ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់ Asia Club Pre-Season Championship 2017 ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ពុធ​នេះ​តទៅ​ហើយ​

ពានរង្វាន់​កម្រិត​អន្តរជាតិ​ជាតិ​មួយ​ ដែល​ដាក់​ឈ្មោះ​ថា Asia Club Pre-Season Championship 2017 ដោយមាន​ក្រុម​ចំនួន​៤ ត្រូវ​ចាប់ផ្ដើម​ប្រកួត​ចាប់ពី​ថ្ងៃ​ពុធ នេះ​តទៅ ហើយដោយ​មាន​២​គូ នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។

ពានរង្វាន់​នេះ ​រៀបចំ​ចាប់ពី​ថ្ងៃ​ពុធ ទី​១ នេះ​ដល់​ថ្ងៃ​ទី៥​ ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងមុខ​ដោយ​ប្រកួត​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ក្រុម​ចូលរួម​ទាំង​៤​មាន ក្លិប​របស់​កម្ពុជា ចំនួន​២​ក្លិប​គឺ ក្រសួងការពារជាតិ និង​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​២​ក្លិប​ទៀត​ជា​ក្រុម​បរទេស​មានដូចជា Warriors FC របស់​សិង្ហ​បុរី និង​ក្រុម​ពាក់កណ្ដាល​អាជីព Petaling Jaya Rangers FC ទើប​ប្តូរ​ឈ្មោះ​មកពី​ក្រុម Air Asia All Stars ក្នុង​លីក​លំដាប់​ទី​៣ របស់​ម៉ាឡេស៊ី​។ ក្រុម​ទាំងអស់​ត្រូវ​ប្រកួត​វិលជុំ មុន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​ជើងឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​១២០០០​ដុល្លារ​ផងដែរ​។

យោង​តាម​គម្រោង​ប្រកួត​នៅ​ថ្ងៃ​ពុធ ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជាមួយ​ក្រុម​Petaling Jaya Rangers FC វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ជាតិ ហើយ​នៅ​វេលា​ម៉ោង​៧​យប់​ក្រុម​ក្រសួងការពារជាតិ ត្រូវ​ប្រកួត​ជាមួយ​ក្រុម Warriors FC លើ​ទីលាន​ជាមួយគ្នា​។ ចំណែក​ប្រកួត​បន្ទាប់​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​២ ខែកុម្ភៈ វិញ​វេលា​ម៉ោង​៤​រសៀល លើ​ទីលាន​ជាមួយគ្នា​ក្រុម​Warrior FC ត្រូវ​ប៉ះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ហើយ​នៅ​ម៉ោង​៧​យប់​ក្រុម​ក្រសួងការពារជាតិ ជួប​ក្រុម​Petaling Jaya Rangers FC វិញ​ម្ដង​។ ចំណែក​នៅ​ថ្ងៃទី​៤​ខែកុម្ភៈ វិញ​ក្រុម​Petaling Jaya Rangers FC ត្រូវ​ប្រកួត​ជាមួយ​ក្រុម Warroirs នៅវេលា​ម៉ោង​៤​រសៀល ហើយ​នៅ​ម៉ោង​៧​យប់​ក្រុម​ក្រសួងការពារជាតិ ប៉ះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង។

ចប់​ការប្រកួត​វិលជុំ​នេះ​ ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ឈរ​ចំណាត់ថ្នាក់​លេខ​១ និង​រាប់​បន្តបន្ទាប់​រហូតដល់​លេខ​៤​។ នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ វិញ​ដែល​ជា​ថ្ងៃ​ចុងក្រោយ ក្រុម​ចំណាត់ថ្នាក់​លេខ​៣​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ ដើម្បី​ដណ្តើម​តំណែង​លេខ​៣ នៅ​វេលា​ម៉ោង​៤​រសៀល ខណៈ​នៅ​ម៉ោង​៧​យប់​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ រវាង​ក្រុម​លេខ​១​និង​លេខ​២ ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​សម្រាប់​ឆ្នាំ​ដំបូង​នេះ​។

​ក្លិប​ជា​សមាជិក​នៃ​ពានរង្វាន់​នេះ​ បាន​យក​ការប្រកួតប្រជែង​ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​រដូវ​កាល​ថ្មី​រៀង​ៗ​ខ្លួន ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ គឺ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​រដូវ​កាល​២០១៧ ដែល​នឹង​ចាប់ផ្ដើម​ខាងមុខ​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114