ព័ត៍មានទាន់​ហេតុការណ៏
Search

ឈួន រិទ្ធី​សងសឹក ​ចៅ ផល​ឌឿ​ -​ឯម សុធី ជួប ឈុត សេរី​វ៉ាន់​ថង ​នៅ​បឹង​ស្នោ​

អ្នក​ប្រដាល់​ឈួន រិទ្ធី សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ នឹងត្រូវ​ជួប​សងសឹក​ជាមួយ​ ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ ខេត្តបាត់ដំបង នា​រសៀល​ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៧​នេះ នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ ។​ ឈួន រិទ្ធី មិនដឹងថា​គេ​អាច​សងសឹក​ ផល​ឌឿ បានសម្រេច​ឬ​អត់​នោះទេ​? ព្រោះ​គេ​ថ្វី​ត្បិត​ជា​អ្នក​ប្រដាល់​ម្នាក់​មាន​ថ្វីដៃ​ល្អ វាយ​ខ្លាំង ពិសេស​កណ្តាប់ដៃ​ និង​ កែង​នោះ ប៉ុន្តែ​គេ​មានចិត្ត​ប្រដាល់​តូច កម្លាំងកាយ​សម្បទា​ក៏​ខ្សោយ​ដែរ ។ គេ​ប្រកួត​បាន​២​ឬ​៣​ទឹក​ប៉ុណ្ណោះ គឺ​អស់​ស៊ុ​ហ្វ​ហើយ ។

​​ទោះជា​យ៉ាងណា ការជួប​ប្រកួត​ជាមួយ​ចៅ ផល​ឌឿ​នោះ ឈួន រិទ្ធី​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ព្រោះ​ ផល​ឌឿ​ គេ​វាយ​មាន​ផ្លែ​ល្អ ស៊ុ​ហ្វ​ខ្លាំង និង មាន​ទិច​និ​ច​ប្រកួត​ខ្ពស់​ថែមទៀត ។​
​ការប្រកួត​ចុងក្រោយ​នេះ ​ឈួន រិទ្ធី ​វាយ​ចាញ់​ឡៅ ផា​នាថ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍​ក្នុង​ទឹក​ទី​២ ដោយសារតែ​គេ​ព្រហើន​ពេក ។ រីឯ ការប្រកួត​ចុងក្រោយ​របស់ ​ចៅ ផល​ឌឿ វិញ គឺ​វាយ​ឈ្នះ​ ឈួ​ន រិទ្ធី​នេះឯង ដោយ​យកឈ្នះ​ក្នុង​ទឹក​ទី​៤ កាលពី​ ថ្ងៃទី​២២ ​មករា​ ២០១៧​កន្លងមកនេះ ។



​​យ៉ាងណា សម្រាប់​ការជួបគ្នា​រវាង​ ឈួន រិទ្ធី និង ចៅ ផល​ឌឿ នេះ គេ​មិន​ហ៊ាន​ទាយ​ថា នរណា​ឈ្នះ នរណា​ចាញ់​នោះឡើយ ។​ឯម សុធី អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​វ័យក្មេង ​ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ។ ពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។

ឈុត សេរី​វ៉ាន់​ថង ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង មាន​កណ្តាប់​ដៃខ្លាំង និង​មាន​ស្នៀត​ជង្គង់​កែង​ល្អ ហើយ​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ ។ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ ​ម៉ន ខួច អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ពិន្ទុ ។

​​ឯម សុធី គេ​ប្រកួត​ចុងក្រោយ វាយ​ឈ្នះ​ គឿ​ម សុវណ្ណ​ឌឿ​ត អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ខេត្តបាត់ដំបង​ដោយ​ពិន្ទុ ។ សម្រាប់​ការជួប​ប្រកួត​ជាមួយ​ ឈុត សេរី​វ៉ាន់​ថង លើក​នេះ ពុំ​ដឹងថា​សុធី អាច​វាយ​ឈ្នះ​សេរី​វ៉ាន់​ថង បាន​ឬ​អត់​នោះទេ​?​។​

​ប៊ី ចិន្តា អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ​ស្រ​ម៉ៃ សួន អ្នក​ប្រដាល់​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។ អ្នក​ប្រដាល់​ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​ពីមុនមក ។​

ស្រ​ម៉ៃ សួន ជា​អ្នក​ប្រដាល់​ចាស់វស្សា​ហើយ គេ​ទើបតែ​ផ្តួល ​អេង សេង​លាភ អ្នក​ប្រដាល់​ក្លិប​បាត់ដំបង​ពាយ័ព្យ​ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី ​០៨​ មករា​ កន្លងមកនេះ ។ ចំណែក ​ឯម សុធី គេ​ក៏​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែរ ។ ជា​អ្នក​ប្រដាល់​ដែល​មិន​ងាយ​នឹង​បង្ក្រាប​នោះទេ ។​គេ​ធ្លាប់​ឡើង​ប្រកួត​ជាមួយ​ថៃ​ច្រើនលើក​ហើយ ។ ប៊ី ចិន្តា គេ​វាយ​ខ្លាំង​មិនចេះ​ញញើត​អ្នកណា​នោះឡើយ បើសិនជា​ជួប​ដៃគូ​ខ្លាំង នោះ សុធី​នឹង​ហ៊ាន​ប្តូរ​មិន​ខាន ។ ចាំមើល រវាង​ប៊ី ចិន្តា និង​ស្រ​ម៉ៃ សួន នេះ តើន​រណា​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ ។​

ម៉ឺន មេ​ឃា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​មាឃ វណ្ណា​រ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍ ខេត្តរតនគិរី ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ។​ពួកគេ​ទាំងពីរ​នេះ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ។​ដូច្នេះ​សម្រាប់​ការ​ជយ​ប​គ្នា​នេះ មិនដឹងថា​នរណា​ឈ្នះ​នោះទេ ? ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114