ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ នឹង​ជួយ LDCs ផ្សេងៗ ​ដែល​ចង់​ក្លាយជា​សមាជិក WTO តាមរយៈ​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​

ភ្នំពេញ​ ៖​ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​បាន​ថ្លែងថា «​ កម្ពុជា​បាន​តាំងចិត្ត​ក្នុង​ការជួយ LDCs ផ្សេងៗ​ដែលមាន​បំណង​ក្លាយជា​សមាជិក WTO តាមរយៈ​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ​»​ និង​អំពាវនាវ​រក​ជំនួយ​បច្ចេកទេស​សម្រាប់ LDCs ជាពិសេស​ការទទួលបាន​ការលើក​ពន្ធ និង​កូតា​សម្រាប់​ទំនិញ​ដែលមាន​ប្រភព​មកពី​ប្រទេស​ទាំងអស់នោះ​។

​លោក ប៉ាន សូរ​ស័ក្តិ ថ្លែង​បែបនេះ ខ​ណៈ​ដែល​លោក អញ្ជើញចូលរួម​ពិធី​បិទ​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី “​បញ្ហា​នានា និង​កិច្ចសម្របសម្រួល​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs)” ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ (TTRI) សហការ​ជាមួយ​អង្គការ​ពាណិជ្ជក​ម្ម​ពិភពលោក (WTO)​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧​។​

មានប្រសាសន៍​នៅក្នុង​ពិធី​នោះ លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ​ដល់​វិទ្យាស្ថាន TTRI និង​អង្គការ WTO ដែល​បាន​សហការ​ផ្តួចផ្តើម​បង្កើត​ឲ្យ​មាន​សិក្ខាសាលា​នេះ​ឡើង ដើម្បី​ចែករំលែក​ចំណេះដឹង​ជូន​សិក្ខាកាម ​ដែលជា​មន្ត្រី​របស់​ក្រសួងពាណិជ្ជកម្ម ប្រមាណ​ជាង ៥០​រូប សំដៅ​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​ក្រុម LDCs នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​សមាជិក WTO ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន នា​ចុង​ឆ្នាំនេះ​។​

លោក​រដ្ឋមន្ត្រី បាន​លើកយក​ពី​សារៈសំខាន់​នៃ​កិច្ចប្រជុំ​ ដូ​ហា ឆ្នាំ​២០០២ ដែល​បាន​ត្រួសត្រាយ​ផ្លូវ ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ តាមរយៈ​ការកាត់បន្ថយ​របាំង​ពាណិជ្ជកម្ម និង​ការកែសម្រួល​វិធាន​ពាណិជ្ជកម្ម ក៏ដូចជា​ការដាក់ចេញ​នូវ​កម្មវិធី​ការងារ​គ្របដណ្តប់​លើ​វិស័យ​ចំនួន ២០ ទាក់ទង​នឹង​ពាណិជ្ជកម្ម​។ «​កិច្ចប្រជុំ​ ដូ​ហា​ បានផ្តល់​អាណត្តិ​សម្រាប់​ប្រទេស​សមាជិក ធ្វើការ​ចរចា​លើ​ប្រធានបទ​ពាក់ព័ន្ធ​ជាមួយ​ពាណិជ្ជកម្ម ព្រមទាំង​អំពាវនាវ​រក​ជំនួយ​បច្ចេកទេស​សម្រាប់ LDCs ជាពិសេស​ការទទួលបាន​ការលើក​ពន្ធ និង​កូតា​សម្រាប់​ទំនិញ​ដែលមាន​ប្រភព​មកពី​ប្រទេស​ទាំងអស់នោះ​» «​កម្ពុជា​បាន​តាំងចិត្ត​ក្នុង​ការជួយ LDCs ផ្សេងៗ​ដែលមាន​បំណង​ក្លាយជា​សមាជិក WTO តាមរយៈ​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​»។

​សូមបញ្ជាក់ថា នៅក្នុង​តួនាទី​ជា​ប្រធាន​សម្របសម្រួល​ក្រុម LDCs ក្រោម​ក្របខណ្ឌ WTO កម្ពុជាមាន​កាតព្វកិច្ច​សម្របសម្រួល​ជាមួយ LDCs ជា​សមាជិក​ចំនួន ៤៨​ប្រទេស ដើម្បី​ទាញយក​ផលប្រយោជន៍​ឲ្យ​បាន​អតិបរិមា​ពី​ភាពបត់បែន និង​ការលើកលែង​ពន្ធ​ផ្សេងៗ ព្រមទាំង​ជំរុញ​សកម្មភាព​អាទិភាព​ដែល​នៅ​សេសសល់ ដើម្បី​បញ្ចប់​របៀបវារៈ​​​​​ការ​​អភិវឌ្ឍ​ន៍ទីក្រុង​ ដូ​ហា​(DDA) និង​កិច្ចប្រជុំ​ទីក្រុង​ដូ​ហា​។​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114