ព័ត៍មានទាន់​ហេតុការណ៏
Search

រយៈពេល​ជាង​១​ខែ​ កងកម្លាំងអនុវត្ត​ច្បាប់​ បង្ក្រាប​បទល្មើស​នេសាទ​បាន​ប្រមាណ​៣២៨​ករណី​

​ភ្នំពេញ ​៖ គិតពី​ចុងឆ្នាំ​២០១៦ រហូតដល់​ថ្ងៃទី​២៦ ខែមករា ​ឆ្នាំ​២០១៧​នេះ កងកម្លាំង​អនុវត្ត​ច្បាប់​ បង្ក្រាប​បទល្មើស​នេសាទ​បាន​ប្រមាណ​៣២៨​ករណី ក្នុងនោះ កម្លាំងបាន​បំផ្លាញចោល និង​រក្សាទុក​ភស្តុតាង​បាន​៣១៦​ករណី និង​ឃាត់ខ្លួន​ជនល្មើស​៣៧​រូប ស្មើ​៧​ករណី និង​ពិន័យ​អន្តរការ​​បាន​០៥​ករណី​។​

នេះ​បើ​យោងតាម​ការបញ្ជាក់​ពី លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ជលផល ថ្លែង​នៅក្នុង កិច្ចប្រជុំ​គណៈកម្មការ​ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ក្នុងការ​អនុវត្ត​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប ។​


​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ជលផល ថ្លែងថា ក្រោយពី​រាជរដ្ឋាភិបាល​មាន​ចំណាត់ការ​បង្ក្រាប​បទល្មើស​នេសាទ គឺ​បានធ្វើ​ឲ្យ​ផល​ត្រី​បាន​កើនឡើង​ប្រមាណ​ជាង​៦% ក្នុងនោះ​ទិន្នផល​សរុប​កើន​៨០៦​ពាន់​តោន ខណៈ​ទិន្នផល​ត្រី​ឆ្នាំ​២០១៦​មាន ៧៥១​ពាន់​តោន​។​

តាម​លទ្ធផល​នៅក្រោយ​កិច្ចប្រជុំ​ក្នុងឱកាស​នេះ​ផងដែរ គណកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ជលផល ​និង​នេសាទ​ បាន​មើលឃើញថា​ ជាទូទៅ​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេ គឺមាន​បទល្មើស​នេសាទ​ បានកើត​មាន​ជា​ហូរហែ ប៉ុន្តែ​ក្រោយពេល​បង្ក្រាប គឺមាន​ចំនួន​២​ខេត្ត​ ​មាន​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ បទល្មើស​នោះ​កំពុង​ជួប​ប្រឈម​ខ្លាំងជាងគេ ដែល​បញ្ហា​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​ទាំងនោះ​ត្រូវធ្វើ​ពង្រឹង និង​ការ​មាន​ចំណាត់ការ​ចុះបង្ក្រាប​ឲ្យ​បាន​ជាប់​ជាប្រចាំ ហើយ​នៅពេល​ខាងមុខនេះ ក្រុមការងារ​ថ្នាក់ជាតិ​ នឹង​បន្ត​ចុះទៅ​អន្តរាគមន៍។​
​បន្ទាប់ពី​កិច្ចប្រជុំ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍ថា បទ ល្មើស​នេសាទ​នៅ​ផ្ទៃ​បឹង​ទន្លេសាប​មានការ​ថយចុះ​បើ​ប្រៀបធៀប​ ពេលដែល​គណៈកម្មការ​មិន​ទាន់​អនុវត្ត ។ ទោះជា យ៉ាងណាក៏ដោយ​បទល្មើស​គឺ​មិន​ថយចុះ​ជា​ស្ថាពរ​ទេ នៅ ពេលដែល​យើង​ដកឃ្លា​ចេញ​គឺ​បទល្មើស​កើតមាន​ដដែល។​

លោក​បាន​បន្តថា ឆ្លងតាម​ការប្រជុំ ដោយ​មើលឃើញ​ពី​ការកើតឡើង​បទល្មើស​នៅពេលដែល កម្លាំង​ដកចេញ​នោះ​ យើង​នឹង​ចុះ​បន្ត​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ទាក់ទង​នឹង​ការបង្ក្រាប​បទល្មើស​នេសាទ​នេះ​។ ​យើង​នឹង​បន្ត​វិធានការ​ ​ស៊ើបអង្កេត​ស្រាវជ្រាវ​ដើម្បី​រក​មេខ្លោង ​ឬ​ឈ្មួញ​ធំៗ​ដែល​នៅ​ពីក្រោយ និង​ចាប់បញ្ជូន​ជន ល្មើស​ទៅកាន់​តុលាការ​អនុវត្តតាម​នី​តិ​វិធី​ច្បាប់។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បន្ថែមថា សម្រាប់​ទិសដៅ​អនុវត្ត​បន្ត​គឺ ពង្រឹង​កិច្ចសហការ​ជាប់​ជា ប្រចាំ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍ អង្គការ ក្រៅ​រដ្ឋាភិបាល ជាពិសេស​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី​.​ខេត្ត ក្នុង​ការបន្ត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ឲ្យ​បាន​យ៉ាងសកម្ម និង​ជាប្រចាំ​។ បន្ថែម​ពីលើ​នេះ​គឺ​ជំរុញ និង​ពង្រឹងសមត្ថភាព​សហគម​ន៍​នេសាទ​ដើម្បី​ចូលរួម​ទទួល ខុសត្រូវ ​និង​ភាពជា​ម្ចាស់ការ​លើ​ការគ្រប់គ្រង​ធនធាន​ជលផល​ពិសេស​ក្នុង​កន្លែង​នេសាទ​សហគមន៍ រៀបចំ​វេទិកា​តុមូល ដើម្បី​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​ជលផល​និង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684