ ក្នុង​ពេល​នោះ​ដែរ​ប្រជាពលរដ្ឋ​បាន​ប្រាប់​សមត្ថកិច្ច​ចម្រុះ​ថា​ បើ​បង្ក្រាប​របាំង​លប​ពួកគាត់​ សូម​ទៅ​បង្ក្រាប​របាំង​ដាក់​ដាយ​បិទ​ភ្ជិត​ព្រែក​ប្រណាក​ផង តែ​សមត្ថកិច្ច​បែរជា​គេចវេះ​មិន​ព្រម​បង្ក្រាប​ទៅ​វិញ។ ដោយមាន​កំហឹង​ជាមួយ​សមត្ថកិច្ច​បង្ក្រាប​របាំង​តូចៗ មិន​បង្ក្រាប​របាំង​ធំៗ នៅ​រសៀល​ថ្ងៃទី​០១ ខែមករា ប្រជាពលរដ្ឋ​ក្នុងភូមិ​មាន​គ្នា​ជាង​១០០​នាក់ បាននាំគ្នា​ទៅ​កាប់​របាំង​ដាក់​ដាយ​ចាប់​ត្រី​ខុសច្បាប់​នៅក្នុង​ព្រែក​ប្រណាក​ចោល ធ្វើឲ្យ​ដាយ​ចាប់​ត្រី​របស់​ឈ្មោះ ពេជ្រ ពៅ មាន​ខ្នង​សហគមន៍ រង​ការខូចខាត​អស់​មួយចំនួន​តូច​។​

បន្ទាប់មក​លោក ឡុង សុផាត ប្រធាន​សហគមន៍​នេសាទ​អន្លង់​មេត្រី​សែន​ជ័យ នៅក្នុង​ភូមិ​ក្បាល​កន្លង់ បាន​ប្តឹង​ពួកគាត់​មាន​គ្នា​៦​នាក់ មាន​១.​ឈ្មោះ ជុំ គង់ , ២.​ហ៊ឹម ហ៊ី , ៣.​ហ៊ឹម ផ​ដ្ឋ , ៤.​ជុំ រុន , ៥.​ក​យ គង់ , ៦.កែវ សាវុធ ហើយ​ត្រូវបាន​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ចេញ​ដីកា​កោះហៅ​មក​សាកសួរ​រឿង​ខាង​លើ ចុះ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៧ ឲ្យ​ចូល​ខ្លួន​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧ តែ​នគរបាល​ប៉ុស្តិ៍​ពាម​ឆ្កោក​ទើបតែ​ឲ្យ​ដីកា​ក្នុង​ថ្ងៃ​ទី​២៤ ខែ​មករា ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​លើកឡើង​ថា​ ៖ ​ប្រធាន​សហគមន៍​ប្តឹង​ប្រជាពលរដ្ឋ​ក្នុង​រឿង​ខាង​លើ ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ សួរ​ថា​ការ​លក់​ព្រែក​ប្រណាក​ឲ្យ​ឈ្មួញ​នេសាទ​ឈ្មោះ ពេជ្រ ពៅ ដាក់​ដាយ​បិទ​ភ្ជិត​ព្រែក​ប្រណាក​ចាប់​ត្រី​ដូចជា​ធ្វើ​ឡូត៍​នេសាទ​បែបនេះ តើ​អ្នកណា​អនុញ្ញាត​ច្បាប់​ឲ្យ បើ​មាន​ច្បាប់​អនុញ្ញាត ពិតមែន ហេតុ​អី​ក្រោយពី​មាន​បាតុភាព​នេះ និង​កាសែត​ទូរទស្សន៍​ចុះផ្សាយ សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​កាប់​របាំង​ដាយ​ចាប់​ត្រី​ខាងលើនេះ​ចោល។ ដូច្នេះ​បើ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្បាល​កន្លង់​ជាង​១០០​នាក់​ជា​អ្នក​កាប់​ដាយ​ចាប់​ត្រី​នេះ​ខូចខាត​អស់​មួយ​ចំនួន​តូច​ពិតជា​ខុសច្បាប់ សូម​តុលាការខេត្ត កោះហៅ​ប្រជាពលរដ្ឋ​ទាំង​ជាង​១០០​នាក់ មក​ផ្ដន្ទាទោស​ដាក់គុក​ទាំងអស់​ចុះ មិនត្រូវ​កោះហៅ​ប្រជា​ជល​រដ្ឋ​តែ​៦​នាក់​ដូចខាងលើ​នេះឡើយ​។​

ទាក់ទង​ក្នុង​រឿងនេះ ប្រជាពលរដ្ឋ​ភូមិ​ក្បាល​កន្លង់​សំណូមពរ​ថ្នាក់​ដឹកនាំ​​ លោក​អភិបាលខេត្ត និង តុលាការ​ខេត្ត មេត្តាជួយ​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ជូន​ពួកគាត់​ផង តើ​អ្នក​ឲ្យ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដាក់​របាំង​បិទ​​ភ្ជិត​ព្រែក​ដាក់​ដាយ​ចាប់​ត្រី​ខុសច្បាប់​រួចខ្លួន ហើយ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ជា​អ្នក​កាប់​បំផ្លាញ​បទល្មើស​នេសាទ​ខុសច្បាប់​ជាប់គុក​ទៅវិញ​ឬ​យ៉ាងណា​…!! ។

ទាក់ទង​នឹង​បញ្ហា​នេះដែរ លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត យើង​មិនអាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​ទូរស័ព្ទ​របស់​លោក​បិទ​ខ​ល​មិន​ចូល៕







ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114