ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេចក្រឡាហោម ស ខេង បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​មេខ្លោង មេ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ​

ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន ដាក់បទបញ្ជា ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​បន្ត​បើក​វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​មេខ្លោង មេ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ ដើម្បី​បង្ក្រាប់​និង លុបបំបាត់ បទល្មើស​ជលផល ។​

ការដាក់​បទបញ្ជា​រប​ស់ស​ម្តេច​ក្រឡាហោម ស ខេង នេះ​បាន​ធ្វើឡើងនៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​បង្ក្រាប​ទ​ល្មើស​នេសាទ លើ​ផ្ទៃ​បឹង​ទន្លេសាប និង​កន្លែង​នេសាទ​ខុសច្បាប់​នានា កាលពី​ថ្ងៃទី​២៧ ខែមករា​ ឆ្នាំ​២០១៧​នេះ​នៅ​ទី ស្តី​ការ​ក្រសួង​។​ លោក នាយ​ឧ​ត្ត​ម​សេនីយ គៀត ច័ន្ទ​ថា​រឹទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ដកស្រង់​ប្រសាសន៍​សម្តេច​ក្រឡាហោម ស ខេង ថា ​ថ្នាក់ដឹកនាំ និង​មន្ត្រី​អនុវត្ត​ច្បាប់ បន្ត​បើក​វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​មេខ្លោង មេ​ឈ្មួញ កេណ្ឌ​ប្រជាពលរដ្ឋ​ប្រព្រឹត្តិ​បទល្មើស​នេសាទ យកមក​ចាត់ការ តាម​នីតិ​វិធី​ច្បាប់ដោយ​គ្មាន​លើកលែង រួចបញ្ជូនទៅ​តុលាការដាក់ពន្ធនាគារ​ទៅតាម​ផ្លូវច្បាប់​។​

លោក នាយ​ឧ​ត្ត​ម​សេនីយ គៀត ច័ន្ទ​ថា​រឹទ្ធ បញ្ជាក់ថា សកម្មភាព​ការបង្ក្រាប​បទល្មើស​នេសាទ​កន្លងមក​គឺ​បានធ្វើ​ឡើង​ប្រឈម​ភាពលំបាក​ដូច​វែក​ចក ប៉ុន្តែ​ទន្ទឹមនឹងនោះគឺមាន​ជនល្មើស​ជាច្រើន​ បាន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ និង​មួយចំនួន​ត្រូវបាន​នាំខ្លួន​ធ្វើការ​ណែនាំ ហើយ​បើ​មិន​រាងចាល គឺ​ត្រូវ​ចាត់​វិធាន​អនុវត្ត​ច្បាប់ចាប់​បញ្ជូនទៅ​តុលាការ​ផងដែរ​។​

សូមបញ្ជាក់ថា ​៖​ កាលពី​ព្រឹក​ថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០១៧ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង ចុះ​ពិនិត្យ ​និង​វាយតម្លៃ​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង កំពង់ធំ បាត់ដំបង និង​ពោធិ៍សាត់ តាម​ឧទ្ធម្ភាគចក្រ។ ក្រោយពី​បាន​ចុះ​ពិនិត្យ គណៈកម្មការ​បាន​វាយតម្លៃ​ជាបឋម​ថា ​នៅតែមាន​បទល្មើស​នេសាទ ​នៅ​​សេសសល់​នៅឡើយ ជាពិសេស​នៅក្នុង​ខេត្តកំពង់ឆ្នាំង កំពង់ធំ និង​ខេត្តពោធិ៍សាត់ ដែល​ចាំបាច់​ត្រូវ​រៀបចំ​កិច្ចប្រជុំ​ជាបន្ទាន់​នេះ​ឡើង ដើម្បី​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដូចតទៅ​៖១ ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​សៀ​បរាប​ គណៈបញ្ជាការ​ឯកភាព​ខេត្ត ត្រូវ​ដឹកនាំ​កម្លាំង​សរុប​ចុះ​បន្ត​បោសសម្អាត​បទល្មើស ​ដែល​នៅ​សេសសល់​បន្តទៀត គួបផ្សំ​នឹង​ការជួយ​ឧទ្ធម្ភាគចក្រ​ត្រួតពិនិត្យ​មើល​ពីលើ​ផងដែរ ។ ​២ ខេត្តកំពង់ឆ្នាំង និង​ខេត្ត​កំបង់​ធំ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឯក នេ​ត ស​វឿន និង​លោក ណៅ ធួ​ក ត្រូវ​ដឹកនាំកម្លាំង​ពិសេស ដោយ​សហការ​ជាមួយ​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ចេញទៅ​ប្រតិបត្តិការ​នៅក្នុង​ទឹកដី​ខេត្ត​ទាំង​ពីរនេះ ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១ ខែ​កុ​ម្ភៈទៅ។ ៣ គណកម្មការ​ចម្រុះ​អន្តរក្រសួង​ នឹង​ចុះ​ត្រួតពិនិត្យ​នៅក្រោយពីរ​សប្តាហ៍​បន្តទៀត៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684