ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ចុះ​MOUជាមួយ​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ ដើម្បី​លើកកម្ពស់ ​និង​អភិវឌ្ឍ​​ការអប់រំ​ផ្នែក STEM

ភ្នំពេញ ៖​ ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ (MoU) ដើម្បី​បន្ត​កិច្ចសហការ​លើកកម្ពស់ និង​អភិវឌ្ឍ​​​ការអប់រំ​ផ្នែក STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​កាលពីរ​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ ​នៅ​ទីស្តីការក្រសួង​ ដែល​ចុះហត្ថលេខា ​ដោយ​លោ​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ជាមួយ​តំណាង​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា។​

យោងតាម​គេហទំព័រ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ឲ្យ​ដឹងថា​ អនុស្សរណៈ​នៃ​ការយោគយល់​នេះ ផ្ដោតលើ​ការបង្កើន​ចំណាប់អារម្មណ៍​របស់​សិ​ស្សានុសិស្ស យុវជន យុវនារី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅលើ​ផ្នែក STEM និង​អាជីព​ដែល​ទាក់ទង​នឹង STEM ដើម្បី​អភិវឌ្ឍ​ន៍ ធនធានមនុស្ស ឲ្យ​សមស្រប​តាម​តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។​

លោក​ហង់​ជួនណា​រ៉ុ​ន ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន ​និង​កីឡា​ បាន​ជំរុញ​ឲ្យ​សិស្ស​និស្សិត​កម្ពុជា​ចាប់យក​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម​ និង​គណិតវិទ្យា​ ដែល​ហៅ​កាត់​ថា ស្តេ​ម (STEM)​ដោយសារ​មុខវិជ្ជា​នេះ​កំពុងតែ​ពេញនិយម​ និង​ទទួលបាន​ប្រាក់ចំណូល​លើ​ពី​មុខរបរ​ផ្សេងទៀត​ពិសេស​វា​ជួយ​បង្កើន​ផលទុន​សរុប​ក្នុងស្រុក​GDP​ផងដែរ​។​

បើតាម​លទ្ធផល​ស្រាវជ្រាវ​របស់​វិទ្យា​សា្ថ​ន​បណ្តុះបណ្តាល ​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI)​បាន​ឲ្យ​ដឹងថា​ នៅ​ឆ្នាំ​២០១៥​កម្ពុជា​ត្រូវការ​បណ្តុះបណ្តាល​វិស្វករ​និង​បច្ចេកទេស​ជាង​៨​ម៉ឺន​នាក់​ ដើម្បី​ឲ្យ​កម្ពុជា​ទទួលបាន​កំណើន​ផលទុន​សរុប​ក្នុងស្រុក​GDP​ចន្លោះ​ពី​៦​ទៅ​៨​ភាគរយ​នៅ​៥​ឆ្នាំ​ខាងមុខនេះ​។​

គួរបញ្ជាក់​ថា​ តាម​តួលេខ​ឆ្នាំ​២០១៤ របស់​ក្រសួង​អប់រំ បង្ហាញថា ក្នុងចំណោម​និស្សិត​សរុប​ចំនួន ២៥​ម៉ឺន​នាក់ មាន​និស្សិត​ប្រមាណ ៣​ភាគរយ​ប៉ុណ្ណោះ​ដែល​បានបញ្ចប់​ការសិក្សា​មុខជំនាញ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ ការ​អប់​រំ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​វិស្វកម្ម​និង​គណិតវិទ្យា​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ដោយ​ផ្តោតលើ​វិធានការ​ដោះស្រាយ​បញ្ហា​ជីវិត​រស់នៅ​ជាក់ស្តែង​និង​អភិវឌ្ឍន៍​នូវ​ផលិតផល​ និង​ផ្តល់​មធ្យោបាយ​ថ្មីៗ​ដែល​នឹង​ជួយ​សម្រួល ​និង​កែលម្អ​គុណភាព​ជីវិត​ប្រចាំថ្ងៃ​។​

លោក​រដ្ឋមន្ត្រី​ហង់​ជួនណា​រ៉ុ​ន​បាន​លើកឡើងថា​ តាម​លទ្ធផល​ស្រាវជ្រាវ​ការងារ​ពាក់ព័ន្ធ​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​វិស្វកម្ម​ និង​គណិតវិទ្យា​កំពុងតែ​ពេញនិយម​ និង​ទទួលបាន​ប្រាក់ចំណូល​លើ​ពី​មុខរបរ​ផ្សេងទៀត​។​ លើសពីនេះ​ទៀត​តម្រូវការ​អ្នកជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​វិស្វកម្ម​និង​គណិតវិទ្យា​កាន់តែ​កើនឡើង​ខ្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ ​

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​ ប្រទេស​កម្ពុជា​បាន​និង​កំពុង​ឆ្លងកាត់​សម័យកាល​សកលភាវូបនីយកម្ម​ និង​ការធ្វើសមាហរណកម្ម​ទៅក្នុង​សហគមន៍​អាស៊ាន ​ជា​កក្តា​ចាំបាច់​។ កម្ពុជា​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​ចេរភាព ​និង​សមភាព​។​ ប្រការនេះ​ទាមទារ​ឲ្យ​កម្ពុ​ជាមាន​សមត្ថភាព​ក្នុងការ​ទទួលបាន​ និង​ប្រើប្រាស់​ចំណេះដឹង​ និង​នវានុវត្តន៍ ​ដែល​ផ្អែកលើ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​។​ ព្រោះថា​វិទ្យាសាស្ត្រ​បានផ្តល់​ឲ្យ​យើង​ផ្តល់​លទ្ធភាព​បង្កើត​នូវ​ឧបករណ៍​ថ្មីៗ​បាន​ច្រើន​សម្រាប់បម្រើ​ដល់​ការរស់រាន ​និង​ការវិវឌ្ឍ​ន៍​របស់​មនុស្ស​ព្រមទាំង​បង្កើត​នូវ​កាលានុវត្តភាព​ និង​វេទិកា​ថ្មី​សម្រាប់​បច្ចេកវិទ្យា​ថ្មីៗ​ និង​កាន់តែ​ជឿនលឿន​ជាង​មុន​។​

លោក​ហង់​ជួនណា​រ៉ុ​ន​បាន​បញ្ជាក់ថា​«​ហេតុ​ដូចនេះហើយ​ទើបបានជា​កម្ពុជា​ត្រូវការ​បណ្តុះបណ្តាល​អ្នកជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​វិស្វកម្ម​ និង​គណិតវិទ្យា​ជាច្រើន​បន្ថែមទៀត​»



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684