ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់​ ខឹង​ប្រពន្ធ​មាន​សហាយ​ វាយដំរួច​គំរាម​ដុតបន្ទប់​ជួលចោល ​ផ្អើលអស់​អ្នកភូមិ

ភ្នំពេញ ​៖​ កម្មករ​លីសែង​ត្រី​ម្នាក់ ​បាន​តាម​ទាន់​ប្រពន្ធ​ណាត់​​​សហាយ​ញឹក​ញាប់​ពេក​ទ្រាំ​មិន​​បាន ​​​វាយដំ​ប្រពន្ធ​ ហើយ​គំរាម​ដុត​បន្ទប់​ជួល​ ត្រូវ​​​ប្រជា​ការពារ​ភូមិ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ​ បាន​កើត​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៣០​ ខែ​មករា ​ឆ្នាំ​២០១៧​ នៅ​ចំណុច​បន្ទប់​ជួល​ក្រុម​ទី​១​ ភូមិ​ទី​២​ សង្កាត់​ច្រាំង​ចំរេះ​ទី​១​ ខណ្ឌ​ឫស្សីកែវ។

បុរស​ ដែល​​​ប្រចណ្ឌ​ប្រពន្ធ​នោះ​មានឈ្មោះ​ឃីម​ នី ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មាន​មុខរបរ​កម្មករ​លីសែង​ត្រី​ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ខ្យង ​ឃុំ​អង្គ​ភ្នំ​តូច ​ស្រុក​អង្គ​ជ័យ​ ខេត្ត​កំពត ​ប្រពន្ធ​ឈ្មោះ​សុភា​រី​អាយុ​៣៨ ​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ជា​ស្ត្រី​មេម៉ាយ(​ប្ដី​លែង)។ អ្នក​ទាំង​២​នាក់​ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ។

ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថា ​រូបគេ​និង​ប្ដី​នោះ ​មិនបាន​រៀបការ​ត្រឹមត្រូវ​នោះ​ទេ​ ដោយ​ស្រឡាញ់​រួម​រស់នៅ​ជាមួយគ្នា​រយៈពេល​៧​ខែ​មក​ហើយ ​ក្រោយ​ពី​ជួប​គ្នា​តាមរយៈ​មិត្តភក្ដិ​ដើរលេង​ជាមួយគ្នា។ ​​​ប្តី​ប្រពន្ធ​ខាង​លើ​នេះ​តាំងពី​ចាប់ដៃ​រួមរស់​ជា​ប្ដី​ប្រពន្ធ​មក​ឧស្សាហ៍​ឈ្លោះប្រកែក​គ្នា​​ណាស់ ​ដោយ​ស្ត្រី​ជា​ប្រពន្ធ​មិនសូវ​ស្មោះត្រង់​នឹង​គ្នា​ ចេះតែ​មាន​ប្រុស​លួចលាក់​ ​ហើយ​កន្លងមក​បុរស​ជា​ប្ដី​ធ្លាប់​បាន​ទាន់​២​ទៅ​៣​លើក​មក​ហើយ ​ទើប​ធ្វើឲ្យ​បុរស​ជា​ប្តី​មាន​ភាព​មួម៉ៅ ​និង​ប្រចណ្ឌ​វាយ​ឈ្លោះប្រកែក​បែបនេះ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ​ មុន​ពេល​ហូបបាយ​ថ្ងៃត្រង់​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រើ​ប្ដី​ឲ្យ​ទៅ​ទិញ​ទឹកកក​មក​ហូប ​តែ​ប្ដី​មិន​ព្រម​ទៅ​ធ្វើឲ្យ​មានការ​ឈ្មោះ​ប្រកែក​គ្នា​តឹង​មាត់​តឹង​ក ដោយ​បុរស​ជា​ប្ដី​បាន​និយាយ​ថា ​យប់មិញ​ពី​ណា​គេ​មក​គោះទ្វារ​បន្ទប់​ជួល​ នៅពេល​កំពុង​ដេក​ពេល​ឮ​បែបនេះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ខឹង​ប្តី​យ៉ាងខ្លាំង​ក៏មាន​ការ​ឈ្លោះប្រកែក​គ្នា​ខ្លាំងៗ។ ពេល​នោះ​បុរស​ជា​ប្តី​ស្ទុះ​ទៅ​វាយ​មួយ​ដៃ​មួយ​ជើង ​រួច​បាន​រត់​ទៅយក​សាំង​កន្លះ​លីត្រ​ ដែ​លលក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​ដើម្បី​គំរាម​រក​ដុត​បន្ទប់​ជួល​ តែ​ភ្លាមៗ​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ទៅ​កម្លាំង​ប្រជា​ការពារ​ភូមិ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​១​ធ្វើការ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114