ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​ប្រដា​ល់ បើក​ជំរំប្រមូលផ្តុំ​ថ្នាល​សម្រាប់​ឆ្នាំ​២០២៣

សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បានធ្វើការ​ប្រមូលផ្តុំ​កីឡាករ​ថ្នាល​ចំនួន​១២​នាក់ ហ្វឹកហាត់​នៅក្នុង​មជ្ឈមណ្ឌល​កីឡាប្រដាល់​យុវជន​ជំនាន់​ថ្មី ដែល​ស្ថិតនៅ​ភូមិ​កុមា​រអា​រុណ​រះ នា​ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​ទើបនឹង​កសាង​រួច​នោះ ។

​កីឡាករ​ថ្នាល​ទាំង​១២​រូបនេះ មាន​អាយុ​ចាប់ពី​១២​ទៅ ​ក្រោម​១៧​ឆ្នាំ ដែល​ពួកគេ​បានទទួល​របប​អាហារ​ពី​ក្រសួង​អប់រំ យុវជន និង កីឡា ។ ពួកគេ​ហ្វឹកហាត់​ផ្ទាល់​ពី​លោក ​អាត សំរិត និង លោក​ឡុង ស៊ី​លីន ដែលជា​គ្រូ​ជំនួយ ។ ពួកគេ​ជា​អ្នក​ប្រដាល់​ដែល​ត្រៀម​សម្រាប់​ឆ្នាំ​២០២៣ ដែលជា​ឆ្នាំ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(SEA Game)​លើក​ទី​៣២ ហើយពួកគេ នឹង​ទទួល​ការ​ស្នាក់នៅ ហូបចុក និង សិក្សា​នៅទីនេះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​មានប្រសាសន៍ថា​នេះ​ជា​មោទនភាព​ណាស់ ដែល​ពេលនេះ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា មាន​អគារ​ហ្វឹកហាត់​ផ្ទាល់ខ្លួន ដើម្បី​ងាយស្រួល​បណ្ដុះបណ្ដាល​អ្នក​ប្រដាល់​វ័យក្មេង ។ លោក​បន្តថា ទីនេះ​មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​កីឡាប្រដាល់​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​បណ្ដុះបណ្ដាល​កីឡា​អាជីព​ផងដែរ ។

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា មានប្រសាសន៍ថា នេះ​ជាការ​ត្រៀមខ្លួន​ដ៏​ល្អ​មួយ​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា សម្រាប់​ឆ្នាំ​២០២៣ ។ លោក​បន្តថា អគ្គនាយកដ្ឋាន​កីឡា ក៏ដូចជា​ក្រសួង​អប់រំ​យុវជន និង កីឡា គាំទ្រ​ទាំង​ធនធាន និង ថវិកា​ចំពោះ​សកម្មភាព​បែបនេះ ។
​សូ​បញ្ជាក់ថា មជ្ឈមណ្ឌល​កីឡាប្រដាល់​យុវជន​ជំនាន់​ថ្មី ដែលជា​សមិទ្ធផល​ថ្មី​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​បើកទ្វារ​ប្រមូលផ្តុំ​កីឡាករ​ថ្នាល​ចូល​ហ្វឹកហាត់​នេះ កាលពី​ថ្ងៃទី​៣០​ មករា​ ឆ្នាំ​២០១៧ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា លោក​ ប៉ុន សុខប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា រួមជាមួយ​លោក​ យី សុខសាន្ដ​ ដែលជា​តំណាង​ភូមិ​កុមា​រអា​រុណ​រះ​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114