ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​ភ្នំពេញ​ក្រោ​ន និង​គ្រូ Home United បង្ហាញ​ទស្សនៈ​ម្យ៉ាង​ម្នាក់​ ក្រោយ​ប្រកួត​ចប់​ជើង​ទី​១​ក្នុង​វគ្គ​ជម្រុះ AFC Cup 2017

ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន របស់​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម Home United របស់​សិង្ហ​បុរី ដោយ​លទ្ធផល ៣​ទល់​៤ លើ​ទីលាន​កីឡាដ្ឋាន RSN Stadium របស់ខ្លួន​នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​៣០​ ខែមករា ឆ្នាំ​២០១៧ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2017 ជើង​ទី​១ ខណៈ​ក្រុម​ទាំង​២​នឹងត្រូវ​ប្រកួត​ជើង​ទី​២​នៅ​ចុង​សប្ដាហ៍​នេះ​។​

ក្រោយ​ចប់​ការប្រកួត​ជើង​ទី​១ គ្រូបង្វឹក​ទាំង​២​បានបង្ហាញ​ទស្សនៈ​រៀងៗ​ខ្លួន​ជុំវិញ​ការប្រកួត​ជើង​ទី​១​នេះ​។ ចំពោះ​លោក សែម សំណាង (Sam Schweingruber) បាន​លើកឡើងថា​៖ «​សម្រាប់​ការប្រកួត​នេះ ​មាន​ចំណុច​ច្រើន​ ដែល​យើង​បានធ្វើ​ល្អ តាម​អ្វីដែល​បាន​រៀប​ចាំ ជាពិសេស​ចាប់ផ្ដើម​ពី​៣០ នាទី​ដំបូង យើង​លេង​បានល្អ បើសិនជា​យើង​សំណាង​តែ​បន្តិច​យើង​ប្រហែលជា​នាំមុខ ១ ទល់ ០​។ ប៉ុន្តែ​អ្វីខ្លះ​ដែល​យើង​បង្ហាញ អ្វីខ្លះ​ដែល​យើង​ធ្វើឲ្យ​យើង​មានសង្ឃឹម សម្រាប់​ការប្រកួត​ជើង​ទី​២»​។ លោក​រំពឹងថា​ នឹង​រៀបចំ​កូនក្រុម​ឲ្យ​កាន់តែ​ប្រសើរ​ដើម្បី​វាយបក​យកជ័យ​ជម្នះ​វិញ​នៅ​ជើង​ទី​២​។

ចំណែក​លោក​Aidil Sharin Bin Sahak គ្រូបង្វឹក​របស់​ក្រុម Home United ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា​៖ «​ខ្ញុំ​គិតថា​ពួកគេ​គឺជា​ក្រុម​ដែល​ក្មេង​ខ្ចី និង​ពិតជា​រួចរាល់​សម្រាប់​ការប្រកួត ដូចដែល​បានដឹង​ហើយ​ពួកគាត់​ក្មេង​មែន ​ប៉ុន្តែ​ពួកគេ​ចង់​លេង ចង់​អភិវឌ្ឍន៍​ខ្លួន ជារួម​មក​យើង​ឃើញថា​ពួកគេ​លេង​បាល់​លឿន និង​ពិតជា​រួចរាល់​សម្រាប់​ការប្រកួត​។ សម្រាប់​ជើង​ទី​២ យើង​នឹង​ខិតខំ​រក​គ្រាប់​បាល់​បន្ថែម​ហើយ​ធ្វើយ៉ាងណា​ទប់​មិនឲ្យ​ភ្នំពេញ​ក្រោ​ន រក​​គ្រាប់​បាល់​បាន​»​។​

សម្រាប់​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017 វិញ ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប​ក្រុម Home United របស់​ប្រទេស​សិង្ហ​បុរី ដោយ​ជើង​ទី​១ ប្រកួត​នៅ​កីឡាដ្ឋាន RSN Stadium ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែមករា ឆ្នាំ​២០១៧ ហើយ​ជើង​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយ​ប្តូរ​ទៅលេង​នៅ​សិង្ហ​បុរី វិញ​ម្ដង​។ ក្រុម​ដែល​ឈ្នះ​ទាំង​២​ជើង​នេះ​នឹង​ទទួល​កៅអី​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល​ដោយ​ស្វ័យប្រវត្តិ ពោលគឺ​ក្នុង​ពូ​ល H ជាមួយ​ក្រុម Yadanaborn FC Yangon United ក្លិប Than Quang Ninh FC របស់​វៀតណាម និង​ក្រុម Lenexang United របស់​ឡាវ​។​

សូម​រំលឹកថា​គ្រាប់​បាល់​ទាំង​៣​គ្រាប់​របស់​ភ្នំពេញ​ក្រោ​ន រកបាន​ដោយ​កីឡាករ Nakamura Futa ជនជាតិ​ជប៉ុន​នៅ​នាទី​៤៥ ហើយ​កីឡាករ កែវ សុខ​ង៉​ន រកបាន​គ្រាប់​ទី​២​នៅ​នាទី​៨៤ និង​កីឡាករ Booysen Shane រកបាន​គ្រាប់​បាល់​ទី​៣​នៅ​នាទី​៩០​។ ចំណែក​៤​គ្រាប់​របស់​ក្រុម​ភ្ញៀ​វ Home Unted រកបាន​ដោយ​កីឡាករ​Muhammad Faris bin Ramli នៅ​នាទី​៣៥ និង​៣៦ ខណៈ​កីឡាករ​Stipe Plazibat រក​គ្រាប់​ទី​៣ នៅ​នាទី​៧០ និង​គ្រាប់​បាល់​ទី​៤​រកបាន​ដោយ​កីឡាករ Izzdin Shafiq នៅ​នាទី​៨៦៕

   

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684