ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​អញ្ជើញ បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​វិស័យ​ព្រៃឈើ​ឆ្នាំ​២០១៦ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៧

​ ភ្នំពេញ​៖​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​ នេសាទ​ កាលពី ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ បាន​អញ្ជើញ ចូលរួម ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​វិស័យ​ព្រៃឈើ​ឆ្នាំ​២០១៦ និងទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៧​ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​ព្រៃឈើ​-​សត្វព្រៃ ភ្នំពេញ​ថ្មី​។

ក្រោយពី​បាន​ស្តាប់​នូវ​របាយការណ៍​បូកសរុប​លទ្ធផល​ឆ្នាំ​២០១៦ និង ​លើទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៧ ពី​លោក​ប្រធាន​រដ្ឋបាល​ព្រៃឈើ ដែល​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី ស្របតាម​គោលនយោបាយ​កំណែទម្រង់​ជម្រៅ​របស់​រាជរដ្ឋាភិបាល​រួចមក​, លោក​រដ្ឋមន្ត្រី​បានផ្តល់​នូវ​ការណែនាំ​ដល់​រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង ​នេសាទ​រាជធានី ខេត្ត នូវ​ការងារ​ដូចខាងក្រោម​ ៖ ១-​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានតែ​ល្អប្រសើរ​ ២-​បន្ត​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ព្រៃឈើ​ដល់​សាធារណជន ឲ្យ​បាន​កាន់តែ​ទូលំទូលាយ តាម​គ្រប់​រូបភាព ​៣-​ពង្រឹង​កិច្ចសហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​ខ្លាំងក្លា ជាមួយ​អ្នក​ពាក់​ព័​ន្ឋ ជាពិសេស​គណៈបញ្ជាការ​ឯកភាព​រាជធានី ខេត្ត​ ៤-​ខិតខំ​ស្រាវជ្រាវ​បទល្មើស​នានា ក្នុងនោះ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​ នេសាទ​រាជធានី ខេត្ត ត្រូវ​ខ្នះខ្នែង​ទៅតាម​ប្រភពព័ត៌មាន​នានា​ ៥-​ត្រូវ​ជំរុញ​ល្បឿន​ការងារ​បោះបង្គោល​សម្បត្តិ​ព្រៃឈើ​អចិន្ត្រៃយ៍ និង​រៀបចំ​ឈានទៅ​ចុះបញ្ជី​ដី​រដ្ឋ​ ៦-​ត្រូវ​ពិចារណា​ប្រើប្រាស់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​ដកហូត ដូចជា​ធ្វើ​ការដាំដុះ​ព្រៃឈើ​ឡើងវិញ​តាមរយៈ​ដៃគូ ​៧-​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ត្រូវ​ក្ដាប់​និង​គ្រប់គ្រង​ឲ្យ​បាន​ម៉ត់ចត់​ដី​សម្បទាន​សេដ្ឋកិច្ច នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ៨-​ត្រូវធ្វើ​ការត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​នូវ​ត្រា​ ដែល​បោះ​លើ​ឈើ​ដែល​បាន​ពី​ការឈូសឆាយដី​សម្បទាន​ដែល​បានអនុញ្ញាត​ ៩-​ត្រូវធ្វើ​ការពិភាក្សា​និង​រិះរក​ជម្រើស​វិធានការ​ដើម្បី​ជួយ​ដល់​សហគមន៍​ព្រៃឈើ​ទទួលបាន​ចំណូល​ក្រៅពី​ព្រៃឈើ ដូចជា​រក​សម្ព័ន្ធភាព​ដៃគូ​សហការ​ចិញ្ចឹម​គោ ក្របី​ក្នុងព្រៃ​សហគមន៍ ដែលជា​ជម្រើស​ប្រសើរ​មួយ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114