ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ក្រសួងការពារជាតិ ចុះ​MOU ជាមួយ​ក្រុមហ៊ុន​កីឡា​របស់​សិង្ហ​បុរី រៀបចំ​ពានរង្វាន់ ACC

ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ សមាជិក​នៃ​លី​កកំពូល​កម្ពុជា បាន សម្រេច ចុះ អនុស្សរណៈ​យោគយល់​គ្នា (MOU) ជាមួយ​ក្រុមហ៊ុន​កីឡា Rhino Sport SG របស់​ប្រទេស​សិង្ហ​បុរី ក្នុង​ការ​រៀបចំ​ពានរង្វាន់ Asia Club Pre-Season Championship (ACC) មាន​រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា​រហូតដល់​ឆ្នាំ ២០២០ ខាងមុខ​។

លោក ខូវ ឆាយ អ្នកចាត់ការ​ទូទៅ​ក្លឹប​ក្រសួងការពារជាតិ បាន​លើក​ឡើង​ថា «​ការប្រកួត​បាល់ទាត់​នេះ អាច​នឹង​បង្កើន​ចំណង​សាមគ្គីភាព​រវាង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ហើយក៏​អាច​ផ្លាស់ប្ដូរ​បទពិសោធន៍ បច្ចេកទេស និង​ចំណេះដឹង​ក្នុង​វិស័យ​បាល់ទាត់ និង ចែករំលែក​ជូនទៅ​ដល់​ក្លិប​នៅក្នុង​ស្រុក​យើង​ដែល​ជា​ក្លិប​បាន​ចូលរួម​ពានរង្វាន់​នេះ​»​។

លោក​បន្ត​ថា សម្រាប់​ឆ្នាំនេះ​ ដែល​ជា​ឆ្នាំ​ដំបូង ​គឺមាន​ក្រុម​ចំនួន ៤ ចូលរួម​ប៉ុណ្ណោះ តែបើ​តាម​ផែនការ​ចាប់ពី​ឆ្នាំក្រោយៗ​ទៅ​គឺ​អាច​នឹង​មាន​ចំនួន​ក្រុម​កើនឡើង ដែល​អាច​ឡើង​ពី ១០ រហូតដល់ ១២ ក្រុម និង​សុទ្ធសឹងតែ​ជា​ក្រុម​ដែល​មកពី​តាម​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​នេះ​ផ្ទាល់​តែម្ដង ដោយ​អាច​ក្នុង​មួយ​ប្រទេស​មាន ១ ក្រុម​ទៅ ២ ក្រុម ចូលរួម​ប្រកួត​។

​ចំណែក​លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្ដីទី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏បាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​កិច្ចសហការ​រវាង​ភាគី​ទាំងពីរ​ខាងលើ​ផង​ដែរ ក្នុង​ឱកាសលោក​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ខាងលើ ។

លោក​បន្ដ​ថា កិច្ចសហការ​នេះដែរ គឺជា​ផ្នែក​មួយ​ដ៏​ល្អ ដែល​ជំរុញ​វិស័យ​បាល់ទាត់​កម្ពុជា​ឲ្យ​កាន់​តែមាន​សកម្មភាព​ផុសផុល និង​រីកចម្រើន​បន្ថែមទៀត​។

គួរ​បញ្ជាក់​ថា ការ​ចុះ MOU នេះ បាន​ធ្វើឡើង​ស្រប​ពេល​ក្លឹប​ក្រសួងការពារជាតិ ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ Asia Club Pre-Season Championship 2017 លើក​ទី​១ ចាប់ពី​ថ្ងៃទី​០១-០៥ ខែកុម្ភៈ ខាងមុខនេះ នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន ៤​ក្រុម​ចូលរួម គឺ​មាន​ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ​, ព្រះខ័ន​រាជ​ស្វាយរៀង​, ក្រុម Warriors មកពី​លី​ក​កំពូល​របស់​សិង្ហ​បុរី និង​ក្រុម Air Asia Allstars មកពី​ប្រទេស​ម៉ាឡេស៊ី​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114