ព័ត៍មានទាន់​ហេតុការណ៏
Search

AFC Cup ៖ បឹង​កេត​អង្គរ ស្មើគ្នា​ជាមួយ​ក្រុម Lao Toyota FC របស់​ឡាវ ទោះបី​បាត់បង់​កម្លាំង​សំខាន់​២​នាក់​ក៏ដោយ

ក្រុម​បឹង​កេត​អង្គរ របស់​កម្ពុជា បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម Lao Toyota FC របស់​ប្រទេស​ឡាវ ដោយ​លទ្ធផល ១​ទល់​១ ក្នុង​ប្រកួត​ជម្រុះ​ជើង​ទី​១​នៃ​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2017 នា​ល្ងាច​ថ្ងៃ​អង្គារ ទី​៣១ ខែមករា ឆ្នាំ​២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។

ការប្រកួត​បាន​ត្រឹម​១៧ នាទី​កីឡាករ ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី របស់​បឹងកេត​អង្គរ បា​នរក​គ្រាប់​បាល់​នាំមុខ​ក្រុម​ភ្ញៀវ​មុន ប៉ុន្តែ​នៅ​នាទី​ទី​២៣​កីឡាករ​Vongsengdeuan របស់ Lao Toyota FC បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​។ នៅ​ក្នុង​តង់​ទី​១ ដូច​គ្នា​នេះដែរ​កីឡាករ​២​នាក់​របស់​បឹងកេត​អង្គរ ត្រូវ​លោក​អាជ្ញាកណ្ដាល Faizullin Timur ជនជាតិ​តា​ហ្សី​គី​ស្ថាន បាន​ពិន័យ​កាត់​ក្រហម​ដល់​អ្នកចាំទី ស៊ូ យ៉ា​ទី របស់​បឹងកេត​អង្គរ ដែល​ប៉ះ​ជាមួយ​កីឡាករ​របស់ Lao Toyota FC នៅក្រៅ​តំបន់​គ្រោះថ្នាក់ ហើយ​បន្ត​ពិន័យ​កាត​លឿង​២​ដង (​ស្មើ​កាត់​ក្រហម​១) សល់​កីឡាករ ស៊ុន សុវណ្ណ​រិទ្ធី ដែលជា​ខ្សែបម្រើ​កណ្ដាល​របស់​បឹងកេត​អង្គរ​។ យ៉ាងណាក្តី​ចប់​ការប្រកួត​ទៅ​ក្រុម​ទាំង​២​បាន​ត្រឹម​ស្មើគ្នា ១​ទល់​១ ក្នុង​ជើង​ទី​១​នេះ​។

សូម​រំលឹក​ថា ​ក្រុម​បឹងកេត​អង្គរ ក្នុងនាម​ជា​ជើងឯក​លីក​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៦ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី កំណត់​ឲ្យ​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ ដើម្បី​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូ​ល​នៃ​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីប AFC Cup 2017​។ ការ​ជម្រុះ​នេះ​បឹងកេត​អង្គរ ត្រូវ​ជួប​ក្រុម Lao Toyota FC ដែល​ជា​ជើងឯក​រង​របស់​លីក​កំពូល​ឡាវ ចំនួន​២​ជើង​គឺ​ជើង​ទី​១ នៅ​ថ្ងៃទី​៣១ ខែមករា លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ នៅ​រាជធានី​ភ្នំពេញ និង​ជើង​ទី​២ នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ត្រូវ​ប្តូរ​ទៅ​រៀបចំ​វិញ នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍ មុន​សម្រេច​រក​អ្នកឈ្នះ​ឡើង​ទៅ​វគ្គ​ចែក​ពូ​ល F ជាមួយ​ក្រុម Johor Darul Ta’zim របស់​ម៉ាឡេស៊ី ក្លិប Magwe របស់​មី​យ៉ាន់​ម៉ា និង​ក្លិប Global របស់​ហ្វីលីពីន​។ នេះ​ជាការ​ប្រកួត​មុន​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ថ្មី​មកដល់​ក៏ដូចជា​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន មកដល់​។

ក្រុម​ទាំង​២​ធ្លាប់​ជួប​គ្នា​ម្ដង ​ហើយ​កាលពី​ឆ្នាំ​២០១៥ កន្លងទៅ​ក្នុង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់ Toyota Mekong Club Championship 2015 ខណៈ​កាលនោះ​រៀបចំឡើង​នៅ​កីឡដ្ឋាន Chao Anuvong ក្នុងប្រទេស​ឡាវ ដែល​បឹង​កេត​អង្គរ បាន​យកឈ្នះ Lao Toyota FC ដោយ​លទ្ធផល ២​ទល់​០ ដោយ​ថ្វី​ជើង​កីឡាករ ចាន់ វឌ្ឍនាកា ទាំង​២​គ្រាប់​នៅ​គ្រានោះ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114