ព័ត៍មានទាន់​ហេតុការណ៏
Search

រយៈពេល​ជាង​១​ខែ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​នេសាទ​ បាន​ជាង​៣០០​ករណី​

​​​​ភ្នំពេញ ៖ តាម​របាយការណ៍​លទ្ធ​ផល​បង្ក្រាប​បទល្មើស​នេសាទ​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧ សំណុំ​រឿងបទល្មើសជលផល​សរុប​ចំនួន​ ៣២៩​ករណី​ ក្នុង​នោះបាន​បញ្ជូនទៅ​តុលាការ​ចំនួន​៨​ករណី មាន​ជនសង្ស័យ​ចំនួន​ ៣៨​នាក់​ និង​ពិន័យអន្តរការ​​ចំនួន​៥ ករណី។​ នេះ​បើ​យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែ​មករា​កន្លងមកនេះ​។

របាយការណ៍​នេះ​បានបង្ហាញ​កាលពី ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៧​ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ក្នុងការ​អនុវត្ត​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ក្រោម​អធិបតីភាព​ សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប។

ថ្លែង​នៅក្រៅ​កិច្ចប្រជុំ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ថា បទ ល្មើស​នេសាទ​នៅ​ផ្ទៃ​បឹង​ទន្លេសាប​មានការ​ថយចុះ​បើ​ប្រៀបធៀប​ពេលដែល​គណៈកម្មការ​មិន​ទាន់​អនុវត្ត។ ទោះជា យ៉ាងណាក៏ដោយ​បទល្មើស​គឺ​មិន​ថយចុះ​ជា​ស្ថាពរ​ទេ នៅពេលដែល​យើង​ដកឃ្លា​ចេញ​គឺ​បទល្មើស​កើតមាន​ដដែល ។​

នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា ឆ្លងតាម​ការប្រជុំដោយ​មើលឃើញ​ពី​ការកើតឡើង​បទល្មើស​នៅពេលដែល កម្លាំង​ដកចេញ​នោះ​យើង​នឹង​ចុះ​បន្ត​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ទាក់ទង​នឹង​ការបង្ក្រាប​បទល្មើស​នេសាទ​នេះ ហើយ​យើង​នឹង​បន្ត​វិធានការ​​ស៊ើបអង្កេត​ស្រាវជ្រាវ​ដើម្បី​រក​មេខ្លោង​ ឬ​ឈ្មួញ​ធំៗ​ដែល​នៅ​ពីក្រោយ និង​ចាប់បញ្ជូន​ជនល្មើស​ទៅកាន់​តុលាការ​អនុវត្តតាម​នី​តិ​វិធី​ច្បាប់ ។

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បន្ថែមថា សម្រាប់​ទិសដៅ​អនុវត្ត​បន្ត​គឺ ពង្រឹង​កិច្ចសហការ​ជាប់​ជា ប្រចាំ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍ អង្គការ ក្រៅ​រដ្ឋាភិបាល ជាពិសេស​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី​.​ខេត្ត ក្នុង​ការបន្ត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជល ផល​ឲ្យ​បាន​យ៉ាងសកម្ម និង​ជាប្រចាំ​។ បន្ថែម​ពីលើ​នេះ​គឺ​ជំរុញ និង​ពង្រឹងសមត្ថភាព​សហគម​ន៍​នេសាទ​ដើម្បី​ចូលរួម​ទទួល ខុសត្រូវ​ និង​ភាពជា​ម្ចាស់ការ​លើ​ការគ្រប់គ្រង​ធនធាន​ជលផល​ពិសេស​ក្នុង​កន្លែង​នេសាទ​សហគមន៍ រៀបចំ​វេទិកា​តុមូល ដើម្បី​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​ជលផល​ និង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​។

ចំណែក​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ជលផល ថ្លែងថា ក្រោយពី​រាជរដ្ឋាភិបាល​មាន​ចំណាត់ការ​បង្ក្រាប​បទល្មើស​នេសាទ គឺ​បានធ្វើ​ឲ្យ​ផល​ត្រី​បាន​កើនឡើង​ប្រមាណ​ជាង​៦% ក្នុងនោះ​ទិន្នផល​សរុប​កើន ​៨០៦​ពាន់​តោន ខណៈ​ទិន្នផល​ត្រី​ឆ្នាំ​២០១៦​មាន ៧៥១​ពាន់​តោន​។ ​នៅក្នុង​កិច្ចប្រជុំ​នោះដែរ​ សម្តេច​ក្រ​ឡា​ហោម ស ខេង​បាន ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​បន្ត​បើក​វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​មេក្លោង មេ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ ដើម្បី​ឲ្យ​បទល្មើស​ជលផល នេសាទ បន្ត​ធ្លាក់ចុះ​ទៀត​។​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114