ព័ត៍មានទាន់​ហេតុការណ៏
Search

បទល្មើស​នេសាទ​នៅ​ចំណុច​វាលភក់​ស្រុក​កំពង់លែង នៅតែ​កើតមាន ព្រោះតែ​មន្ត្រី សង្កាត់​ជលផល មិន​យកចិត្តទុកដាក់​ឃ្លាំមើល ជាប្រចាំ

កំពង់ឆ្នាំង​ ៖ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៧ បាន​ទទួលស្គាល់ថា​ ៖ បទល្មើស​នេសាទ​នៅក្នុង​ខេត្តកំពង់ឆ្នាំង នៅតែ​កើតមាន​មែន ច្រើនជាងគេ​នៅ​ចំណុច​វាលភក់ ក្នុងស្រុក​កំពង់លែង។

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ ៖ បទល្មើស​នេសាទ​ពិតជា​បង្ក្រាប​មិន​អស់​មែន ​តែ​វា​បាន​ថយចុះ ព្រោះ​ពេល​យើង​ចុះបង្ក្រាប​ហើយ​ត្រឡប់មកវិញ​គេ​លួច​ដាក់​ថែម កត្តា​ទាំងនេះ​ក៏​បណ្តាលមកពី​មន្ត្រីសង្កាត់​ជលផល​របស់​យើង មិនបាន​យកចិត្តទុកដាក់ ហើយ​កើត​ច្រើនជាងគេ​គឺ​តំបន់​វាលភក់ ស្រុក​កំពង់លែង​តែម្តង។​ សព្វថ្ងៃនេះ​មន្ត្រី​ជំនាញ​ជលផល​យើង​ប្រឹងប្រែង​បង្ក្រាប​ណាស់ ​សូម​សរសើរ​ និង​លើកទឹកចិត្ត​គាត់ តែ​ពេល​បង្ក្រាប ហើយ​មិនបាន​ត្រួត​ពិនិត្យមើល​ជាប្រចាំ​នោះទេ ពិសេស​មន្ត្រីសង្កាត់​ជលផល ​ដែល​នៅ​ជិត មិន​ព្រម​ឃ្លាំមើល​ជាប្រចាំ ធ្វើឲ្យបទល្មើស​មក​លួច​ដាក់​របាំង​វែងៗ​បន្តទៀត។ ដូច្នេះ​ទាំង​មន្ត្រី​ខ​ណ្ឌ​ជលផល ទាំង​រូបគាត់​ជា​ប្រធាន​មន្ទីរ មិន​បានដឹង​ច្បាស់លាស់​ ចេះតែ​រាយការណ៍​ភរ​តៗ​គ្នា​ទៅ​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ក៏​បានឲ្យដឹង​ដែរ​ថា​៖ សម្តេច​ក្រ​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង លោកវ៉េង សុខុន រដ្ឋមន្ត្រីក្រសួង​ក​សិកម្មរុក្ខា​ប្រ​មាញ់​និង​នេសាទ ក្នុង​សប្តាហ៍​កន្លងទៅនេះ បាន​ជិះយន្តហោះ​មើល​ពីលើ ឃើញ​បទល្មើស នេ​សាទ​នៅក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ នៅ​សេសសល់​ច្រើនជាងគេ​។ ក្រោយពី​ពិ​និត្យ​ពីលើ​អាកាស​រួចមក កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៧ នេះ ​ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​៦​ ជុំវិញ​បឹង​ទន្លេសាប ត្រូវបាន​សម្តេច​ក្រ​ហោម កោះប្រជុំ ដើម្បី​ទទួល​ផែនការ។ សម្រាប់​ខេត្តកំពង់ឆ្នាំង​ បន្ទាប់ពី​ទទួល​ផែនការ​ហើយ នឹង​ចាប់ផ្តើម​បើក​យុ​ទ្ឋ​នា​ការបង្ក្រាប​នៅ​ថ្ងៃទី​៣០ ខែមករា​នេះ តែ​នៅតាម​ស្រុក​ខ្លះ​ក៏ចាប់ផ្តើម​បង្ក្រាប​ថ្ងៃទី​២៩ ខែមករា​នេះ​ទៅហើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684