ព័ត៍មានទាន់​ហេតុការណ៏
Search

ចង.ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​វ័យ​ក្មេង ​ដោយ​បន្សល់​ទុក​នូវ​ពាក្យ​បណ្ដាំ​​ចុងក្រោយ

ភ្នំពេញ​ ៖ ​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ដុត​រោលរាល​ពេញ​ប្រាណ​ បាន​ធ្វើ​ឲ្យ​បុរស​ជា​កម្មករ​ជាង​ផ្សារ​ដែក​ម្នាក់ បាន​សម្រេច​ចិត្ត​ចង​.​ក សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​វ័យក្មេង​ ទើបតែ​មាន​អាយុ​១៩​ឆ្នាំ ​និង​ទើប​តែ​រៀបការ​ មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង​នោះ។ មុន​ពេល​ចង.ក​ ជនរងគ្រោះ​បាន​សរសេរ​​ពាក្យ​បណ្ដាំ​ពីរ​បី​ម៉ាត់ ​ដោយ​អះអាង​ថា ​ប្រពន្ធ​ខ្លួន​មាន​សហាយ និង​បាន​សូម​លា​ម៉ែ​ត្រឹម​នេះ​ហើយ។

ហេតុការណ៍​នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧ ស្ថិតនៅ​បន្ទប់​ជួល​លេខ​១៧ ជាន់​ទី​១ ផ្លូវលំ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។

ជនរងគ្រោះ​មាន​ឈ្មោះ​កុយ អួ​ក ហៅ ដួង អួ​ក ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង​ផ្សារដែក​ មាន​ប្រពន្ធ​ឈ្មោះ ឈន ស្រី​កែវ អាយុ​១៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​ ស្នាក់នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ មាន​ស្រុកកំណើត​ភូមិ​ធ្លក ឃុំ​ផុង ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

តាម​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ខាងលើ ភាគី​ខាង​ប្រពន្ធ ជា​ស្រី​ក្មេង រូបឆោម​លោម​ពណ៌​ល្អ​ជាង​ប្ដី​ ព្រោះ​នាង​នៅ​ក្មេង​ទើប​អាយុ​១៩​ឆ្នាំ​ ហើយ​ទាំង​២​នាក់ គេ​តែង​ឃើញ​កើត​ជម្លោះ ទាំង​សម្តី ទាំង​បង្ក​ហិង្សា​​ វ៉ៃ​ព្រឹក ត្រូវ​ល្ងាច ក្នុង​ហេតុផល តែមួយគត់​សម្រាប់​បុរស​ខាងលើ គឺ​ភ្លើង​ប្រចណ្ឌ ដោយ​ចោទ​ប្រពន្ធ ថា​លួច​មាន​សហាយ​ស្មន់ រាល់ថ្ងៃ ទាំង​ការ​ស្នាក់នៅ​ទាំង​ទៅធ្វើ​ការងារ។ បុរស​ជា​ប្តី​គ្មាន​ទំនុក​ចិត្ត​ទៅលើ​ប្រពន្ធ​បន្ដិច​ណា​សោះឡើយ​ខ្លាច​តែ​ប្រពន្ធ​បែកចិត្ត​ទៅរក​ប្រុស​ផ្សេង ទោះបីជា​ជា​ខ្លួន​បាន​រៀបការ​ពេញ​ច្បាប់​ទៅ​ហើយ​ក៏ដោយ។

ប្រភព​បន្ត​ទៀត​ថា ភ្លើង​ប្រចណ្ឌ​របស់​បុរស​ខាងលើ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​ ហើយ​បង្ក​ជា​អំពើ​ហិង្សារ​រហូតដល់​ប៉ូលិស​ហៅ​ទៅ​អប់រំ​ណែនាំ​ច្រើន​លើក​ច្រើន​សា​ហើយ​ដែរ តែ​នៅ​ប្រកាន់​ចរិត​ដដែល ទីបំផុត​ចងក​សម្លាប់ខ្លួន ដោយ​បាន​ឆ្លៀត​សរសេរ​បណ្តាំ​ទុក​ឲ្យ​ប្រពន្ធ និង​ម្ដាយ​ដោយ​ចោទ ថា​(​ប្រពន្ធ​ខ្លួន ផិត​ក្បត់​ជាមួយ អាត្រា កូន​សូម​លា​ម៉ែ​ហើយ )​។ ចំណែក​ប្រពន្ធ​ថា​ ឈ្មោះ អាត្រា នោះ​ខ្លួន​មិនដែល​ស្គាល់​ទេ។

សមត្ថកិច្ច​នគរបាល​វិញ​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ខាង​លើ​នេះ​ ឧស្សាហ៍​បង្ក​ហិង្សា​ញឹក​ញាប់​ណាស់​ហើយ​ហៅ​នាំទៅ​អប់រំ​ក៏​មិន​ស្ដាប់​ ដោយ​ធ្លាប់​ទាំង​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​នគរបាល រាប់​លែង​អស់​ទៅ​ហើយ។ រឿង​នេះ​គឺ​ផ្ដើម​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​នេះឯង​ ព្រោះ​មិន​មាន​ទំនុក​ចិត្ត​ទៅលើ​ភរិយា​ដោយ​ចោទ​ថា មាន​សហាយ​គ្រប់​ម៉ាត់​តែម្ដង។

សព​ជនរងគ្រោះ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ចុះ​ធ្វើ​កោសល្យវិច័យ​រួចមក​ឃើញ​ថា ជនរងគ្រោះ​ពិតជា​ចង.ក​សម្លាប់​ខ្លួនឯង ដោយ​យក​កន្សែង​ចងភ្ជាប់ ជាមួយ​ប្រហោង​ឥដ្ឋ​ខ្យល់ ហើយ​ក្រុម​គ្រួសារ​ក៏​មិនបាន​ប្តឹងផ្តល់​អ្វី​ដែរ។ ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​ជូន​សាច់ញាតិ​ក្រុមគ្រួសារ​ដឹក​យក​ទៅធ្វើ​បុណ្យ​នៅ​ឯ​ស្រុកកំណើត​តាម​ប្រពៃណី៕





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114